គណបក្ស​សង្គ្រោះ​ជាតិ​​ប្តេជ្ញា​ការពា​រ​លោក​កឹម សុខា​ ទោះ​មាន​ការព្រមាន​​រំលាយ​បក្ស​​

ដោយ៖ គួន សំបូរ 12-09-2017 12:06 pm 5465
​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ស៊ុន ឆ័យ ក្នុងសន្និសីទ​សារព័ត៌មាន។

​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១២ កញ្ញា​នេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​លើកដំបូង​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​របស់​ខ្លួន​ស្តីពី​«​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​» ក្រោយ​ចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ គណបក្សប្រឆាំង បាន​អះអាង​ថា លោក កឹម សុខា ជា​មនុស្ស​ឥត​ទោស ដូច្នេះ​លោក​កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​គណបក្ស​សង្គ្រោះ​ជាតិ ប្តេជ្ញា​ការពា​រលោក​កឹម សុខា​រហូត​ដល់​ទីបញ្ចប់ ទោះបី​មាន​ការព្រមាន​រំលាយ​បក្ស​ពី​លោក​នាយករដ្ឋមន្ត្រី​ក្តី​។

​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស៊ុន ឆ័យ  បាន​ពន្យល់ថា បើ​យោង​តាម​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា លោក​កឹម សុខា នៅ​មិនទាន់​មាន​ទោស​នៅឡើយ ដូច្នេះ​លោក​កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។​បើ​តាម​លោក​ស៊ុន ឆ័យ មាត្រា​៣៨ បានចែង​ថា ជនជាប់ចោទ​ណាក៏ដោយ ត្រូវ​ទុក​ជា​មនុស្ស​ឥត​ទោស ដរាបណា​តុលាការ​មិន​ទាន់​កាត់ទោស​ជា​ស្ថាពរ​។​ជន​គ្រប់​រូប មាន​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​តុលាការ​។​

​លោក​ស៊ុន ឆ័យ បាន​គូសបញ្ជាក់ថា ការ​ចេញ​មុខ​ការពារ​លោក​កឹម សុខា​ពេលនេះ គឺ​ធ្វើឡើង​ដោយ​ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​។​ដូច្នេះ​លោក​យល់ថា ការសម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក៏​ត្រូវ​មើល​ច្បាប់​ដែរ​។​លោក​ស៊ុន ឆ័យ បាន​បន្ថែមទៀតថា គណបក្ស​សង្គ្រោះ​ជាតិ បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅពេល​បច្ចុប្បន្ន ដែល​លោក​យល់ថា​អាច​ប៉ះពាល់​ដល់​ជីវិត​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ប៉ុន្តែ​យ៉ាងណា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ នៅ​តែ​ប្រកាន់​ជំហរ​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ហើយ​សង្ឃឹមថា ស្ថានការណ៍​មុន​ការបោះឆ្នោត​នឹង​ល្អប្រសើ​។​

​ទាក់ទង​នឹង​ធ្វើ​បាតុកម្ម​វិញ លោក​ស៊ុន ឆ័យ បាន​ផ្ញើ​សារ​ដល់​រដ្ឋាភិបាល​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទា​ឱ្យមាន​ការដោះលែង​លោក​កឹម សុខា​ទេ​។​ប៉ុន្តែ​គណបក្ស​នឹង​ធ្វើ​ការតស៊ូ​តាមរយ​:​លទ្ធិប្រជាធិបតេយ្យ និង​ផ្លូវ​តុលាការ​។​ចំណែក​រាល់​ការនិយាយ​របស់​សម្ម​ជន​ឬ​មន្ត្រី មិន​អាច​យកជាការ​បាន​ឡើយ  លុះត្រា​លទ្ធផល​ចេញពី​សមាជ​គណបក្ស​ផ្ទាល់​។​

​សូមបញ្ជាក់​ថា លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​តុលាការ​ចោទប្រកាន់​ពីបទ «​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ហាម​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ការពា​រលោក កឹម សុខា បើ​មិន​ដូច្នេះ​ទេ គណបក្ស​អាច​ប្រឈម​នឹង​ការរំលាយចោល​៕

 

 


ព័ត៌មានផ្សេងទៀត