UN​ព្រមាន​ពី​​ការ​បោសសម្អាត​​ក្រុម​មូស្លីម​​រ៉ូ​ហ៊ីង​យ៉ា​​នៅ​​មីយ៉ាន់​ម៉ា​

ដោយ៖ ពេញ ផេង 12-09-2017 11:33 am 305
ក្រុមរ៉ូហ៊ីងយ៉ា​ប្រមាណ៣សែននាក់​បានភៀសខ្លួន​ទៅបង់ក្លាដែស

​ស្ថានភាព​នៅ​​មី​យ៉ាន់​ម៉ា​ពេលនេះ គឺជា​ឧទាហរណ៍​មួយ​នៃ​ការ​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​។​នេះ​ជា​ការលើកឡើង​របស់​ប្រធាន​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​។​ទីក្រុង​វ៉ាស៊ីនតោន​បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា ដែល​បាន​បង្ខំ​ឲ្យ​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៣​សែន​នាក់ ចាកចេញ​ទៅ​ប្រទេស​បង់​ក្លា​ដែស​។​

​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ការព្រមាន​របស់​អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ប្រកាស​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​១៣​កញ្ញា​នេះ ពិភាក្សា​ពី​អំពើហិង្សា និង​ការបន្ដ​ជម្លៀស​ខ្លួន​ទាំង​គំហុក​របស់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស​។​

​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ម្ចាស់​ពានរង្វាន់​ណូបែល​សន្ដិភាព​បាន​ប្រឈម​នឹង​ការរិះគន់​ពី​អន្ដរជាតិ ចំពោះ​ការបង្ក្រាប​របស់​កងទ័ព​ទៅលើ​ជនជាតិភាគតិច ដែល​បាន​ចាប់ផ្ដើម​នៅពេល​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​វាយឆ្មក់​កងកម្លាំង​សន្ដិសុខ​នៅ​រដ្ឋ​រ៉ាក់​ហ៊ីន​កាលពី​ថ្ងៃ​ទី​២៥​សីហា​។​កាលពី​ថ្ងៃ​១១​កញ្ញា​លោក​Zeid Ra'ad Al Hussein ប្រធាន​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ថា​បាន​វាយប្រហារ​ជា​ប្រព័ន្ធ​ទៅលើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ហើយ​បាន​ព្រមាន​ថា​ការ​បោសសម្អាត​ជនជាតិភាគតិច ហាក់​កំពុងតែ​ដំណើរការ​។​

​លោក​បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា ដោយសារ​តែ​មី​យ៉ាន់​ម៉ា​បដិសេធ​មិន​ឲ្យ​ក្រុម​ស៊ើបអង្កេត​ស្វែងរក​ការពិត ទើប​មិន​អាច​វាយតម្លៃ​បាន​ទាំងស្រុង​ពី​ស្ថានភាព​បច្ចុប្បន្ន​។​ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​ពេល​នេះ ដូច​ជា​ឧទាហរណ៍​មួយ​នៃ​ការ​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​អ៊ីចឹង​ដែរ​។​

​សូមជម្រាបថា ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ដែល​គ្មាន​ទីលំនៅ​ពិតប្រាកដ បាន​ប្រឈម​នឹង​ការ​បៀតបៀន ធ្វើ​ទុក​បុក​ម្នេញ​ជាច្រើន​ទសវត្ស​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​ពួកគេ​ត្រូវ​ចាត់ទុកថា​ជា​ជនអន្ដោប្រវេសន៍​ខុស​ច្បាប់​៕

ព័ត៌មានផ្សេងទៀត