កម្ពុជា​​នឹង​ទៅជា​​យ៉ាងណា ​បើ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ​?​

ដោយ៖ ខាត់ សុធី 11-09-2017 6:06 pm 7902

​វាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​សំដៅ​ទៅ​រក​ជ្រោះ​មរណៈ​នៃ​ការរំលាយចោល​មែនទែន​ហើយ​។​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​យ៉ាងច្បាស់​ថា បើ​អំពើ​ក្បត់ជាតិ របស់​លោក​កឹម សុខា ត្រូវបាន​រកឃើញ​ថា សមគំនិត ដោយ​ក្របខ័ណ្ឌ​គណបក្ស​ទាំងមូល គណបក្ស​នោះ​ក៏​នឹង​ត្រូវ​ទទួលរង នូវ​ការដាក់ពិន័យ​ខាង​ផ្នែក​ច្បាប់ គឺ​រំលាយ​គណបក្សនយោបាយ​ចោល​តែ​ម្ដង​។​លោក​បន្តថា បើ​អត់​មាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ ក៏​មិន​ប៉ះពាល់​ដល់​ដំណើរ​ការបោះឆ្នោត​ដែរ ពីព្រោះ​នៅ​មាន​គណបក្សនយោបាយ​ជាច្រើន​ទៀត ដែល​នឹង​ត្រូវ​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ​…..

សំឡេង​លោក​ហ៊ុន សែន​៖

​ករណី​លោក​កឹម សុខា​ពេលនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ករណី​ដ៏​ក្តៅគគុក​បំផុត​មួយ លើ​សង្វៀន​នយោបាយ​កម្ពុ​ជា​នៅ​រយៈកាល​ចុងក្រោយ​នេះ ខណៈ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦ នៅ​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​ផង​នោះ​។​គណក្សប្រឆាំង​ចាត់​ទុក​បញ្ហា​នេះ ជាការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល ដ៏​អាក្រក់​បំផុត​មួយ និង​ជា​ចេតនា​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ការបោះឆ្នោត​។​

​អនុប្រធាន​គណបក្ស​ប្រឆាំង គឺ​លោកស្រី​មូរ សុខ​ហួរ ធ្លាប់បាន​និយាយ​ថា ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​គ្រប់ពេលវេលា តែ​លោក​ស្រី​ចោទ​ជា​សំណួរ​វិញ​ថា បើ​រំលាយ​បក្សប្រឆាំង​ចោល តើ​អាច​រំលាយ​ការឈឺចាប់​របស់​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំងដ៏​ច្រើន​លើសលប់​បាន​ទេ​?

​លោក​ស្រី​និយាយថា ទោះបី​នៅ​ក្នុង​កាលៈទេសៈ​លំបាក​ក៏​ដោយ បើសិនជា​ប្រកួត​នៅក្នុង​ទីលាន​មួយ​ដែល​ធ្វើឲ្យ​ខាត​ដល់​ប្រទេស​ជាតិ គឺ​អ្នក​ដែល​យក​ឈ្នះ​ដើម្បី​ឈ្នះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​យល់ថា មិនមាន​អ្វី​ចំណេញ​ដល់​ជាតិ​នោះ​ទេ​។ លោកស្រី អះអាងថា អ្នក​ដែល​ចង់ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់បង់​សំឡេង​ក្នុង​ការប្រកួត អ្នកនោះ​ទេ​ជា​អ្នក​ខាត​។​

​សម្រាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ និង​សង្គម លោក​បណ្ឌិត​មាស នី បាន​សម្តែង​ការបារម្ភ​ជា​ខ្លាំង​ចំពោះ​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​នេះ​។​លោក​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​មែន នោះ​កម្ពុជា​នឹង​ដើរ​ថយក្រោយ​ទៅរក​ទសវត្សរ៍​ឆ្នាំ​១៩៨០ នោះ​គឺ​ជា​ការដឹកនាំ​តាម​បែប​កុំម្មុយនីស្ត ដែល​មាន​គណបក្ស​តែ​មួយ​ដូច​នៅ​ប្រទេស​វៀតណាម​ជា​ដើម​…..

សំឡេង​លោក​មាស នី​៖

​ប៉ុន្តែ​លោក​សុខ ឥសាន​មិន​យល់​ដូច្នេះ​ទេ​។​លោក​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​តម្រង់ទិស ឲ្យ​យើង​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​ពេលនេះ កម្ពុជា​មាន​គណបក្សនយោបាយ​ច្រើនណាស់​។​ដូច្នេះ វា​មិន​អាច​ដើរ​ទៅ​រក​ទសវត្សរ៍​ឆ្នាំ​១៩៨០​បានទេ បើ​ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ក៏ដោយ​….

​សំឡេង​លោក​សុខ ឥសាន​៖

​លោក​មាស នី បាន​បន្ថែមទៀតថា ស្ថានភាព​សព្វថ្ងៃ បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា​នៅតែ​បន្ត​បែកបាក់​ផ្ទៃក្នុង ដែល​នេះ​ជា​ចំណុច​ព្រួយបារម្ភ​សម្រាប់​កម្ពុជា ជា​ប្រទេស​ដ៏​តូច ហើយ​ក្រ​ជាង​គេ​បំផុត​នៅក្នុង​តំបន់​។​លោក​មាស នី ក៏​មើលឃើញ​ទៀតថា រដ្ឋាភិបាល​សព្វថ្ងៃ មិន​អើពើ​នឹង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ឡើយ​។​ប៉ុន្តែ​បើ​នៅ​តែ​បែប​នេះ ទៅ​ថ្ងៃមុខ ទណ្ឌកម្ម​សេដ្ឋកិច្ច អាច​ជា​ជម្រើស​ក្នុង​ការដាក់​គំនាប​មកលើ​កម្ពុជា​។​លោក​ថា ពេលនេះ កម្ពុជា​ត្រូវបាន​សហគមន៍​អន្តរជាតិ​សម្លឹងមើល​ឡើងវិញ ចំពោះ​ការដើ​ថយក្រោយ ទៅរក​សភាព​ដូច​ត​ស​វត្សរ៍​ឆ្នាំ​១៩៨០ ហើយ​បើ​អន្តរជាតិ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច នោះ​វា​ជា​រឿង​កែ​លែង​ឡើង សម្រាប់​ជោគវាសនា​កម្ពុជា ដ៏​គួរ​ឲ្យ​អាណិត​មួយនេះ​។​

​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ វា​ធ្វើឲ្យ​ពលរដ្ឋ​ដែល​ចង់​ផ្លាស់ប្តូរ លែង​ចង់​ចេញ​ទៅ​បោះឆ្នោត ឬ​អាច​សម្លឹង​រកមើល​គណ​បក្ស​ថ្មី ដែល​ខ្លួន​គិត​ថា​អាច​ជំនួស​គណបក្សប្រឆាំង​បាន​។​ប៉ុន្តែ​យ៉ាងណា លោក​មាស នី ថា​សំឡេង​នោះ​នឹង​បែក​ខ្ញែក ឯ​គណបក្ស​កាន់អំណាច នៅតែ​បន្ត​កាន់​អំណាច​ដដែល​។​ចំណុច​នេះ លោក​មាស នី ផ្តល់​អនុសាសន៍​ថា គណបក្ស​តូចៗ​គួរតែ​សហការ​គ្នា​។​លោក​ថា កន្លងមក​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ក្រ​អើត​ក្រ​ទម​ចំពោះ​គណបក្ស​តូចៗ ។​បើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គណបក្ស​តូចៗ ហើយ​សហការ​រួមគ្នា​ធ្វើពហិការ​បោះឆ្នោត ពេល​នោះ​កម្លាំ​នៃ​ចលនា​តស៊ូម​តិនឹង​ខ្លាំង ប៉ុន្តែ​លោក​ក៏​សោកស្តាយ​ដែរ​ព្រោះ គណបក្ស​តូចៗ​ខ្លះ​ក៏​ធ្វើ ដើម្បី​តែ​អំណាច​ដែរ​។​

​ការប្រជុំ​នៅ​រដ្ឋសភា​ថ្ងៃទី​១១ កញ្ញា ជា​ការប្រជុំ​បើកផ្លូវ​ឲ្យ​សមត្ថកិច្ច​បន្ត​នីតិវិធី​ករណី​លោក​កឹម សុខា ដែល​លោក​ហ៊ុន សែន​បញ្ជាក់ថា មិនមែន​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​ទេ​។​លោក​ហ៊ុន សែន​ថា ប្រសិនបើ​ចង់​ទប់ ឬ​ផ្អាក​ដំណើរការ​ក្តី​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យមាន​សំឡេង ៣/៤ ទើប​អាច​ទប់ ឬ​ផ្អាក​ដំណើរការ​ក្ដី​បាន​។​ប៉ុន្តែ​គណបក្ស​ប្រឆាំង មិន​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ទប់ ឬ​ផ្អាក​ដំណើរការ​ក្ដី​លើ​លោក​កឹម សុខា​បាន​ទេ​។​ទោះ​យ៉ាងណា​ក្ដី គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​ថ្កោលទោស និង​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា ជាបន្ទាន់ ព្រមទាំង​អះអាង​ថា លោក​កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។​

​លោក​ហ៊ុន សែន ព្រមាន​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រារាំង និង​ការពា​រលោក​កឹម សុខា បើ​ពុំ​ដូច្នោះ​ទេ​មានន័យ​ថា គណបក្ស​នោះ​ក៏​ក្បត់ជាតិ​ដែរ ដូច្នេះ​គ្មាន​ពេលវេលា​ដើម្បី​ទុក​ឲ្យ​គណបក្ស​នេះ​ដំណើរការ ក្នុង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តទៅ​ទៀត​ទេ​។​លោក​ថា កម្ពុជា​រំលាយ​បក្ស​នយោបាយ​មួយ នៅ​មាន​គណបក្ស​នយោបាយ​ច្រើន​ទៀត ដែល​នឹង​ចូលរួម​ការបោះឆ្នោត​។​

​តាម​ច្បាប់​ស្ដីពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺ​ក្រោយពេល​រំលាយ​គណបក្ស​ណាមួយ​ហើយ សមាជិក​គណបក្ស​ទាំងអស់​ដែល​មាន​តួនាទី​ជាប់​ដោយ​ការបោះឆ្នោត នឹង​ត្រូវអស់​តួនាទី​តាម​គណបក្ស​ដែល​ត្រូវ​គេ​រំលាយ​នោះដែរ​។ នេះ​បើ​តាម​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ មន្ត្រី​មកពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចាប់ពី​ថ្នាក់​តំណាងរាស្ត្រ​រហូតដល់​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត និង​ឃុំ​-​សង្កាត់ នឹងត្រូវ​បញ្ចប់​តំណែង ប្រសិនបើ​បក្សប្រឆាំង​ពិតជា​ត្រូវ​រំលាយ​ចោល​នោះ​៕


ព័ត៌មានផ្សេងទៀត