ដឹង​ទេ​​មហាអំណាច​​ខ្លាំង​បំផុត​ទាំង​២៣​​នៅ​លើ​ផែនដី​​មាន​ប្រទេស​​ណាខ្លះ​?

ដោយ៖ ពេញ ផេង 11-09-2017 3:12 pm 6646
រូបភាព​តំណាង​មហាអំណាច​ក្នុងលោក

​យើង​ធ្លាប់​ដឹង​ហើយ​ថា អាមេរិក​ជា​ប្រទេស​មហាអំណាច​លេខ​មួយ​នៅ​លើ​ផែនដី​។​ពិត​ណាស់​រហូតមកដល់​ពេលនេះ អាមេរិក​នៅ​តែ​រក្សា​ចំណាត់ថ្នាក់​ជា​មហាអំណាច​ខ្លាំង​បំផុត​លើ​លោក ទោះបីជា​មាន​ការធ្លាក់ចុះ​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​ក៏ដោយ​។​

​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​US News​និង​World Report បាន​បង្ហាញ​ពី​ប្រទេស​មហាអំណាច​ចំនួន​២៣​នៅ​លើ​ផែនដី​។​ប្រទេស​ទាំង​២៣​មានដូចជា​៖

២៣ ប្រទេស​កាតា ជា​មហាអំណាច​មួយ​ក្នុងចំណោម​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​។​

២២ ប្រទេស​អេ​ស្ប៉ា​ញ ក៏​ជា​ប្រទេស​មិន​អាច​មើល​រំលង​បាន​ដែរ​នៅ​អឺរ៉ុប​។​

២១ ប្រទេស​ហូ​ឡង់ ជា​ប្រទេស​ដែល​មាន​ទីស្នាក់ការ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​(ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​(ICC) នៅក្នុង​ទីក្រុង​ឡាអេ ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​លើ​ឆាក​អន្ដរជាតិ​។​

២០ ប្រទេស​ប៉ា​គី​ស្ថាន ដ្បិត​ថា​ស្ថានភាព​នយោបាយ​អស្ថិរភាព មាន​អំពើ​ពុករលួយ មាន​អំពើ​ភេរវកម្ម​កើតឡើង តែ​ប៉ា​គី​ស្ថាន​នៅ​តែ​ឈរ​ក្នុង​លំដាប់​ប្រទេស​មាន​អំណាច​មួយ​ដែរ​។​

១៩ ប្រទេស​ស៊ុយអែត បាន​ប្ដេជ្ញា​ក្នុងការ​អនុវត្ដ​បញ្ហា​សិទ្ធិមនុស្ស​ឲ្យមាន​និរ​ន្ដ​ភាព ធ្វើឲ្យ​សុខមាលភាព​ប្រជាជន​បាន​ល្អប្រសើរ ដូច្នេះ​ក៏​ទទួលបាន​ការគោរព​នៅ​លើ​ឆាក​អន្ដរជាតិ​។​

១៨ ប្រទេស​អ៊ីតាលី ទោះ​ប្រឈម​នឹង​នយោបាយ​ច្របូកច្របល់ ប៉ុន្ដែ​ប្រទេស​នេះ​ស្ថិតក្នុង​បញ្ជី​ឈ្មោះ ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បី​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូប​។​

១៧ ប្រទេស​អូស្ដ្រាលី ទោះបី​ស្ថិត​ក្នុង​លំដាប់​ទាប​ទាក់ទង​នឹង​អំណាច ក៏ដូចជា​ឥទ្ធិពល​នៅលើ​សកលលោក ប៉ុន្ដែ​អូស្ដ្រាលី​ជា​ប្រទេស​ទី​បួន​មានជីវិត​រស់នៅ​ល្អប្រសើរ​។​

១៦ ប្រទេស​ឥណ្ឌា ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​ក្នុង​លោក និង​ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​លោក​នា​ឆ្នាំ​២០១៦​។​

១៥ ប្រទេស​ស្វីស ជា​ប្រទេស​អឺរ៉ុប​តូច​មួយ​ត្រូវបាន​គេ​ដាក់ឈ្មោះថា ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​រស់នៅ​ក្នុង​ពិភពលោក​។​ស្វីស​ជា​ប្រទេស​អ្នក​មាន​ទី​១១​ដោយសារតែ​មាន​GDP​ខ្ពស់ និង​ទាក់ទាញ​បំផុត​សម្រាប់​មុខ​ជំនួញ​។​

១៤ ប្រទេស​អ៊ីរ៉ង់ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាអំណាច​ពិភពលោក ដោយសារតែ​មាន​ទីតាំង​យុទ្ធសាស្ដ្រ​ល្អ​នៅ​មជ្ឈិមបូព៌ា និង​ការផ្គត់ផ្គង់​ប្រេង ធនធាន​ធម្មជាតិ​ដ៏​សម្បូរណ៍បែប​។​

១៣ ប្រទេស​តួ​ក​គី ជា​ច្រក​ឆ្លងកាត់​ដ៏​សំខាន់​រវាង​តំបន់​មជ្ឈិមបូព៌ា​និង​អឺរ៉ុប ដែល​តែងតែ​ផ្ដល់​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​មាន​ជម្លោះ​នៅ​ជិតៗ​។​

១២ ប្រទេស​កាណាដា ត្រូវបាន​សារព័ត៌មាន​អាមេរិក​(US News) ដាក់​ឈ្មោះ​ថា​ជា​ប្រទេស​មាន​ជីវិត​រស់នៅ​ល្អប្រសើរ​បំផុត​ទី​ពីរ​ក្នុង​លោក​។​

១១ ប្រទេស​កូរ៉េខាងត្បូង ដ្បិត​ជា​ប្រទេស​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​អ្នក​ជិតខាង​គឺ​កូរ៉េខាងជើង ប៉ុន្ដែ​កូរ៉េខាងត្បូង​ទទួលបាន​ការគាំទ្រ​ផ្នែក​យោធា និង​នយោបាយ​ពី​មហាអំណាច​លេខ​មួយ នោះ​គឺ​អាមេរិក​។​កូរ៉េខាងត្បូង​ក៏​ជា​ប្រទេស​នាំចេញ​ធំ​បំផុត​លំដាប់​ទី​៦​ក្នុង​លោក​។​

១០ ប្រទេស​អារ៉ាប់​រួម ជា​ប្រទេស​នាំចូល​អាវុធ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក បន្ទាប់​ពី​អា​រ៉ាប៊ីសាអូឌីត​។​អារ៉ាប់​រួម​មាន​កញ្ចប់​ថវិកា​ការពារ​ជាតិ​ធំ​បំផុត​ទី​ពីរ​ក្នុងចំណោម​រដ្ឋ​អារ៉ាប់​ផ្សេងទៀត​។​

៩ ប្រទេស​អា​រ៉ាប៊ីសាអូឌីត បាន​ក្លាយជា​ប្រទេស​អ្នក​មាន​មួយ និង​មាន​អំណាច​ផងដែរ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ដោយសារតែ​មាន​ទុនបម្រុង​របស់​ខ្លួន​នោះ​គឺ​ប្រេង​។​

៨ ប្រទេស​អ៊ីស្រាអែល មាន​ប្រជាជន​ត្រឹមតែ​៨​លាន​នាក់ ប៉ុន្ដែ​អ៊ីស្រាអែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​លើ​ឆាក​អន្ដរជាតិ​។​ទោះបី​ជម្លោះ​ជាមួយ​ប៉ាឡេ​ស្ទីន​នៅតែ​បន្ដ ប៉ុន្ដែ​ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​រឹងមាំ និង​ការអប់រំ​កម្រិត​ខ្ពស់ ក៏​ដូចជា​ប្រាក់​ចំណូល​ខ្ពស់​ផង​ដែរ​។​

៧ ប្រទេស​ជប៉ុន ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​។​ជប៉ុន​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​ក្នុង​ពិភពលោក ។​

៦ ប្រទេស​បារាំង ជាមួយនឹង​GDP​ខ្ពស់ បារាំង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​មួយ​នៅ​អឺរ៉ុប និង​ជា​ប្រទេស​នាំចេញ​អាវុធ​ធំជាងគេ​លើ​ពិភពលោក​។​

៥ ប្រទេស​អាល្លឺម៉ង់ ជាទូទៅ​គេ​ចាត់ទុកថា​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​ទ្វីបអឺរ៉ុប​។​

៤ ចក្រភព​អង់គ្លេស គឺជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​ខ្ពស់ មាន​ឥទ្ធិពល​សេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ដ្រ និង​វប្បធម៌​។​

៣ ប្រទេស​ចិន ជា​ប្រទេស​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់​។​ប្រទេស​មាន​ប្រជាជន​១,៤​ពាន់​លាន​នាក់​មួយ​នេះ មាន​យោធា​ធំ​បំផុត​នៅក្នុង​លោក ហើយ​អ្នកជំនាញ​ព្យាករណ៍​ថា នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក នៅ​ឆ្នាំ​២០៥០​។​

២ ប្រទេស​រុស្ស៊ី បាន​ចាប់​យក​ធនធានធម្មជាតិ​របស់ខ្លួន ដើម្បី​ក្លាយជា​ប្រទេស​មាន​ទ្រព្យសម្បត្ដិ​ច្រើន​បំផុត​ក្នុង​លោក​។​ចំពោះ​ការចំណាយ​លើ​វិស័យ​យោធា​វិញ ក៏​កើនឡើង​គួរឲ្យកត់សម្គាល់ ដោយ​បច្ចុប្បន្ន​បាន​ចំណាយ​៥,៤%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​។​

១ សហរដ្ឋអាមេរិក ជិត​៧៥%​នៃ​អ្នក​ដែល​បាន​ឆ្លើយតប​និយាយថា ពួកគេ​បាត់បង់​ការគោរព​ខ្លះៗ​ចំពោះ​ការដឹកនាំ​របស់​អាមេរិក បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។​ប៉ុន្ដែ​ប្រទេស​មួយ​នេះ​នៅតែ​ឈរ​លើ​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​អំណាច​បំផុត​។​ឥទ្ធិពល​សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង​សិល្បៈ​របស់​គេ បាន​ជះ​ឥទ្ធិពល​ដល់​ពិភពលោក​។​ចំពោះ​ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​មាន​ប្រមាណ​៦០០​ពាន់​លាន​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត