កូរ៉េខាងជើង​​ព្រមាន​សងសឹក​​អាមេរិក​បើ​​ហ៊ាន​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​

ដោយ៖ ពេញ ផេង 11-09-2017 11:05 am 353
កងទ័ព​កូរ៉េខាងជើង

​ប្រទេស​កូរ៉េ​ខាងជើង​បាន​ព្រមាន​នៅ​ថ្ងៃ​ទី​១១​កញ្ញា​នេះ​ថា គេ​នឹង​ធ្វើឲ្យ​មាន​ការឈឺចាប់​និង​ទុក្ខវេទនា​បំផុត​ទៅលើ​អាមេរិក ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​តស៊ូ​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​កាលពី​ថ្ងៃ​ទី​០៣​កញ្ញា កូរ៉េខាងជើង​ត្រូវ​ទទួល​ការរិះគន់​យ៉ាង​ខ្លាំង​ពី​អន្ដរជាតិ ហើយ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​បាន​បើ​កិច្ចប្រជុំ​បន្ទាន់ ពិភាក្សា​លើ​ពង្រាង​សេចក្ដីសម្រេច​ថ្មី​ស្នើ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​។​ពង្រាង​សេចក្ដីសម្រេច​ថ្មី​នោះ អាច​នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ប្រឆាំង​កូរ៉េខាងជើង​។​

​អាមេរិក​កំពុង​អំពាវនាវ​ឲ្យ​ហាមឃាត់​ការនាំចេញ​ប្រេង​ទៅកាន់​ប្រទេស​កូរ៉េខាងជើង ព្រមទាំង​បាន​រាំងខ្ទប់​មិន​ឲ្យ​លោក​គីម ជុង​អ៊ុន​ប្រើ​ទ្រព្យសម្បត្ដិ​នៅ​ក្រៅប្រទេស ហើយ​បាន​បញ្ចប់​នូវ​ការនាំចេញ​វាយនភ័ណ្ឌ និង​ការទូទាត់​ដែល​ធ្វើឡើង​ដោយ​កម្មករ​កូរ៉េខាងជើង​។​ទីក្រុង​វ៉ាស៊ីនតោន​ចង់ឲ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ បោះឆ្នោត​គាំទ្រ​ពង្រាង​សេចក្ដីសម្រេច​ថ្មី​នៅ​ថ្ងៃទី​១១​កញ្ញា​នេះ ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង ទោះបី​ចិន​និង​រុស្ស៊ី​ទទូច​ឲ្យប្រើ​វិធានការ​ថ្មី​ក៏​ដោយ​។​

​ដូច្នេះហើយ ទើប​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​KCNA​របស់​កូរ៉េ​ខាងជើង ដោយ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​យ៉ាង​ចាស់ដៃ​។​កូរ៉េខាងជើង​ថា​ប្រសិនបើ​អាមេរិក យក​សេចក្ដីសម្រេច​ដែល​ខុសច្បាប់​នោះ​មក​ប្រើ​ធ្វើ​ជា​ទណ្ឌកម្ម​ដាក់​លើ​ក្រុង​ព្យុង​យ៉ាង ច្បាស់​ណាស់​ថា​អាមេរិក​នឹង​ទទួល​នូវ​អ្វី​ដែល​បាន​ធ្វើ​។​កូរ៉េ​ខាងជើង​នឹង​វាយប្រហារ​ទុក​ជា​ការ​សងសឹក​។​

​សូមបញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​ធ្លាប់បាន​អះអាង​ពី​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​ប៉ុន្ដែ​អាមេរិក​បាន​ចោទប្រកាន់​ប្រទេស​នេះ​ថា កំពុង​ចង់​ឲ្យ​កើតសង្គ្រាម ខណៈ​ពិភពលោក​កំពុង​ចង់​បាន​សន្ដិភាព​៕

ព័ត៌មានផ្សេងទៀត