ព្រឹត្តិការណ៍​​១១​​កញ្ញា​​៖​​លោក​ហ៊ុន ម៉ា​នី​​ប្រកាស​ថា​​កម្ពុជា​​ស្ថិត​នៅ​ជាមួយ​អាមេរិក​ជានិច្ច​

ដោយ៖ អ៊ុន សុខឡា 11-09-2017 10:36 am 8010

​នៅ​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ មាន​រយៈពេល​១៦​ឆ្នាំ​ហើយ​(១១ កញ្ញា​២០០១-១១ កញ្ញា ២០១៧) ដែល​ក្រុម​ភេរ​វករ​បាន​វាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម​ភ្លោះ ស្ថិត​នៅក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ហើយ​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ពិភពលោក​ទាំងមូល​។ នៅក្នុង​ឱកាស​ដែល​អាមេរិក រម្លឹក​ព្រឹត្តិការណ៍​មហា​សោកនាដកម្ម​នេះ លោក​ហ៊ុន ម៉ា​នី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ចំពោះ​អាមេរិក ក៏​ដូច​ជា​ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​តក់ស្លុត​នេះ​។​

​យោង​តាម​ការ​បង្ហោះ​លើ​គណនី​ហ្វេ​សប៊ុក លោក​ហ៊ុន ម៉ា​នី​បាន​សរសេរ​ជា​ភាសារ​អង់គ្លេស ដោយ​មានន័យ​ជា​ភាសា​ខ្មែរ​ថា  កម្ពុជា​ក៏ដូចជា​ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោក​ដែរ គឺ​ស្ថិតនៅ​ជាមួយ​អាមេរិក និង​ប្រជាជន​អាមេរិក នៅ​អំឡុង​ពេល​ជួប​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ័យខ្លា​ចនេះ​។ លោក​បញ្ជាក់ថា កម្ពុជា​ស្ថិត​នៅ​ជាមួយ​អាមេរិក ក្នុង​សាមគ្គីភាព អំឡុង​ពេល​ដែល​ជួប​ការលំបាក​, កម្ពុជា​គាំទ្រ​ដោយ​ស្មោះត្រង់ និង​សូម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​, កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ផ្តល់​ជំនួយ បើទោះបី​ជំនួយ​នេះ​តិចតួច​ក៏ដោយ​។

​កម្ពុជា​ចូលរួម​ជាមួយ​អាមេរិក​ក្នុង​ការ ថ្កោលទោស​និង​ផ្តន្ទាទោស ការវាយប្រហារ​ដែល​ធ្វើឡើង​ដោយ​មាន​ការគ្រោងទុក​មុន និង​ធ្វើ​ឡើង​ដោយ​ជនបរទេស ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុម​ភេរ​វករ​។ លោក​ហ៊ុន ម៉ា​នី​បន្ថែមទៀតថា ដូច​អាមេរិក​ដែរ កម្ពុជា​នឹង​ប្រឹងប្រែង​អស់​លទ្ធភាព ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ការពារ​ប្រជាជន​កម្ពុជា​ទាំងអស់ ពី​ការគំរាមកំហែង​ណាមួយ​។​

​គួរ​រម្លឹក​ឡើងវិញ​ថា កាលពី​១៦​ឆ្នាំមុន ក្រុម​អាល់​កៃ​ដា​បាន​វាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម​ភ្លោះ​របស់​អាមេរិក តាមរយៈ​ការបើក​យន្តហោះ​សំដៅ​បុក​អគារ​សំខាន់ៗ​នៅ​អាមេរិក​។ ក្រោយ​ត្រូវ​យន្ដហោះ​បុក​ទម្លុះ អគារ​ពាណិជ្ជកម្ម​ភ្លោះ ដែល​មាន​កម្ពស់​១១០​ជាន់ ត្រូវ​រលំ​ខ្ទេចខ្ទី​ឆេះ​រាលដាល​ដល់​អគារ​សំខាន់ៗ​ផ្សេង​ទៀត​ដែល​នៅ​ជិត​នោះ បាន​សម្លាប់​មនុស្ស​២,៩៩៧​នាក់​៕


ព័ត៌មានផ្សេងទៀត