១១​កញ្ញា​​២០១៧​ខួប​១៦​ឆ្នាំ​​ព្រឹត្ដិការណ៍​យ​ន្ដ​ហោះ​​បុក​កម្ទេ​ច​អគារ​ពាណិជ្ជកម្ម​​នៅ​អាមេរិក​

ដោយ៖ ពេញ ផេង 11-09-2017 9:06 am 560
អគារពាណិជ្ជកម្មដែលត្រូវយន្ដហោះបុកកម្ទេច

​បើ​យើង​គិត​ដល់​ថ្ងៃ​ទី​១១​ខែ​កញ្ញា យើង​ប្រាកដជា​នឹកឃើញ​ថ្ងៃ​ដែល​អគារ​ពាណិជ្ជកម្ម​ភ្លោះ​ពិភពលោក ស្ថិត​ក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក ត្រូវបាន​យន្ដហោះ​បុក​កម្ទេច​។​ការវាយប្រហារ​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ គឺជា​ព្រឹត្ដិការណ៍​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​អា​មេ​រិក រហូតមកដល់​ពេលនេះ​មាន​រយៈពេល​​១៦​ឆ្នាំ​ហើយ គេ​នៅតែ​ចងចាំ​មិន​ភ្លេច​។​ការវាយប្រហារ​កាលនោះ គឺជា​ផែនការ​របស់​ក្រុម​ភេរ​វករ​អាល់​កៃ​ដា ដែល​ចង់​បង្ក​មហន្ដរាយ​ដល់​អាមេរិក​។​

​នៅ​ថ្ងៃកើតហេតុ យន្តហោះ​ដឹក​អ្នកដំណើរ​៤​គ្រឿង ដែល​គ្រោង​ចាកចេញ​ពី​អាកាសយានដ្ឋាន​នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​ឆ្ពោះ​ទៅ​រដ្ឋ​California ត្រូវបាន​ក្រុម​អាល់​កៃ​ដា​មាន​គ្នា​១៩​នាក់​ប្លន់ ក្នុង​គោលដៅ​បើក​បុក​អគារ​សំខាន់ៗ​នៅ​អាមេរិក​។​ក្នុងចំណោម​យន្តហោះ​ទាំងនោះ មាន​យន្តហោះ​ពីរ​គ្រឿង​គឺ​ប្រភេទ​American Airlines Flight 11 និង​ប្រភេទ​United Airlines Flight 175 បាន​បើក​បុក​ផ្នែក​ខាងជើង​និង​ខាងត្បូង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ទីក្រុង​ញ៉ូវ​យ៉ក​តែ​ម្ដង​។​

​ក្រោយ​ត្រូវ​យន្ដហោះ​បុក​ទម្លុះ រយៈពេល​តែ​១​ម៉ោង​និង​៤២​នាទី​ប៉ុណ្ណោះ អគារ​ពាណិជ្ជកម្ម​ភ្លោះ​ទាំងពីរ​ដែល​មាន​កម្ពស់​១១០​ជាន់ ត្រូវ​រលំ​ខ្ទេចខ្ទី​ឆេះ​រាលដាល​ដល់​អគារ​សំខាន់ៗ​នៅ​ជិត​នោះ​ផង​។​ជា​លទ្ធផល​មនុស្ស​២,៩៩៧​នាក់​ត្រូវ​ស្លាប់ ក្នុងនោះ​មាន​ទាំង​ក្រុមចោប្លន់​យន្ដហោះ​១៩​នាក់ និង​របួស​ជាង​៦​ពាន់​នាក់​។​ការខូចខាត​គិត​ជា​ទឹកប្រាក់​វិញ មាន​យ៉ាងតិចណាស់​១០​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ការសង្ស័យ​បាន​ធ្លាក់​ទៅលើ​ក្រុម​អាល់​កៃ​ដា​យ៉ាង​ឆាប់រហ័ស ហើយ​អាមេរិក​បាន​ឆ្លើយតប​ចំពោះ​សកម្មភាព​បុក​កម្ទេច​អគារ​ពាណិជ្ជកម្ម​ភ្លោះ ដោយ​ការចាប់ផ្ដើម​ធ្វើ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម និង​បាន​លុកលុយ​ចូល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដើម្បី​កម្ចាត់​ក្រុម​តា​លី​បង់​បង្កើតឡើង​ជា​ក្រុម​អាល់​កៃ​ដា​។​ប្រទេស​ជាច្រើន​ទៀត​បាន​ពង្រឹង​ច្បាប់​ប្រឆាំង​ភេរវកម្ម​ឲ្យ​កាន់តែ​ខ្លាំង​ជាង​មុន ការពារ​ការវាយប្រហា​រ​ដោយ​សកម្មភាព​ភេរវកម្ម​។​ហេតុការណ៍​នេះ​ទោះបី​ដំបូង​ឡើយ​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា លោក​អូ​សា​ម៉ា ប៊ី​ន​ឡាដិន​បដិសេធ​មិន​ពាក់ព័ន្ធ​ក៏ដោយ ប៉ុន្ដែ​នៅ​ឆ្នាំ​២០០៤​លោក​បាន​អះអាង​ទទួលខុសត្រូវ​។​បន្ទាប់​ពី​សារភាព​បែប​នេះហើយ ទោះបី​ខំ​រត់គេច​បែបណាក៏ដោយ លោក​អូ​សា​ម៉ា ប៊ី​ន​ឡាដិន​នៅ​ទីបំផុត​ត្រូវ​ចាប់ខ្លួ​ន​បាន និង​ត្រូវ​សមាជិក​យោធា​អាមេរិក​សម្លាប់​នៅ​ខែ​ឧសភា​ឆ្នាំ​២០១១​។​ទម្រាំ​តែ​ចាប់ខ្លួនបាន អាមេរិក​ត្រូវ​ចំណាយពេល​ប្រមាណ​ជា​១០​ឆ្នាំ​។

​សូមបញ្ជាក់​ថា ការបំផ្លាញ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ដែល​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្បែរ​នោះ​ផង បាន​បង្ក​ជា​វិបត្ដិ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សេដ្ឋកិច្ច​នៃ​តំបន់​Lower Manhattan ជា​ផ្នែក​មួយ​នៃ​ទីក្រុង​ញូវយ៉ក និង​ប៉ះពាល់​ដល់​ទីផ្សារ​ពិភពលោក​។​ជាក់ស្តែង​វា​បាន​បណ្ដាល​ឲ្យ​បិទទ្វា​រទី​ផ្សារភាគហ៊ុន​Wall Street ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​អាមេរិក និង​កាណាដា​មួយរយៈ​ជាដើម​។​ស្ថាប័ន​និង​គម្រោង​ការងារ​ជាច្រើន​ត្រូវបាន​បិទទ្វារ​និង​លុបចោល ចំណែក​មនុស្ស​មួយចំនួន​បាន​ជម្លៀស​ខ្លួន ហើយ​នៅតែ​បារម្ភ​ខ្លាច​មាន​ការវាយប្រហារ​កើតឡើង​ម្ដង​ទៀត​។​

​ចំពោះ​ការ​បោសសម្អាត​អគារ​ភ្លោះ​នេះ​បាន​បញ្ចប់​នៅ​ត្រឹម​ខែ​ឧសភា​ឆ្នាំ​២០០២ ហើយ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០០៦ ការ​សារ​សង់​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ទោល បាន​ចាប់ផ្តើម​ជា​ថ្មី​នៅ​ទីតាំង​ដដែល ហើយ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​សំណង់​ស្ថាបត្យកម្ម​ជាច្រើន​ត្រូវបាន​កសាងឡើង ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​មហា​សោកនាដកម្ម​នេះ មានដូចជា​សារមន្ទីរ​ជាតិ​National September 11 Memorial & Museum នៅ​ទីក្រុង ញូវយ៉ក អគារ​Pentagon Memorial  នៅ​Arlington ក៏ដូចជា​សំណង់​Flight 93 National Memorial​ជាដើម​៕


ព័ត៌មានផ្សេងទៀត