អាមេរិក​​រន្ថើន​UN​​ឲ្យ​ពិភាក្សា​​ពី​ទណ្ឌកម្ម​តឹង​រឹ​ងជាង​មុន​​ដើម្បី​ដាក់​លើ​​កូរ៉េខាងជើង​

ដោយ៖ អ៊ុន សុខឡា 10-09-2017 11:01 am 1071
លោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើង

​អាមេរិក​នៅ​ថ្ងៃ​សុក្រ បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ថា​ខ្លួន​មានបំណង​កោះប្រជុំ នៅ​ថ្ងៃ​ចន្ទ ដើម្បី​បោះឆ្នោត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​ទីក្រុង​ព្យុង​យ៉ាង​។ ការលើកឡើង​របស់​អា​មេរិក​នេះ បាន​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​។​

​សេចក្តីព្រាង​សេចក្តីសម្រេច​ដែល​ផ្តួចផ្តើម​ដោយ​អាមេរិក​នេះ ចង់ឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បោះឆ្នោត​គាំទ្រ លើ​បំរាម​នាំ​ប្រេង​ទៅកាន់​កូរ៉េខាងជើង ការហាមឃាត់​ការនាំចេញ​វាយ​ន​ភ​ណ្ឌ ​ការជួល​កម្មករ​កូរ៉េខាងជើង​នៅ​ក្រៅប្រទេស​ និងការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរ របស់លោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើងផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​សេចក្តីសម្រេច ដែល​សារព័ត៌មាន​រ៉​យ​ទ័របាន​ឃើញ​កាលពី​ថ្ងៃ​ពុធ​។​

​យ៉ាងណា គេ​មិន​ប្រាក​នោះទេ​ថា សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង រួម​មាន​ចិន​និង​រុស្ស៊ី​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ នឹង​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​នេះ​។ ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អាច​មាន​ប្រសិទ្ធភាព​បាន លុះត្រា​ទទួលបាន​សំឡេង​គាំទ្រពីសមាជិក​ចំនួន​៩​ ក្នុងចំណោម​ប្រទេស​សមាជិក​សរុប​ចំនួន​១៥ ហើយ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវតែ​មាន​ការបោះឆ្នោត​គាំទ្រ ពី​សមាជិក​អចិន្ត្រៃយ៍ ​នៃ​ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ទាំងអស់ រួម​មាន​អង់គ្លេស អាមេរិក បារាំង រុស្ស៊ី​និង​ចិន​។​

ពាក់ព័ន្ធ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នេះដែរ  ប្រធាន​អង្គការ​សហប្រជាជាតិ​បារម្ភ​ខ្លាំង​ពី​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក​Antonio Guterres​ប្រធាន​អង្គការ​សហប្រជាជាតិ បាន​ថ្លែងថា ការប្រកួតប្រជែង​លើ​កម្មវិធី​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង គឺជា​វិបត្តិ​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​។​

​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង​កាន់តែខ្លាំង បន្ទាប់​ពី​កូរ៉េខាងជើង បាន​បង្កើន​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​និង​ការបាញ់សាកល្បង​មី​ស៊ី​ល​នៅ​ឆ្នាំ​នេះ រួម​មាន​ការ​ធ្វើ​តេស្ត​មី​ស៊ី​ល​ហោះ​រំលង​ប្រទេស​ជប៉ុន និង​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី ៦ របស់ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​។ អ្នកជំនាញ​ជឿជាក់ថា របប​ឯកោ​មួយ​នេះ ជិត​សម្រេច​ដល់​គោលដៅ​របស់​ខ្លួន ក្នុង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ដែលមាន​សមត្ថភាព​អាច​បាញ់​ដល់​អាមេរិក​ហើយ និង​ថា​នេះ​ជា​អ្វី​ដែល​លោកដូ ណាល់​ត្រាំ​ប្រធានាធិបតី​អាមេរិក​ប្តេជ្ញា​ការពារ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត