ម្ចាស់ការ​សែត ខេ​ម​បូឌា​ដេលី អង្វ​រលោក ហ៊ុន សែន សុំ​ដំណើរការ​ឡើងវិញ​

ដោយ៖ ទ្រី សីហៈ 10-09-2017 10:13 am 13394
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អានការសែត ខេមបូឌា ដេលី​​ ភាសាខ្មែរ នាពេលកន្លងមក។ Photo CD

​កាសែត ឌឹ ខេ​ម​បូឌា ដេលី ដែល​បាន​បិទទ្វារ ក្រោយ​ពី​រដ្ឋាភិបាល ទាមទារ​ឲ្យ​បង់ពន្ធ​ចំនួន​ជាង ៦​លាន​ដុល្លារ បាន​សរសេរ​លិខិត​ទៅ​កាន់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្នុង​បំណង​អង្វរ​សុំ​ឲ្យ​ការសែត ពីរ​ភាសា​នេះ អាច​ដំណើរការ​ឡើងវិញ​។

​នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក ហ៊ុន សែន ម្ចាស់ការ​សែត ឌឹ​ខេម​បូឌា ដេលី អ្នកស្រី Deborah Krisher Steele អះអាង​ដូច​ការលើកឡើង របស់លោក ហ៊ុន សែន ដែរ​ថា ការបិទ​ការ​សែ​ត ឌឹ ខេ​ម​បូឌា ដេលី គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​នោះទេ​។​

ម្ចាស់​កាសែត ជនជាតិ​អាមេរិក​រូប​នេះ​បន្ថែមទៀតថា អ្នកស្រី​មាន​ការសោកស្តាយ ចំពោះ​មជ្ឈដ្ឋាន​នានា ដែល​បាន​ភ្ជាប់​ការបិទ ខេ​ម​បូឌា ដេលី ទៅ​រឿង​នយោបាយ ហើយ​ចោទ​រដ្ឋាភិបាល ថា ព្យាយាម​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។​

​អ្នកស្រី Deborah Krisher Steele បញ្ជាក់ថា ក្នុង​ដំណើរការ​របស់ ខេ​ម​បូឌា ដេលី ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា​មិន​អាក្រក់ ដូច​ការយល់ឃើញ មួយចំនួន​នោះ​ទេ​។​

​នៅក្នុង​លិខិត​ដដែល​នោះ កាសែត ឌឹ ខេ​ម​បូឌា ដេលី បាន​អង្វរ​ដល់​លោក ហ៊ុន សែន ឲ្យ​ពិនិត្យ​ពិចារណា រក​ដំណោះស្រាយ ស្របតាម​ច្បាប់​ប្រទេស​កម្ពុជា ធ្វើយ៉ាងណា ឲ្យ​ការសែត​មួយ​នេះ អាច​បើក​ដំណើរ​ឡើង​វិញ​បាន ខណៈ​អ្នកស្រី Deborah Krisher Steele អះអាងថា អ្នកស្រី និង​ឪពុក​អ្នកស្រី មិន​មាន​បំណង​គេចវេះ ពី​ការទទួលខុសត្រូវ ចំពោះ​ច្បាប់​ពន្ធដារ និង​ច្បាប់​ផ្សេងទៀត​នៅ​កម្ពុជា​នោះ​ឡើយ​។​

​កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ភ្លាមៗ​ក្រោយ ឌឹ ខេ​ម​បូឌា ដេលី បិទ​ការបោះពុម្ពផ្សាយ​របស់ខ្លួន ក្រសួង​សេដ្ឋកិច្ច បាន​ដាក់ពាក្យ​ប្តឹង​បុគ្គលិក​ថ្នាក់ដឹកនាំ ចំនួន​បី​រូប នៃ​ការ​សែត​នេះ ពី​បទ​គេចវេះ​ពន្ធ និង​ការប្រព្រឹត្ត​អំពើ​រាំងស្ទះ​ដល់​ការអនុវត្ត​បទបញ្ញត្តិ​ស្តី​ពី​ពន្ធដារ​។

​អគ្គនាយកដ្ឋាន​ពន្ធដា​រ លោក គង់ វិបុល ធ្លាប់​ថ្លែង​ថា បើទោះបីជា ខេ​ម​បូឌា ដេលី បិទ​ក៏ដោយ ការអនុវត្ត​ពន្ធ​នៅតែ​បន្ត បំណុល​ពន្ធ​ត្រូវ​តែ​សង ដោយ​មិន​អាច​គេចខ្លួន​បាន​ទេ​។​

​លោក ហ៊ុន សែន ធ្លាប់បាន​លើកឡើង​ដែរ​ថា មាន​ជម្រើស​ពីរ​សម្រាប់ កាសែត ខេ​ម​បូឌា ដេលី គឺ បង់ពន្ធ​ចំនួន ៦,៣​លាន​ដុល្លារ ដើម្បី​បន្ត​ដំណើរការ ឬ​ត្រូវ​បិទទ្វារ​ចោល​តែម្ដង​។​

​ចាងហ្វាង​ការ​សែ​ត ខេ​ម​បូឌា ដេលី អះអាងថា ការបិទ​ដំណើរការ​ការ​សែត​មួយ​នេះ ធ្វើ​ឲ្យ​បុគ្គលិក ជនជាតិ​ខ្មែរ​ចំនួន ៤៥​នាក់​បាត់បង់​ការងារ​៕

ព័ត៌មានផ្សេងទៀត