ម៉ាឡេស៊ី​​ប្រកាស​នឹង​ផ្ដល់​​ជម្រក​បណ្ដោះអាសន្ន​​ដល់​ក្រុម​​រ៉ូហ៊ីង​យ៉ា​

ដោយ៖ ពេញ ផេង 09-09-2017 4:34 pm 909
ទីតាំង​រងគ្រោះ​ដោយសារតែ​ការប្រយុទ្ធគ្នា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា

​កង​ល្បាត​តាម​ដែនសមុទ្រ​របស់​ម៉ាឡេស៊ី នឹង​មិន​បណ្ដេញ​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅវិញ​ទេ ហើយ​នឹង​ផ្ដល់​ជម្រក​បណ្ដោះអាសន្ន​ដល់​ពួកគេ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មេបញ្ជាការ​កង​ល្បាត​ជើង​ទឹក​កាលពី​ថ្ងៃ​សុក្រ​។​

​ក្រុម​សកម្មប្រយុទ្ធ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​បាន​វាយប្រហារ​ទៅលើ​ប៉ុស្ដិ៍​ប៉ូលិស​ជា​ច្រើន​កន្លែង រួម​ទាំង​មូលដ្ឋាន​យោធា​ផង​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​ទី​២៥​សីហា​។​ក្រោយមក​ក៏​មាន​ការប៉ះទង្គិច​កាន់​តែ​ខ្លាំង ដោយ​កងទ័ព​បាន​បើក​យុទ្ធនាការ​ប្រឆាំង បណ្ដាលឲ្យ​មនុស្ស​យ៉ាងហោចណាស់​៤០០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​រាប់​ម៉ឺន​នាក់​បាន​ជម្លៀស​ខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស​។​

​ដោយ​មើលឃើញ​ពី​ទុក្ខវេទនា​បែបនេះ ទើប​ម៉ាឡេស៊ី​ចង់​ជួយ​សង្គ្រោះ​ដល់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។​ទូក​ដឹក​ជនភៀសខ្លួន​អាច​នឹង​ចាកចេញ​ពី​មី​យ៉ាន់​ម៉ា​ឆ្ពោះទៅ​ម៉ាឡេស៊ី ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​។​មេបញ្ជាការ​កង​ល្បាត​ដែនទឹក​ម៉ាឡេស៊ី​អះអាង​បន្ថែមថា “​យើង​នឹង​ផ្ដល់​ការគាំទ្រ​ជា​មូលដ្ឋាន​បើ​ចាំបាច់ ដល់​អ្នក​ដែល​បន្ដ​ធ្វើ​ដំណើរ​គ្មាន​គោលដៅ​។​ពី​មុន​យើង​ធ្លាប់​គិត​ថា​ចង់ឲ្យ​ពួកគេ​ធ្វើដំណើរ​ចេញ​ឲ្យ​ឆ្ងាយ មិន​អាច​ជួយ​ពួកគេ​បាន​ដោយសារ​បញ្ហា​ជំនួយ​មនុស្សធម៌​។​ប៉ុន្ដែ​ពេល​នេះ​យើង​មិន​ធ្វើបែបនេះ​ទេ​។​”

​សូម​បញ្ជាក់​ផង​ដែរ​ថា ម៉ាឡេស៊ី​ក៏​ជា​ប្រទេស​មាន​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ស្នាក់​នៅ​ប្រមាណ​ជាង​១​សែន​នាក់​ហើយ​។​ក្រៅពី​នេះ​ម៉ាឡេស៊ី​ក៏​ទំនង​ក្លាយជា​ប្រទេស​ទី​ជម្រក​សម្រាប់​ក្រុម​ភៀសខ្លួន​បន្ថែមទៀត​។​ចំណែក​ប្រទេស​ថៃ​ក៏​បាន​ប្រកាស​នឹង​រៀបចំ​ទទួលយក មនុស្ស​ជម្លៀស​ខ្លួន​ពី​មី​យ៉ាន់​ម៉ា​ដោយសារ​តែ​ការប្រយុទ្ធ​គ្នា​នេះ​ដែរ​៕

ព័ត៌មានផ្សេងទៀត