មន្រ្តី៖ លទ្ធផល​បឋមយុទ្ធនាការ​១០០​ថ្ងៃ​របស់​ក្រសួង​យុត្តិធម៌​រកឃើញ​ចំណុច​ខ្វះខាត​៣​ធំៗ​

ដោយ៖ គង់ ឧត្តម 09-09-2017 3:23 pm 257

«​យុទ្ធនាការ​១០០​ថ្ងៃ​ក្នុង​ការវាយតម្លៃ​គុណភាព​និង​ប្រសិទ្ធភាព​តុលាការ​» នៅ​កម្ពុជា បាន​ចាប់ផ្តើម​នៅ​ដើមខែ​មិថុនា​ឆ្នាំ​២០១៧ ។ អនុរដ្ឋលេខាធិការ​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ធ្លាប់បាន​ប្រាប់​ថា យុទ្ធនាការ​នេះ​ធ្វើឡើង​ដើម្បី​វាយតម្លៃ ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែទម្រង់​ច្បាប់ ប្រព័ន្ធយុត្តិធម៌ ស្វែងរក​បញ្ហា​ប្រឈម ពិសេស​នោះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា ។ តើ​យុទ្ធនាការ​១០០​ថ្ងៃ​របស់​ក្រសួង​យុត្តិធម៌​ដំណើរការ​ដល់​ណា​ខ្លះ​? និង​ទទួលបាន​ផ្លែផ្កា​អ្វីខ្លះ​?

​អនុរដ្ឋលេខាធិការ​នៃ​គណៈកម្មាធិការ​ដឹកនាំ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​០៩ កញ្ញា ថា យុទ្ធនាការ​១០០​ថ្ងៃ​ក្នុង​ការវាយតម្លៃ​គុណភាព​និង​ប្រសិទ្ធភាព​តុលាការ បាន​ដំណើរការ​៥០-៦០​ភាគរយ​ហើយ ពោល​គឺ​ក្រុម​ការងារ​បាន​បញ្ចប់​នូវ​ដំណាក់​ទី​មួយ​និង​កំពុង​ឈាន​ចូល​ក្នុង​ដំណាក់កាល​ទី​ពីរ ។ ក្រុមការងារ​កំពុង​សម្រុក​បញ្ចប់​ការងារ​នេះ ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​អំឡុង​ខែ​កញ្ញា​នេះ​តែម្តង ហើយ​លទ្ធផល​នឹង​ធ្វើ​ការវាយតម្លៃ​ចុងក្រោយ ។​

​លោក ជិន ម៉ា​លីន ថា ជា​លទ្ធផល​បឋម​ដែល​ក្រុម​ការងារ​បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​ធាតុ​សំខាន់​ចំនួន​៧​នៃ​កម្មវិធី​តុលាការ​ប្រណិត​រកឃើញថា មាន​ទាំង​ចំណុច​ល្អ​ប្រសើរ​និង​ចំណុច​ខ្វះខាត ។ ចំណុច​ខ្វះខាត​ទាំងនោះ​មាន​បី​ចំណុច​សំខាន់ៗ​រួមមាន ការរៀបចំ​ផែនការ​និង​យុទ្ធសាស្ត្រ​, ធនធានមនុស្ស​និង​ធនធាន​សម្ភារៈ​ហិរញ្ញវត្ថុ និង​ទំនាក់ទំនង​រវាង​តុលាការ​និង​សាធារណជន​…
​សំឡេង ៖

​លោក​បញ្ជាក់ថា តាមរយៈ​ការវាយតម្លៃ​បឋម​នេះ ធាតុ​ផ្សេងៗ​ទៀត​ក្រៅពី​ចំណុច​ខ្វះខាត​ដែល​បាន​លើកឡើង​ខាងលើ គឺ​វា​បាន​បង្ហាញ​ពី​លទ្ធផល​ល្អ​ប្រសើរ​នៅលើ​មធ្យមភាគ ។ ក្រុមការងារ​នឹង​ធ្វើ​ការវាយតម្លៃ​បន្ថែម​ទៀត​តាមរយៈ​ការចុះ​ជួប​ផ្ទាល់​ក្នុង​ខែ​កញ្ញា ។ មន្ត្រី​ដឹកនាំ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​រូបនេះ​បន្ត​ថា ក្រោយ​រកឃើញ​លទ្ធផល​នៃ​ការវាយតម្លៃ​ហើយ ក្រុមការងារ​នឹងធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ ដែល​មាន​គ្រប់​អ្នកពាក់ព័ន្ធ​ធ្វើការ​ក្នុង​វិស័យ​យុត្តិធម៌​ទាំងអស់ ដើម្បី​រក​មូលហេតុ​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​បាន​រកឃើញ​ជាក់ស្តែង ។​

​សូមបញ្ជាក់​ថា ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​១០០​ថ្ងៃ​និង​បាន​ចាប់ផ្តើម​កាលពី​អំឡុង​ដើមខែ​មិថុនា​ឆ្នាំ​២០១៧ ក្នុង​២៤​រាជធានី​ខេត្ត និង​ចែកចេញជា​ពីរ​ដំណាក់កាល ដើម្បី​វាយតម្លៃ​គុណភាព​និង​ប្រសិទ្ធភាព​តុលាការ​កម្ពុជា ដោយ​ផ្អែក​លើ​ធាតុ​ទាំង​៧​នៃ​កម្មវិធី​តុលាការ​ប្រណិត​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ។ ធាតុ​សំខាន់​ទាំង​៧​នោះ​រួមមាន ១.​ការដឹកនាំ​និង​គ្រប់គ្រង​ស្ថាប័ន ២.​ផែនការ​និង​គោលនយោបាយ​ស្ថាប័ន ៣.​ធនធាន​ស្ថាប័ន រួមមាន មនុស្ស សម្ភារៈ និង​ហិរញ្ញវត្ថុ ៤.​នីតិវិធី​ដំណើរការ​ស្ថាប័ន ៥.​សេចក្តីត្រូវការ​និង​ការពេញចិត្ត​របស់​អតិថិជន ៦.​ភាពងាយស្រួល​និង​តម្លៃ​សេវា​របស់​ស្ថាប័ន និង​៧.​ការជឿ​ទុកចិត្ត​និង​ជឿជាក់​ពី​សាធារណៈជន ។ 

​ទោះយ៉ាងណា​ក៏ដោយ អនុរដ្ឋលេខាធិការ​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា លោក ជិន ម៉ា​លីន បញ្ជាក់ថា ការវិភាគ​វាយតម្លៃ​លើ​ចំណុច​នី​មួយៗ​ពី​ទី​១​រហូតដល់​៧ នោះ​យើង​នឹង​ទទួលបាន​លទ្ធផល​ថា តើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​នឹង​មាន​ការជឿ​ទុកចិត្ត​ពី​សាធារណៈជន​បាន​កម្រិត​ណា ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត