ការងារ​៦​ប្រភេទ​​អាច​នឹង​លែង​មាន​​វត្ដ​មាន​​ក្នុងពេល​​១០​ឆ្នាំ​ទៀត​

ដោយ៖ ពេញ ផេង 09-09-2017 2:29 pm 237
បច្ចេកវិទ្យាកាន់តែរីកចម្រើនការងារប្រើ​កម្លាំងមនុស្សកាន់តែធ្លាក់ចុះ

​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន ធ្វើឲ្យ​ការងារ​ពេញនិយ​មមួយ​ចំនួន​នៅពេល​បច្ចុប្បន្ន អាច​នឹង​លែង​មាន​វត្ដ​មាន​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅ​មុខ​ទៀត​។​

១ អ្នក​គិតលុយ​នៅក្នុង​ហាង​លក់ទំនិញ​(Retail Cashier)

ដោយសារតែ​មាន​បច្ចេក​វិទ្យា​កាន់តែ​ទំនើប ដូច្នេះ​ការគិតគូរ​លុយកាក់ អាច​នឹង​ត្រូវ​ធ្វើឡើង​ដោយ​ស្វ័យប្រវត្ដិ​។​អ្នក​គិតលុយ​អាច​នឹង​ត្រូវ​បាត់បង់​អាជីព​របស់​ខ្លួន​។​បច្ចេកវិទ្យា​អាច​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើប្រាស់​វិធី​ផ្សេងៗ​ក្នុង​ការទិញ​ទំនិញ ហើយ​អតិថិជន​ក៏​មិន​ចាំបាច់​រង់ចាំ​យូរ​ដែរ​។​

២ ការបម្រើ​សេវា​ទូរស័ព្ទ​សាធារណៈ​(Telemarketer)


​សព្វថ្ងៃ​នេះ​មនុស្ស​មិន​ប្រើ​ទូរស័ព្ទ​ទាក់ទង​គ្នា​ច្រើន​ដូច​ពី​មុន​ទេ​។​ជាមួយនឹង​វី​ធី​ងាយៗ​ជាច្រើន​ទៀត ដូចជា​ការប្រើ​អ៊ី​ម៉ែ​ល ឬ​ផ្ញើ​សារ​ជា​ដើម អាចឲ្យ​មនុស្ស​ទាក់ទង​គ្នា​បាន​យ៉ាង​ងាយស្រួល​។​ដូច្នេះ​ចំពោះ​ការប្រើ​សេវា​ទូរស័ព្ទ​សាធារណៈ អាច​នឹង​ក្លាយជា​មុខរបរ​ក្នុង​អតីតកាល​ប៉ុណ្ណោះ​។​

៣ ទី​ភ្នាក់ងារទេសចរណ៍​ឬ​ធ្វើ​ដំណើរ​(Travel Agent)


​ជាមួយ​នឹង​ការកើនឡើង​នូវ​សេវាកម្ម​អ៊ី​ន​ធឺ​ណេត និង​លទ្ធភាព​នៃ​ការ​កក់​សំបុត្រ​ធ្វើដំណើរ​ដែល​មាន​តម្លៃថោក​តាមរយៈ​គេហទំព័រ ប្រៀបធៀប​នឹង​ទី​ភ្នាក់ងារទេសចរណ៍ ធ្វើឲ្យ​ការងារ​ប្រភេទ​នេះ​កំពុង​ធ្លាក់​ចុះបណ្ដើរៗ​។​

៤ អ្នកបើក​Taxi(Taxi  driver)


​កម្មវិធី​សម្រាប់​ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​ការធ្វើ​ដំណើរ បាន​បង្កើតឡើង​ក្នុង​វិធី​សាមញ្ញ​សម្រាប់​គ្រប់​គ្នា​អាច​ប្រើប្រាស់​បាន​នូវ​សេវា​ដឹកជញ្ជូន​។​ការហៅ​រថយន្ដ​តាក់ស៊ី​នឹង​គ្មាន​ទៀត​ទេ ដោយសារ​តែ​ការកើនឡើង​នូវ​កម្មវិធី​ជា​មួយ​បច្ចេកវិទ្យា​GPS​។ក្រៅពីនេះ​ក៏មាន​សេវាកម្ម​ដឹកជញ្ជូន​ដោយ​ស្វ័យប្រវត្ដិ​ទៀត។​​អ្នកបើក​តាក់ស៊ី​គួរតែ​អភិវឌ្ឍ​តាម​បច្ចេកវិទ្យា​ទាំងអស់នេះ បើ​ចង់​បន្ដ​មុខរបរ​របស់​ខ្លួន​។​

៥ អ្នក​បោះពុម្ព​និង​ព្រីន​ឯកសារ​(Publishers and Printers)


​គ្មាន​អ្វី​គួរឲ្យភ្ញាក់ផ្អើល​ទេ​ចំពោះ​សេវាកម្ម​នេះ​។​អតិថិជន​កាន់តែច្រើន​បាន​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​វិញ នៅ​ពេល​ពួកគេ​ត្រូវការ​ព័ត៌មាន​ស្ដី​ពី​ការកម្សាន្ដ​ឬ​ព័ត៌មាន​ផ្សេងៗ​។​ក្រុមហ៊ុន​បោះពុម្ពផ្សាយ​នឹង​មាន​ការលំបាក​ខ្លាំង ហើយ​ឧស្សាហកម្ម​នេះ​កំពុង​ថយ​ចុះ​បន្ដិច​ម្ដងៗ ប៉ុន្ដែ​កើនឡើង​នូវ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ជា​លក្ខណៈ​ឌីជីថល​វិញ​។​

៦ បុគ្គលិក​ប្រៃសណីយ៍​(Postal Workers)


​ជាមួយ​ការកើនឡើង​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​និង​អ៊ី​ម៉ែ​ល​ក្នុង​ការទំនាក់ទំនង បុគ្គលិក​ប្រៃសណីយ៍​បាន​ធ្លាក់ចុះ​។​ដោយសារតែ​មាន​ក្រុមហ៊ុន​ឯកជន​ជា​អ្នកកាន់កាប់​ការងារ​នេះ ការងារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មានឱកាស​តិចតួច​ណាស់ សង្ឃឹម​ថា​អាច​រីកចម្រើន​ទៅមុខ​៕

ព័ត៌មានផ្សេងទៀត