ប្រជាជន​​នៅ​រដ្ឋ​Florida​​នាំគ្នា​ជម្លៀស​ខ្លួន​​ព្រោះ​ព្យុះ​Irma​​​បក់មក​​កាន់តែ​ជិត​

ដោយ៖ ពេញ ផេង 09-09-2017 11:11 am 714
រថយន្ដ​ដែល​កកស្ទះ​នៅលើ​ដងផ្លូវ

នៅលើ​ដងផ្លូវ​ក្នុង​រដ្ឋ​Florida​កាលពី​ថ្ងៃ​សុក្រ បាន​កកស្ទះ​ដោយសារតែ​ប្រជាជន​ជម្លៀស​ខ្លួន​ចេញពី​ផ្ទះសម្បែង​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព ព្រោះ​ព្យុះ​Irma​បាន​នឹង​កំពុង​បោកបក់​សម្ដៅទៅ​វាយប្រហារ​នៅលើ​រដ្ឋ​មួយ​នេះ ក្រោយ​វាយប្រហារ​តំបន់​ទេសចរណ៍​នៅលើ​កោះ​និង​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៧​នាក់​ទូទាំង​តំបន់​កា​រ៉ាប៊ីន​។​

​ព្យុះ​Irma​អាច​ប្រែក្លាយជា​ព្យុះ​ដែល​ធំ​មិន​នឹកស្មាន​ដល់ គឺ​ធំ​ជាង​ព្យុះ​ដែល​​ធ្លាប់បាន​វាយប្រហារ​មក​លើ​ទឹកដី​អាមេរិក​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធានាធិបតី​ដូណាល់ ត្រាំ​នៅលើ​ប្រព័ន្ធ​Twitter​។​លោក​បាន​ទទូច​ឲ្យ​ប្រជាជន​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព​ប្រសិនបើ​អាច​។​

​ក្រុម​ប៉ូលិស​បាន​ជួយ​សម្រួល​ដល់​ការជម្លៀស​ខ្លួន​របស់​ប្រជាជន និង​បង្កើន​ការយកចិត្ដទុកដាក់​ខ្ពស់ ហើយ​បញ្ជាក់ថា​ចាំបាច់​ប្រជាជន​ត្រូវតែ​ចាកចេញ​ពី​ផ្ទះ​នៅតាម​តំបន់​អាច​រង​ការវាយប្រហារ​។​

​នៅក្នុង​ប្រទេស​គុយបា​ឯណោះ មាន​ជនបរទេស​ប្រមាណ​១​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់ឆ្នេរ​កម្សាន្ដ ដោយសារតែ​ការប្រកាស​អាសន្ន​របស់​អាជ្ញាធរ​។​នៅ​សាធារណរ​ដ្ឋ​ដូ​មីនិ​ច មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​ខ្យល់​បាន​បក់បោក​នៅ​ស្រុក​ចំនួន​១៧ មាន​មនុស្ស​២​ម៉ឺន​នាក់​ជម្លៀស​ខ្លួន ហើយ​ផ្ទះសម្បែង​ប្រមាណ​១០០​ខ្នង​ត្រូវបាន​បំផ្លាញ​ដោយសារតែ​ព្យុះ​Irma៕

ព័ត៌មានផ្សេងទៀត