ការស្ទង់មតិ​៖​​ប្រជាជន​កូរ៉េ​ខាងត្បូង​​មិន​បារម្ភ​ដូចមុនទេ​​​ពី​ការផ្ទុះ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង

ដោយ៖ ពេញ ផេង 09-09-2017 9:24 am 287
ប្រជាជនកូរ៉េខាងត្បូងកំពុងអង្គុយមើលការផ្សាយព័ត៌មានស្ដីពីការធ្វើតេស្ដមីស៊ីល​កូរ៉េខាងជើង

​កូរ៉េ​ខាងជើង​បាន​បង្កើន​ភាព​តានតឹង​និង​ការព្រួយបារម្ភ​ជា​អន្ដរជាតិ ដោយ​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​កាលពី​ថ្ងៃ​ទី​០៣​កញ្ញា​។​ប៉ុន្ដែ​បើ​ចំពោះ​ប្រជាជន​កូរ៉េខាងត្បូង​វិញ មាន​ការសង្ស័យថា​កូរ៉េ​ខាងជើង​នឹង​ចាប់ផ្ដើម​ធ្វើ​សង្គ្រាម​។​នេះ​បើ​តាម​លទ្ធផល​បង្ហាញ​ឲ្យដឹង​ក្រោយពេល​ស្ទង់​មតិ​។​ក្រុម​ស្ទង់​មតិ​Gallup Korea​ទទួលបាន​ទិន្នន័យ​៥៨%​នៃ​ប្រជាជន​កូរ៉េខាងត្បូង គិត​ថា​សង្គ្រាម​មិន​អាច​ផ្ទុះ​ឡើង​ទេ ខណៈ​៣៧%​គិត​ថា​អាច​មាន​សង្គ្រាម​។​

Gallup Korea​ធ្លាប់​បាន​សាកសួរ​ប្រជាជន​កូរ៉េ​ខាងត្បូង​នៅក្នុង​ឆ្នាំ​១៩៩២ ហើយ​ភាគរយ​នៃ​អ្នក​ឆ្លើយតប​នៅពេល​នេះ​វិញ ដែល​គិតថា​គ្មាន​សង្គ្រាម​កើតឡើង មាន​តួលេខ​ខ្ពស់​បំផុត​ទី​ពីរ​គិត​តាំងពី​ឆ្នាំ​១៩៩២​។​ការស្ទង់មតិ​ដំបូង​កាលនោះ មាន​៦៩%​គិត​ថា​កូរ៉េ​ខាងជើង​អាច​ធ្វើ​សង្គ្រាម និង​មាន​តែ​២៤%​ប៉ុណ្ណោះ​ដែល​គិត​ថា​មិន​អាច​។​

​ប៉ុន្ដែ​ដោយសារ​កូរ៉េ​ខាងជើង​បាន​គំរាម​ជាច្រើន​ដង មិនឃើញ​មាន​អ្វី​ខុស​ប្រក្រតី​កើតឡើង ទើប​ប្រជាជន​កូរ៉េខាងត្បូង​គិត សង្គ្រាម​មិន​អាច​កើតឡើង​ទេ​កូរ៉េខាងជើង​គ្រាន់តែ​បន្លាច​ប៉ុណ្ណោះ​។​នេះ​ជា​ដើមហេតុ​ដែល​ពួក​គេ​លែង​សូវ​ព្រួយបារម្ភ​ដូច​ពីមុន​។​អ៊ីចឹង​ហើយ​ទើប​ការសាកសួរ​ពី​ការផ្ទុះ​សង្គ្រាម ប្រជាជន​កូរ៉េ​ខាងត្បូង​ភាគច្រើន​គិតថា​មិន​អាច​ទៅរួច​។​

​គួរ​ជម្រាបជូន​ថា កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​៦​លើក​មក​ហើយ​។​ការ​ធ្វើ​តេស្ដ​កូរ៉េខាងជើង​ត្រូវ​រង​ទណ្ឌកម្ម​បន្ថែម​ពី​អន្ដរជាតិ និង​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​។​ប៉ុន្ដែ​កូរ៉េខាងជើង​ឆ្លើយតប​ទៅ​វិញ​ថា គេ​ធ្វើបែបនេះ​គ្រាន់​ចង់​បង្កើត​សមត្ថភាព​ទប់ទល់​ការ​បង្កហេតុ​ពី​សត្រូវ និង​ដើម្បី​ឆ្លើយតប​ទណ្ឌកម្ម​ក៏​ដូច​ជា​សម្ពាធ​ពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​និង​អាមេរិក​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត