លោក​ហង្ស ពុទ្ធា​៖ ឥទ្ធិពល​នយោបាយ​មិន​រាំងខ្ទប់​ការចុះឈ្មោះ​បោះឆ្នោត​ទេ​

ដោយ៖ សៅ វិសាល 08-09-2017 5:43 pm 652

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​០៨ កញ្ញា​នេះ​ថា គជប មិន​អត្ថាធិប្បាយ ពី​ភាព​តានតឹង​ផ្នែក​នយោបាយ ឬ​មិន​តានតឹង​នោះទេ ប៉ុណ្ណោះ​គជប ព្យាយាម​មិនឲ្យ​ស្ថានការណ៍​ណាមួយ មក​រាំងខ្ទប់ ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នោះទេ​។ លោក​បន្តថា រយៈពេល ១​សប្តាហ៍​មក​នេះ គ​.​ជ​.​ប មាន​ប្រជាពលរដ្ឋ​ចំនួន​៤,៣៤៦១​នាក់ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បច្ចុប្បន្ន​ថ្មី ខណៈ​ដែល​គជប ក៏​បាន​លុបឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន​១៦២​នាក់ ចេញ​ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦ ផងដែរ ដោយសារ​ការប្តូរ​ទីលំនៅ និង​មរណភាព​។​

​ក្នុង​រយៈពេល​៧​ថ្ងៃ ប្រជាពលរដ្ឋ​ជាង​៤​ម៉ឺន​នាក់ ឬ​មាន​ជាង​២.៦៧%​ប៉ុណ្ណោះ  ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ បាន​ប៉ាន់ស្មាន​មាន​សរុប​ចំនួន ១​លាន​៦​សែន​នាក់​។ តួលេខ​នេះ បាន​ធ្វើ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បង្ហាញ​ក្តីព្រួយបារម្ភ​ថា ដោយសារ​បរិយាកាស​ន​យោ​បាយ បច្ចុប្បន្ននេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ មិន​ចង់ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ជា​ពិសេស​ក្រោយពី​ការចាប់ខ្លួន ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា មក​។​ ​ជាមួយគ្នានេះ ក៏​មាន​សង្គម​ស៊ីវិល​មួយចំនួនទៀត ស្នើ​ឲ្យ​គជប ត្រូវ​ផ្សព្វផ្សាយ​ការចុះឈ្មោះ​បោះឆ្នោត ដល់​ពលរដ្ឋ​មាន​ភាព​ទូលំ​ទូលាយ​ជាង​នេះ​។​

សំឡេង

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ គ​.​ជ​.​ប បញ្ជាក់ថា ចំនួន​តួលេខ នៃ​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​លក្ខណៈខុស​ពី​ឆ្នាំ​២០១៦ ដែល​ជា​ការចុះឈ្មោះ​បោះឆ្នោត​កសាង​បញ្ជី​ថ្មី មាន​ប្រជា ពលរដ្ឋ​ច្រើន​។ តែ​យ៉ាងណា លោក​ហង្ស ពុទ្ធា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់ ដែល​គ្រប់​អាយុ​បោះឆ្នោត ហើយ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ជា​ពិសេស​អ្នក​ដែល​កំពុង​បំពេញ បេសកកម្ម ធ្វើការ ឬ​សិក្សា​នៅ​ក្រៅប្រទេស ប្រញ៉ប់​រួសរាន់ ត្រឡប់​មក​ប្រទេស​កម្ពុជា ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ ឲ្យបាន​ទាន់​ពេលវេលា តាម​កាលបរិច្ឆេទ​ដែល​បានកំណត់ ទើប​ទទួលបាន​សិទ្ធិ​ពេញលេញ ក្នុង​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា នាពេល​ខាងមុខ​នេះ​។ ដោយឡែក នៅ​ថ្ងៃ​ទី​០៧ កញ្ញា កញ្ញា កឹម សម្មា​ធីតា កូនស្រី​ទី​២ លោក​កឹម សុខា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ គ្រប់​អាយុ​បោះឆ្នោត ទៅ​ចុះ​បោះឆ្នោត​សម្រាប់​បញ្ជី​ថ្មី ឲ្យបាន​គ្រប់ៗ​គ្នា​។​

សំឡេង

​សូមបញ្ជាក់​ថា គ​.​ជ​.​ប បាន​ប៉ាន់ស្មាន​ប្រជាជន​កម្ពុជា​មាន​សរុប​ចំនួន​ជិត​១៦​លាន​នាក់ ១៥,៨៨៣,២៥០​នាក់​) ក្នុងនោះ​មាន​ប្រជាពលរដ្ឋ ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង មាន​ចំនួន​៩,៧៨៨,២៣៩​នាក់​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត កាលពី​ឆ្នាំ​២០១៦ មាន​ចំនួន​៧,៨៦៥,០៣៣​នាក់ និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧​នេះ មាន​ចំនួន ១,៤១ ២,១៤៩ នាក់​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត