​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​​នៅ​ក្រៅ​ប្រទេស​​ធ្វើ​បាតុកម្ម​​ទាមទារ​​ឲ្យ​ដោះលែង​​លោក​​កឹម សុខា​​

ដោយ៖ អឿន ភារ៉ា 07-09-2017 5:45 pm 3928
ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ធ្វើ​បាតុកម្ម​នៅ​មុខ​សាលាក្រុង​Lowel រដ្ឋ​Massachusetts កាលពី​ថ្ងៃ​ទី​៥​កញ្ញា​។ រូបថត​ដោយ​ហ្វេ​សប៊ុក

​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ចាប់ផ្តើម​ក្រោក​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គ្មាន​លក្ខខណ្ឌ​។ ការតវ៉ា​នេះ បាន​ផ្តើម​ចេញពី​អ្នកគាំទ្រ​នៅ​រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៥​កញ្ញា ហើយ​គម្រោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​-​អាមេរិក នៅ​ថ្ងៃ​បន្ទាប់ គ្រោង​ធ្វើ​នៅ​មុខ​ការិយាល័យ​ប្រធា​នាធិបតី​អាមេរិក​ផង​ដែរ​។ ចំណែក សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី កាណាដា និង​បារាំង ក៏​បាន​រៀបចំ និង​គ្រោង​ធ្វើបាតុកម្ម​​ជា​​បន្ត​បន្ទាប់​ដែរ​។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​គណ​បក្ស​កាន់អំណាច អះអាងថា ការធ្វើ​បាតុកម្ម​នេះ មិន​មាន​ឥទ្ធិពល​ដល់​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​នោះទេ​។

​សម្រែក​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិឲ្យមាន​សេរីភាព​ឡើងវិញ ​បាន​លាន់ឮ​ចេញ​ពី​សហគមន៍​ខ្មែរ​នៅ​ក្រៅប្រទេស ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលាក្រុង​ឡូ​វែល (Lowel) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា​។ តាមរយៈ​វីដេអូ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​បង្ហាញ​ពី​សកម្មភាព​បាតុកម្ម​នេះ ឃើញថា ក្នុង​ចំណោម​អ្នក​តវ៉ា​ប្រមាណ​៥០​នាក់​នោះ ក៏​មាន​វត្តមាន​លោក​Rodney Elliot អតីត​អភិបាលក្រុង​ឡូ​វែល និង​សព្វថ្ងៃ​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូ​វែល រួម​ទាំង​ជនជាតិ​អាមេរិក​មួយចំនួនទៀត​ផងដែរ​។​

​លោក​អ៊ុង រិទ្ធី ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង ដែល​ចូល​បាតុកម្ម​បាន​សម្តែង​មតិ​ថា ការចាប់ខ្លួន​លោក​កឹម សុខា ជា​រឿង​ដែល​អយុត្តិធម៌​បំផុត ហើយ​ចាត់ទុក​ទង្វើ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ ជាការ​គៀប​សង្កត់ធ្ងន់​ចំពោះ​តម្លៃ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ ហើយ​លោក​អំពាវនាវ​ឲ្យ​ដោះលែង​លោក​កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ​....
​សំឡេង​លោក​អ៊ុង រិទ្ធី​៖

​ចំណែក​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី នៅថ្ងៃនេះ បាន​ជូនដំណឹង​ពី​គម្រោង​ធ្វើ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក​កឹម សុខា ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​ខាង​សារព័ត៌មាន​នៅ​កម្ពុជា​។ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន បាតុកម្ម​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា​ខាង​មុខ​នេះ នៅ​មុខ​ស្ព្រី​វ៉េល (Springvale) ក្នុង​រដ្ឋ​វិក​ថូ​រី​យ៉ា (Victoria) ដែល​ដឹកនាំ​ដោយ​លោក​ហុង លីម តំណាងរាស្ត្រ​ខ្មែរ​-​អូស្ត្រាលី​។

​ដោយឡែក សហគមន៍​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​ខាងកើត នៅ​រដ្ឋ​វ៉ាស៊ីនតោន (Washington State) ក៏​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ដើម្បី​សម្តែង​មតិ​នៅ​មុខ​ការិយាល័យ White house របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​។ បើ​តាម​ព្រះ​តេជគុណ​ជំ​វិចិត្រ គណៈកម្មការ​រៀបចំ​ធ្វើបាតុកម្ម មាន​សង្ឃដីកា​ថា ព្រឹត្តិការណ៍​ដែល​កំពុង​កើតមាន​នៅ​កម្ពុជា​រយៈពេល​ចុងក្រោយ​នេះ បាន​ធ្វើឲ្យមាន​ការព្រួយបារម្ភ​ជា​ខ្លាំង ហើយ​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស បាន​សម្រេចចិត្ត​ធ្វើ​បាតុកម្ម​នេះ ដើម្បី​ផ្ញើ​សារ​ទៅ​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​ឲ្យដឹង​ពី​ការរំលោភ​បំពា​ន​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ សូម​ស្តាប់​សង្ឃដីកា​របស់​ព្រះ​តេជ​គុណ ជំ​វិចិត្រ បន្ថែម​...
​សំឡេង​ព្រះ​តេជ​គុណ ជំ​វិចិត្រ​៖

​រីឯ​រដ្ឋ​មួយ​ចំនួន​ទៀត​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​បារាំង កាណាដា​ជា​ដើម ត្រូវបាន​គេ​ដឹងថា បាន​រៀបចំ​ធ្វើ​បាតុកម្ម និង​បន្ត​គ្រោង​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ផ្ញើ​សារ​ដល់​រដ្ឋាភិបាល​បរ​ទេស​ឲ្យ​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក​កឹម សុខា និង​ជួយ​បន្ធូរ​បន្ធូ​យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ខណៈ​ដែល​ការបោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​ចូលមក​ដល់​។​

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន អះអាងថា ការធ្វើ​បាតុកម្ម​នៅ​ក្រៅប្រទេស​នេះ មិន​មាន​ឥទ្ធិពល​ដល់​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​នោះទេ​។ លោក​អះអាង​ទៀតថា ទោះ​ជា​ការ​ធ្វើ​បាតុកម្ម​នោះ តវ៉ា​ដល់​White house របស់​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ ក៏ដោយ ក៏​ប្រទេស​មហាអំណាច​មួយ​នេះ មិន​យកចិត្តទុកដាក់​មកលើ​បញ្ហា​នេះ​ដែរ​។​
​សំឡេង​លោក​សុខ ឥសាន​៖

​គួរបញ្ជាក់​ថា ក្រោយ​ការចាប់ខ្លួន​លោក​កឹម សុខា មេដឹកនាំ​គណបក្សប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​ពី​អំពើ​ក្បត់ជាតិ បាន​ធ្វើ​ឲ្យ​បណ្តា​សហគមន៍​អន្តរជាតិ​ធំៗ និង​ស្ថានទូត​នានា ចេញ​សម្តែង​នូវ​ក្តីបារម្ភ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការគំរាមកំហែង​លើ​គណបក្ស​ប្រឆាំង​។ ទោះបីជា​បណ្តា​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​ទាំងនោះ បាន​ប្រតិកម្ម និង​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​លោក​កឹម សុខា​ក៏ដោយ ប៉ុន្តែ​ប្រទេស​កុំមុយនីស្ត​ចិន​បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​។​

លោក​កឹម សុខា ត្រូវ​សមត្ថកិច្ច​សម្រុកចូល​ទៅ​ចាប់ខ្លួន​ទាំង​យប់​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្រោយ​ពី​បែកធ្លាយ​វីដេអូ​មួយ​បង្ហាញថា លោក​បាន​អនុវត្ត​តាម​ការបញ្ជារ​បស់​សហរដ្ឋអាមេរិក ដើម្បី​ដណ្តើម​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ការ​ថ្លែង​របស់​លោក​កឹម សុខា នៅក្នុង​ឃ្លីប​វីដេអូ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​។ ហើយ​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លោក​ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទ​ចោទ​នេះ លោក​កឹម សុខា អាច​ប្រឈម​នឹង​ជាប់ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ ហើយ​មកដល់ពេលនេះ លោក​កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​៕

ព័ត៌មានផ្សេងទៀត