ពលរដ្ឋ​ខ្មែរ​​ភាគច្រើន​​គោរព​ព្រះពុទ្ធសាសនា​​តែ​ការ​អនុវត្ត​​ហាក់​​ធ្លាក់ចុះ​​

ដោយ៖ គួន សំបូរ 07-09-2017 3:49 pm 537

​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ទ្រឹស្តី​របស់​ព្រះពុទ្ធ​បាន​សាបព្រោះ និង ដឹកនាំ​មនុស្ស​ខ្មែរ​ឱ្យ​ដើរ​តាម​ច្បាប់​របស់​ព្រះសម្មាសម្ពុទ្ធ​។ ក្នុង​ពុទ្ធសាសនា​មាន​វិន័យ​បញ្ញត្តិ​ជា ច្រើន​ប្រការ​ទាក់ទង​នឹង​កិច្ច​វត្ត​របស់​ព្រះ​ភិក្ខុសង្ឃ និង​ពុទ្ធសាសនិក​។ ដូនតា​ខ្មែរ តែងតែ​អប់រំ​កូនចៅ​តៗ​ជំនាន់​គោរព​តាម​វិន័យ​របស់​ព្រះពុទ្ធ ដោយ​ពួកគេ​យល់ថា «​វិន័យ​នាំមក​នូវ​សេចក្តីថ្លៃថ្នូរ​» ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការអនុវត្ត​តាម​វិន័យ​របស់​ព្រះពុទ្ធសាសនា ត្រូវបាន​គេ​មើលឃើញថា​មាន​ការធ្លាក់ចុះ​។ តើ​មាន​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​ការអនុវត្ត​ធ្លាក់ចុះ​?​សួ​ម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​៖

​នៅក្នុង​សង្គម​ខ្មែរ​ព្រះពុទ្ធ​សាសនា​បាន​ដើតួនាទី​យ៉ាងសំខាន់ ដើម្បី​រួមចំណែក​ដល់​ភាព​ថ្កុំថ្កើង​រុងរឿង ដល់​មាតុភូមិ​កម្ពុជា ដោយ​បាន​ថែរក្សា លើកតម្កើង អត្តសញ្ញាណ​ជាតិ​កម្ពុជា ភាសា អក្សរសាស្ត្រ វប្បធម៌ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ព្រមទាំង​បាន​បង្ហាញ​ផ្លូវ​រស់នៅ ដ៏​សុខសាន្ត​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប​អោយ​ដើរ​ឆ្ពោះទៅ​កាន់​សន្តិភាព វិបុលភាព និង​សុភមង្គល ដោយ​ចៀសវាង​អំពើហឹង្សា អកុសល​កម្ម បាបកម្ម​ផ្សេង ៗ​។​

​ដោយសារតែ ព្រះពុទ្ធ​សាសនា​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​យ៉ាង​ដូច្នះ​ហើយ ទើបបានជា​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់​បញ្ជូល​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​ដ្ឋ ដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៤៣​។​

​គេ​នៅ​ចាំបាន​ថា ក្រោយពី​សង្គ្រាម​ស៊ីវិល​កម្ពុជា​បាន​បញ្ចប់​កាលពី​ឆ្នាំ​១៩៧៩ ព្រះពុទ្ធសាសនា បាន​រីកចំរើន​ឡើងវិញ ដោយ​បាន​ទទួល​ការឧបត្ថម្ភ​ពី​ពុទ្ធសាសនិក និង​សប្បុរសជន​ក្នុងប្រទេស និង​ក្រៅប្រទេស និង​ការយកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​។​បើ​តាម​ស្ថិតិ​របស់​ក្រសួង​ធម្មការ និសា​សនា បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​មាន​វត្ត​ព្រះពុទ្ធសាសនា​ចំនួន ៤៧៥៥​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​ជាង​៥​ម៉ឺន​អង្គ​។​

​ក្រៅពីនេះ វត្ត​អារាម​នៅតែ​ជា​ម្លប់​យ៉ាង​កក់ក្តៅ​សម្រាប់​និស្សិត​មកពី​ជនបទ​ផង​ដែរ​។​ជា​ទូទៅ​នៅ​ពេល​បញ្ចប់​បាក់​ឌុប យុវ​សិស្ស​តាម​បណ្តា​ខេត្ត​នានា​ភាគច្រើន​បាន​ធ្វើដំណើរ​ចេញពី​ស្រុក​កំណើត​ចូល​មក​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​។ នៅ​ភ្នំពេញ កូនចៅ​អ្នកក្រីក្រ​បាន​យក​វត្ត​អារាម ជា​ទីស្នាក់អាស្រ័យ ដែល​ធ្វើឱ្យ​ពួកគេ​បាន​កាត់បន្ថយ​ការចំណាយ​ប្រាក់​របស់​ឪពុក​ម្តាយ​ក្នុង​ការឧបត្ថម្ភ​ពួកគេ​ឲ្យមក​រៀន​នៅ​ភ្នំពេញ​។ នៅ​វត្ត ពួកគេ​កក់ក្តៅ មាន​សុវត្ថិភាព ពីព្រោះ​មាន​ព្រះសង្ឃ​នៅ​ចាំ​ជួយ​ទូន្មាន​ប្រៀនប្រដៅ​។​

​ប៉ុន្តែ​យ៉ាងណាក្តី បើទោះបី​ព្រះពុទ្ធសាសនា បាន​រីកចំរើន​ឡើង​វិញ​ក៏​ដោយ តែ​យើង​សង្កេតឃើញថា តម្លៃ​របស់​ព្រះពុទ្ធសាសនា និង​ការអនុវត្ត​ធម៌​វិន័យ​របស់​ព្រះ​ភិក្ខុសង្ឃ និង​ពុទ្ធសាសនិក​មាន​ការធ្លាក់​ចុះ​។ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​មួយចំនួន កំពុងតែ​រង់​ការបាត់បង់ រឿងរ៉ាវ​នៅ​ក្នុង​សង្គម​ខ្មែរ​ក៏​នៅតែ​បន្ត​កើតមាន​ក្នុង​នោះ​រួមមាន​ដូចជា ការ​លួច​សម្លាប់ ការប្រព្រឹត្ត​អំពើ​អនាចារ ការសេព​នៅ​គ្រឿន​ស្រវឹង​ជាដើម​។​

​នៅក្នុង​ព្រះពុទ្ធសាសនា មាន​ធម៌​វិន័យ​ជាច្រើន​ដើម្បី​អប់រំ​មនុស្ស​។ សីល​៥ ឬ​និច្ចសីល គឺជា​សីល​ដែល​បុគ្គល​គួរ​រក្សា​ជា​ប្រចាំ​ក្នុង​ជីវិត​រាល់​ថ្ងៃ​។ ចេតនា​វៀរចាក​នូវ​បញ្ច​វេរា គឺជា​ការនាំ​សេចក្តីសុខ​មកអោយ​ខ្លួន និង​អ្នក​ដទៃ​។ ការ​មិន​ធ្វើ​សត្វមានជីវិត​អោយ​ធ្លាក់ចុះ គឺ​សម្លាប់សត្វ ឬ​សម្លាប់​អ្នកដទៃ ការ​លួច ឬ​ប្លុន​នូវ​វត្ថុ​ដែល​គេ​មិន​បាន​អោយ ឬ​ដោយ​វាចា​កិរិយា​ប្រព្រឹត្ត​ខុស​ក្នុង​កាមតណ្ហា​ទាំងឡាយ ការ​ពោល​នូវ​ពាក្យ​កុហក និង​មិន​ផឹក​នូវ​ទឹកស្រវឹង គឺ​សុទ្ធសឹងតែ​ជា ការអប់រំ​ល្អៗ​របស់​ព្រះពុទ្ធ​។​

​ការធ្លាក់ចុះ​នូវ​ការគោរព​តាម​ធម៌ វិន័យ​របស់​ព្រះពុទ្ធសាសនា​នេះ អាចមកពី ការហូរ​ចូល​នៅ​វ​ប្បធ​ម៏​ពី​ខាងក្រៅ​។ បច្ចុប្បន្ន ឥទ្ធិពល​វ​ប្បធ​ម៏​បរទេស​ជាច្រើន បាន​បង្ក​ឲ្យ​យុវជន​ខ្មែរ​មួយចំនួន សប្បាយរីករាយ ដោយស្ទើតែ​បំភ្លេចចោល​ទាំងស្រុង​នូវ​វប្បធម៏ ប្រពៃណី​របស់​ប្រទេស​ខ្លួន​។​ការរីកដុះដាល​សម្ភារៈ និយម​បច្ចេកវិទ្យា​ថ្មីៗ បាន​ទាក់ទាញ​ចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យប្រើ​ប្រាស​សម្ភារៈ​ទាំងអស់​នោះ ក្នុងន័យ​បង្ហាញ​ពី​ភាពទាន់សម័យ​របស់ខ្លួន​។ ដើម្បី​បំពេញ​តម្រូវការ យុវជន​ខ្លះ​សម្រេចចិត្ត​ធ្វើ​អំពើ​មិនល្អ ដោយ​មិន​ខ្វល់​ពី​សីលធម៌ ប្រពៃណី ធ​ម៏​វិន័យ ឬ​ច្បាប់​ប្រទេសជាតិ​ឡើយ​។​

​បន្ថែម​ពី​នេះ  ការប្រព្រឹត្ត​ប្រាស់ចាក​ព្រះធម៌​វិន័យ​របស់​ព្រះ​ភិក្ខុសង្ឃ និង​សាមណេរ​មួយចំនួន ក៏​អាច​បង្ក​ផល​អាក្រក់​ដល់​ព្រះពុទ្ធសាសនា​។​មូលហេតុ​ចុះ​ក្រោយ គឺ​ឥទ្ធិពល​នយោបាយ ដើម្បី​ទទួលបាន​ការគាំទ្រ គណបក្ស​មួយ​ចំនួន បាន​សាបព្រោះ​មនោគមវិជ្ជា​របស់​គណ​បក្ស​ខ្លួន​ទៅ​លើ​ស្ថាប័ន​សាសនា និង​ចង់​ជា​សម្ព័ន្ធ​តាមរយៈ មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ខេត្ត​នានា​។ ឥទ្ធិពល​នេះ បាន​ជះ​ដល់​តម្លៃ​ព្រះ​ភិក្ខុសង្ឃ និង​សាមណេរ​មួយចំនួន​ដែល​ជា​សកម្មជន​។​

​ជា​រួម​ក្នុង​នាម​យើង​អ្នក​កាន់​ព្រះពុទ្ធសាសនា ត្រូវតែ​រួមដៃគ្នា​ក្នុងន័យឲ្យ​តម្លៃ​ចំពោះ​ទ្រឹស្តី​ពុទ្ធសាសនា វប្បធម៌ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ដែល​យើង​មាន​ស្រាប​។ រដ្ឋាភិបាល គួរតែ​ពិនិត្យ និង​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​មួយ ដើម្បី​ទប់ទល​ការហូរចូល វ​ប្បធ​ម៏​ពី​ខាងក្រៅ និង​រៀបចំ​ឡើង​វិញ ពី​ការគ្រប់គ្រង​ស្ថាប័ន​សាសនា​។ ការផ្សព្វផ្សាយ​ទ្រឹស្តី​ព្រះពុទ្ធ ត្រូវតែ​រៀបចំ​កម្ម​ថ្មី​បន្ថែម ឲ្យស្រប​តាម​សម័យ​បច្ចេកវិទ្យា​ថ្មី​។ ទាំង​មន្ត្រី​ជាន់ខ្ពស់ និង​បុគ្គល​ល្បីៗ ធ្វើជា គំរូ​ល្អ​សម្រាប់​ពលរដ្ឋ​ផងដែរ​៕

ដោយ គួន សំបូរ

ព័ត៌មានផ្សេងទៀត