ទីបំផុត​! តុលាការ​សម្រេច​ចោទប្រកាន់​លោក​កឹម សុខា ក្នុង​អំពើ​ក្បត់ជាតិ​

ដោយ៖ សៅ វិសាល 05-09-2017 4:43 pm 233

​នៅ​ទី​បំផុត​ទៅ លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន តំណាង​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់ ពីបទ​«​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​» ដែល​ជា​បទល្មើស​មួយ ក្នុង​អំពើ​ក្បត់ជាតិ ក្នុង​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ​។ បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឲ្យមាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឲ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ភ្លាមៗ​ក្រោយ​ការចោទប្រកាន់​នេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ កញ្ញា​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​បាន​បញ្ជាក់ថា «​បន្ទាប់ពី​បាន​ពិនិត្យ​សំណុំរឿង រួម​ទាំង​ឆ្លងកាត់​ការស្រាវជ្រាវ ស៊ើបអង្កេត ដោយ​បាន​ពិនិត្យ​ភស្តុតាង និង​ផ្ទៀងផ្ទាត់​ចម្លើយ ជនសង្ស័យ​រួចមក ព្រមទាំង​យល់ឃើញថា​មាន មូលដ្ឋាន​គ្រប់គ្រាន់ ឲ្យ​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ការចោទប្រកាន់​ដោយ​បើក​ការ ស៊ើបសួរ​លើ​ឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ និង បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវីធី​»​។​

​សេចក្តីថ្លែងការណ៍ បន្តថា ផ្នែក​តាម​សម្តី​ជា​ចំហ​របស់​ឈ្មោះ កឹម សុខា នៅ​ក្នុង​វីដេអូ​ក្លីប ដែល​កំពុង​បន្ត​ផ្សព្វផ្សាយ មកដល់ពេលនេះ រួម​ទាំង​ភស្តុតាង ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រមូលបាន បង្ហាញ​ច្បាស់​ថា សកម្មភាព​ឃុបឃិត​ជាមួយ​បរទេស​ក្បត់​កម្ពុជា​នេះ កើតមាន​ពី​ឆ្នាំ​១៩៩៣ ដែល​ផែនការ​នេះ បន្ត​អនុវត្ត​ជា​ជំហានៗ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ការធ្វើសកម្មភាព​បន្ត​មក​ដល់ពេលនេះ គឺ​កំណត់​បាន​ជា​ស្ថានភាព នៃ​បទល្មើស​ជាក់ស្តែង ដោយយោង​តាម​នីតិវិធី​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងន័យនេះ ការចាប់ខ្លួន​ឈ្មោះ​កឹម សុខា ត្រូវបាន​ធ្វើឡើង​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្របតាម​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​១២ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​។​

​ក្រោយ​ការសម្រេច​ចោទប្រកាន់​នេះ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ដក​អភ័យឯកសិទ្ធិ​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទុកឲ្យ​តុលាការ​ចាត់វិធានការ​តាម​នី​តិវិ​ធី​។​
​គួររម្លឹកថា ក្រោយ​ការឃាត់ខ្លួន មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ នៅ​កម្ពុជា បាន​ធ្វើឲ្យ ក្រសួងការបរទេស​អា​មេរិក សហគមន៍​អឺរ៉ុប ប្រធាន​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស រួម​នឹង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការព្រួយបារម្ភ​ខ្លាំង និង​ចាត់ទុកថា ជា​ការវាយប្រហារ​សេរីភាព​ខាង​នយោបាយ និង​ជា​ការរំលោភ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​។

សហគមន៍​អន្តរជាតិ ទាំងនោះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ប្រធាន​ប្រឆាំង​រូបនេះ ឱ្យ​មាន​សេរីភាព​វិញ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គណ​បក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ និង​សកម្មជន​ដើម្បី​ធានាបាន​នូវ​បរិយាកាស​នយោបាយ​ល្អ ក្នុង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាងមុខ​។​

​ផ្ទុយ​ពី​សហគមន៍​អន្តរជាតិ​ខាងលើនេះ ប្រទេស​ចិន ដែល​ជា​ប្រទេស​មហាអំណាច​ទី​១ នៅ​អាស៊ី បានបង្ហាញ​ជំហរ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការចាប់ខ្លួន លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ក្បត់ជាតិ​។ ជាងនេះទៅទៀត សម្រាប់​ស្ថាប័ន​ជាតិ​ក្នុងស្រុក ជាច្រើន បាន​ចេញ​ញត្តិ​គាំទ្រ​ចំណាត់ការ​រដ្ឋាភិបាល និង​ទទូច​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជាពិសេស​ស្ថាប័ន​តុលាការ ផ្ដន្ទាទោស​លោក​កឹម សុខា ឲ្យបាន​ធ្ងន់ធ្ងរ និង​ឲ្យបាន​សក្តិសម​បំផុត ចំពោះ​អំពើ​ក្បត់ជាតិ ដែល​មិន​អាច​អត់ឱន​ឲ្យបាន​នេះ​។

សូមបញ្ជាក់​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅវេលា​ម៉ោង​ប្រមាណ​១២៖៣៥​នាទី យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា នៅ​គេហដ្ឋាន​របស់​លោក ស្ថិតនៅ​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ការឃាត់ខ្លួន ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​បែកធ្លាយ​វីដេអូ​មួយ​បង្ហាញថា លោក​បាន​អនុវត្ត​តាម​ការបញ្ជារ​បស់​សហរដ្ឋ​អាមេរិក ដើម្បី​ដណ្តើម​អំណាច ពី​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត