ការដណ្ដើម​​ឥទ្ធិពល​រវាង​​ចិន​និង​ជប៉ុន​​នៅ​អាស៊ី​(​ភាគ​៣​ចប់​)

ដោយ៖ ពេញ ផេង 05-09-2017 4:40 pm 225
ប្រធានាធិបតីចិន​(ឆ្វេង)​​និងនាយករដ្ឋមន្ដ្រីជប៉ុន

​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិ​ការអន្ដរ​ជាតិ​ថ្ងៃនេះ ពេញ ផេង​នឹង​ជម្រាបជូន​លោកអ្នក​វគ្គ​បញ្ចប់ ពី​ការបង្ហាញ​អំណាច​របស់​ចិន​និង​ជប៉ុន ដើម្បី​ក្លាយជា​មហាអំណាច​អាស៊ី​។​លោកអ្នក​នាង​បាន​ជ្រាប​ហើយ ពី​គោលនយោបាយ​និង​យុទ្ធសាស្ដ្រ ដែល​ប្រទេស​ទាំង​ពីរ​ប្រើប្រាស់​។​នៅថ្ងៃនេះ​ពេញ ផេង​នឹង​ជម្រាប​ជូន​បន្ថែម ពី​គោលនយោបាយ​បន្ធូរបន្ថយ​កម្ដៅ បែរ​ទៅ​ពឹងពាក់​គ្នា​ដើម្បី​ផលប្រយោជន៍​រួម​។​ដូច្នេះ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​តទៅ​៖

សំឡេង​៖

​បើ​វិភាគ​យើង​ឃើញថា មាន​ភាគរយ​តិចតួច​ណាស់​ដែល​ប្រទេស​មហាអំណាច​ដឹកនាំ​ដោយ​អ្នកនយោបាយ​ចាស់ទុំ ដូចជា​ចិន​និង​ជប៉ុន​នេះ អាចឈាន​ទៅ​ធ្វើ​សង្គ្រាម​ដាក់​គ្នា​ដោយសារ​តែ​កូនកោះ​តូចៗ​។​ចិន​និង​ជប៉ុន​ថ្វី​ដ្បិត​ជា​គូសត្រូវ​ជូរចត់​ពី​អតីតកាល ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​ក៏​ត្រូវការ​គ្នា​ខ្លាំង​ណាស់​ដែរ​ក្នុងពេល​បច្ចុប្បន្ន ជាពិសេស​នៅពេល​អឺរ៉ុប​កំពុង​ឆ្លងកាត់​វិបត្ដិ​សេដ្ឋកិច្ច ហើយ​ចិន​និង​ជប៉ុន​កំពុង​ត្រូវការ​ទីផ្សារ​លក់ទំនិញ​។​

​លើសពីនេះទៅទៀត ជម្លោះ​ប្រដាប់អាវុធ​រវាង​ចិន​និង​ជប៉ុន​នឹង​ត្រូវ​ជាប់​ពាក់ព័ន្ធ​ដល់​ភាគី​ទី​បី​សំខាន់​មួយទៀត​គឺ​សហរដ្ឋអាមេរិក ព្រោះ​ជប៉ុន​ជា​សម្ព័ន្ធមិត្ដ​អាមេរិក​ហើយ​តាមរយៈ​សន្ធិសញ្ញា​សម្ព័ន្ធ​មិត្ដ​នេះ អាមេរិក​ត្រូវ​ជាប់​កាតព្វកិច្ច​ជួយ​ការពារ​ជប៉ុន​ក្នុងករណី​ដែល​ជប៉ុន​ទទួលរង​ការវាយប្រហារ​ពី​បរទេស​។​

​នៅ​ពេល​រដ្ឋមន្ដ្រី​អាមេរិក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​កន្លងមក អាមេរិក​បាន​បញ្ជាក់ថា ប្រជុំ​កោះ​ដែល​ជាប់​ជម្លោះ​ជាមួយ​ចិន​នេះ ក៏​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ដ​អាមេរិក​-​ជប៉ុន​ដែរ​។​ក្នុងពេល​ជាមួយគ្នា អាមេរិក​បន្ដ​ទទូច​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ចិន​និង​ជប៉ុន ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​។​ទាំងនេះ​គឺជា​សារ​ដើម្បី​ដាក់​សម្ពាធ​ទាំង​លើ​រដ្ឋាភិបាល​ជប៉ុន​និង​លើ​រដ្ឋាភិបាល​ចិន ឲ្យ​ចៀសវាង​ការ​បង្កហេតុ​ណាមួយ​ដែល​អាច​នាំ​ទៅ​រក​ជម្លោះ​ប្រដាប់អាវុធ​។​

​មិនយូរប៉ុន្មាន​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន​ស៊ីន​ហ្ស៊ូ អាបេ បាន​បញ្ជូន​បេសកជន​ពិសេស​របស់​ខ្លួន ចូល​ជួប​លោក​ស៊ី ជីន​ពីង​អគ្គលេខាធិការ​បក្សកុម្មុយនិស្ដ​ចិន ដែល​បាន​ស្នង​តំណែង​ប្រធានាធិបតី​ពី​លោក​ហ៊ូ ជីន​តាវ​កាលពី​ថ្ងៃ​ទី​២៥​មករា​ឆ្នាំ​២០១៣​។​ប្រការ​ដែល​នាយករដ្ឋមន្ដ្រី​ជប៉ុន​ធ្វើបែបនេះ អាច​ចាត់ទុក​ជា​កាយវិកា​រ​វិជ្ជមានដ៏​សំខាន់​មួយ នៅក្នុង​ទំនាក់ទំនង​ចិន​-​ជប៉ុន ចាប់តាំងពី​គណបក្ស​អភិរក្សនិយម​ជប៉ុន​ឈ្នះឆ្នោត​ឡើង​កាន់​អំណាច​។​នៅក្នុង​លិខិត​របស់​លោក​ស៊ីន​ហ្ស៊ូ អាបេ​ដែល​បាន​ប្រគល់​ជូនលោ​ក​ស៊ី ជីន​ពីង ដោយ​បេសកជន​ពិសេស​បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​ចិន​-​ជប៉ុន​គឺជា​ទំនាក់ទំនង​ទ្វេភាគី​ដ៏​សំខាន់​បំផុត​មួយ ហើយ​លោក​មាន​ចេតនា​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​បង្កើន​ទំនាក់ទំនង​ជា​ដៃគូ​យុទ្ធសាស្ដ្រ ដើម្បី​ផលប្រយោជន៍​ទាំងសងខាង​។​

​បេសកជន​ពិសេស​របស់​លោក​ស៊ីន​ហ្ស៊ូ អាបេ​វិញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មាន​បំណង​ចង់​ឈាន​មួយ​ជំហាន​ទៅ​រក​ចិន ដើម្បី​បើកផ្លូវ​ឆ្ពោះ​ទៅរក​ការស្ដារ​ទំនាក់ទំនង​រវាង​ចិន​-​ជប៉ុន ឲ្យ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។​នៅក្នុង​ជំនួប​នេះ​លោក​និង​លោក​ស៊ី ជីន​ពីង​បាន​ឯកភាពគ្នា​ថា ចិន​និង​ជប៉ុន​ត្រូវតែ​បន្ដ​ជជែក​ពិភាក្សា ដើម្បី​ឈាន​ទៅរក​ការបើក​ជំនួប​កំពូល​រវាង​ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​។​រីឯ​បញ្ហា​ជម្លោះ​ដណ្ដើម​ប្រជុំ​កោះ​វិញ បេសកជន​ពិសេស​ជប៉ុន​មិន​បាន​លើកយក​រឿង​នេះ​មក​ជជែក​ជាមួយ​លោក​ស៊ី ជីន​ពីង​ទេ ប៉ុន្ដែ​លោក​មាន​សុទិដ្ឋិនិយម​ថា ជប៉ុន​នឹង​អាច​ដោះស្រាយ​ជាមួយ​ចិន​បាន​។​

​លោក​ស៊ី ជីន​ពីង​នៅក្នុង​ជំនួប​ជាមួយ​បេសកជន​ពិសេស​ជប៉ុន​នេះ បាន​ទទូច​ឲ្យ​ជប៉ុន​សហការ​ជាមួយ​ចិន ដើម្បី​ស្វែងរក​ដំណោះស្រាយ​តាម​រយៈ​ការជជែក​ពិភាក្សា ហើយ​ថា​ជប៉ុន​ចាំបាច់​ត្រូវតែ​គិតគូរ​ពី​បរិបទ​ប្រវត្ដិសាស្ដ្រ​រវាង​ប្រទេស​ទាំងពីរ និង​អំពី​អារម្មណ៍​របស់​ប្រជាជន​ចិន​។​

​បើ​តាម​ខ្លឹមសារ​នៃ​ជំនួប​នេះ​ឃើញថា ការជួប​គឺ​គ្រាន់​តែ​ដើម្បី​បន្ធូរបន្ថយ​បរិយាកាស​អាប់អួរ ដែល​បាន​ធ្វើឲ្យ​ជះឥទ្ធិពលដ​ល់​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​។​អ្វី​ដែល​ជា​ភាព​ធូរស្រាល អ្វី​ដែល​អាច​ពិភាក្សា គឺ​ព្រោះតែ​ផលប្រយោជន៍​តែមួយគត់​គឺ​សេដ្ឋកិច្ច រី​ឯ​រឿង​ប្រវត្ដិសាស្ដ្រ​និង​ដែន​អំណាច​ទឹកដី នៅតែ​ជា​បញ្ហា​ក្ដៅ​របស់​មហាអំណាច​ទាំងពីរ​។​ក្នុងករណី​មាន​បញ្ហា​ដែល​អាច​ឈាន​ដល់​ការប្រើ​កម្លាំង​ទ័ព ប្រទេស​ទាំង​ពីរ​នឹង​បាត់បង់​ឱកាស​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច ទាំង​ចិន​និង​ជប៉ុន​។​ហេតុនេះ​ទើប​ប្រទេស​ទាំង​ពីរ​ងាក​មក​រក​នយោបាយ​ការបរទេស សម្របសម្រួល​បញ្ចុះ​កម្ដៅ​លើ​បញ្ហា​ព្រំដែន ប៉ុន្ដែ​កម្ដៅ​នេះ​នឹង​កើតមាន​ឡើង​វិញ​កាលណា​មាន​ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​ម្ដងៗ ព្រោះ​គេ​អាច​យក​បញ្ហា​នេះ​មក​ប្រើប្រាស់​ដើម្បី​ស្វែងរក​ប្រជាប្រិយភាព​រៀងៗ​ខ្លួន​។​

​ចំណុច​ដែល​គួរឲ្យ​កត់សម្គាល់​ផងដែរ​គឺ ជប៉ុន​ហាក់បីដូចជា​បាន​បំភ្លេច​សំណុំរឿង​កោះ​សេន​កា​គូ​ឬ​ទាវ​យូ ដោយ​មិន​រម្លឹក​យកមក​ពិភាក្សា​ទេ បង្វែរ​ទិសដៅ​ពី​បញ្ហា​ព្រំដែន មក​ជា​ការ​ពឹងពាក់​គ្នា​វិញ ដែល​ប្រទេស​ទាំង​ពីរ​ត្រូវការ​ទីផ្សារ​គ្នា​ទៅវិញទៅមក​។​ជំនួប​ចរចា​របស់​ប្រទេស​ទាំង​ពីរ ទាំងសងខាង​សុទ្ធតែ​មាន​យុទ្ធសាស្ដ្រ​និង​បង្កប់ន័យ​នូវ​អ្វី​ដែល​ជា​ការចង់បាន​រៀងៗ​ខ្លួន តែ​មិន​ប្រើប្រាស់​ន័យចំ​ប៉ុណ្ណោះ​។​

​ភាព​មិន​ឈ្នះ​ចាញ់​នៃ​មហាអំណាច​ទាំងពីរ ពោល​គឺ​ដោយសារតែ​ប្រទេស​ទាំង​ពីរ​អាច​ស្វែងរក​ផលចំណេញ​ពី​គ្នា​ទៅវិញទៅមក ដូច​សុភាសិត​ខ្មែរ​មួយ​ពោលថា ខ្លា​ពឹង​ព្រៃ ព្រៃ​ពឹង​ខ្លា គឺ​ដូចដែល​ចិន​ត្រូវការ​ជប៉ុន ហើយ​ជប៉ុន​ត្រូវការ​ចិន​អ៊ីចឹង​ដែរ​។​បើទោះជា​ចិន ជប៉ុន និង​សហរដ្ឋអាមេរិក សុទ្ធ​តែ​មិន​មាន​អ្នកណា​ចង់​ឲ្យ​ផ្ទុះ​សង្គ្រាម ប៉ុន្ដែ​ក្ដីបារម្ភ​នៅតែ​កើតមាន​ព្រោះថា បើ​ភាព​តានតឹង​នៅតែ​រាលដាល​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​កើតឡើង​ដដែលៗ បូក​រួម​ទាំង​វត្ដ​មាន​នាវា​ល្បាត​របស់​ប្រទេស​ទាំង​ពីរ​ដែល​នៅក្បែរ​គ្នា​ក្នុង​តំបន់​ជម្លោះ​បែបនេះ អាច​នឹង​បង្ក​ជា​ការប៉ះទង្គិច​ដោយ​ចៃដន្យ​ណាមួយ ដែល​អាច​ឈាន​ដល់​ការផ្ទុះ​អាវុធ​ដាក់គ្នា​។​មាន​សុភាសិត​ខ្លះ​ពោលថា អុស​សើម​នៅ​ជិត​ភ្លើង​យូរ​ទៅ គង់​មាន​ថ្ងៃ​ណា​មួយ​នឹង​ឆេះ ហើយ​បើ​ថ្ងៃ​កំពុង​ក្ដៅ​ហួតហែង បើទោះជា​ត្រឹម​ចុង​បារី​តូច​មួយ​ក៏​អាច​នឹង​បង្ក​ជា​អគ្គិភ័យ​ឆេះ​ព្រៃ​ធំ​មួយ​បាន រីឯ​អ្នកប្រមាញ់​មិនចាំបាច់​បាញ់​សត្វ ក៏​អាច​បាន​សត្វ​មក​ទទួល​ទាន​ដែរ​។​ងាក​មក​វិញ បើ​រឿងរ៉ាវ​ជម្លោះ​កោះ​នេះ អាច​នឹង​ផ្ទុះ​កើត​ជា​បញ្ហា​ធ្ងន់ធ្ងរ ក្នុង​ពេល​ណា​មហាអំណាច​ទាំង​ពីរ​ខ្វះ​ភាព​អត់ធ្មត់ អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​គឺ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​៕

(​អត្ថបទ​នេះ​ដកស្រង់​ពី​សៀវភៅ “​នយោបាយ​ការបរទេស ម្សិលមិញ ថ្ងៃនេះ និង​ថ្ងៃស្អែក​” របស់​លោក​បណ្ឌិត​សុខ ទូច សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ បោះពុម្ព​ឆ្នាំ​២០១៥)

ព័ត៌មានផ្សេងទៀត