ថ្កោលទោស​​និង​គាំទ្រ​​រដ្ឋាភិបាល​កម្ពុជា​​មាន​ជា​​ប​ន្តបន្ទាប់​​ក្រោយ​ចាប់ខ្លួន​​លោក​កឹម សុខា​​

ដោយ៖ ខាត់ សុធី 04-09-2017 1:48 pm 451

​មកដល់ពេលនេះ សហគមន៍​អន្តរជាតិ​ជា​បន្តបន្ទាប់ បាន​បញ្ចេញ​ប្រតិកម្ម ចំពោះ​ការចាប់ខ្លួន​លោក​កឹម សុខា យ៉ាង​តក់ក្រហល់ គួរឱ្យភ្ញាក់ផ្អើល​ទាំង​កណ្ដាលអធ្រាត្រ ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​។ ក្នុងនោះ​មាន ក្រសួងការបរទេស​អា​មេរិក សហគមន៍​អឺរ៉ុប ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស សមាជិក​សភា​សហរដ្ឋ​អាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អា​ឡាន់ ឡូ​វ៉ិន​ថ​ល នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ មន្ត្រី​នាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា (Arend Zwartjies) សុទ្ធតែ​បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ជុំវិញ​បញ្ហា​នេះ និង​ថា​ការចាប់ខ្លួន​នេះ​ជា​បញ្ហា​នយោបាយ​។​

សហគមន៍​អន្តរជាតិ​ទាំងនោះ ចាត់ទុកថា​នេះ ជា​ការវាយប្រហារ​សេរីភាព​ខាង​នយោបាយ និង​ជា​ការរំលោភ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​។​សហគមន៍​អន្តរជាតិ ទាំងនោះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​មាន​សេរីភាព​វិញ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គណ​បក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ និង​សកម្មជន​ដើម្បី​ធានាបាន​នូវ​បរិយាកាស​នយោបាយ​ល្អ​ក្នុង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាងមុខ​។​

​អ្នកនាំពាក្យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស អ្នកស្រី លីហ្ស ស្រូ​សហ្សែ​ល​ល៍ (Liz Throssell) វិញ បាន​បញ្ជាក់​ពី​ក្តីបារម្ភ​ជាខ្លាំង ប៉ុន្តែ​អ្នកស្រី​មិន​វាយតម្លៃ​បញ្ហា​នេះ​ទេ ហើយ​ថា នឹង​ឆ្លើយតប​ជុំវិញ​រឿងនេះ​នៅ​ពេល​ឆាប់ៗ​ខាងមុខ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងការបរទេស​អា​មេរិក ថា វិធានការ​របស់​រដ្ឋាភិបាល រួម​ទាំង​ការគំរាមកំហែង លើ​អង្គការ​សង្គម​ស៊ីវិល និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ក្លាយ​ជា​ចម្ងល់​ជាច្រើន​អំពី​សមត្ថភាព​របស់​រដ្ឋាភិបាល ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត​ថ្នាក់ជាតិ នៅ​ឆ្នាំ​២០១៨ ដែល​ថា​នេះ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។​សហរដ្ឋអាមេរិក​ចាត់​ទុក​ថា ទង្វើ​រដ្ឋាភិបាល​ពេលនេះ​ជា​ការ​ធ្វើឲ្យ​មានមន្ទិល​យ៉ាងខ្លាំង​ទៅ​លើ​ភា​ពអាច​ជឿជាក់​បាន​នៃ​លទ្ធផល​បោះឆ្នោត​។​

​ចំណែក​សហគមន៍​អឺរ៉ុប បាន​សេចក្តី​ថ្លែងការណ៍​ដោយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង លោក​កឹម សុខា ជាបន្ទាន់​ដោយ​ផ្អែក​ទៅលើ​អភ័យឯកសិទ្ធិ​សមាជិក​សភា​របស់​លោក​។​

​មន្ត្រី​នាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក អា​រ៉េ​ន​ដ៍ ស្វត​ចិ​ស្សបាន​ថ្លែងថា ស្ថានទូត​មាន​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចាប់ខ្លួន​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​គួរឱ្យ​គោរព​ម្នាក់​។ មន្ត្រី​នាំពាក្យ​រូបនេះ​បាន​ចាត់ទុក​ការចាប់ខ្លួន​នេះ​ថា ជា​ការចោទប្រកាន់​មួយ​ក្នុងចំណោម​ការចោទប្រកាន់​ដទៃទៀត ដែល​ឆ្លុះបញ្ចាំង​ពី​រឿង​នយោបាយ​។​

​ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី (Malaysia) លោក ឆា​លស៍ សាន​ទី​អេ​ហ្គោ (Charles Santiago) ថ្លែងថា ការចាប់ខ្លួន​មេដឹកនាំ​បក្សប្រឆាំង នេះ គឺជា​ការបង្ក្រាប​ដល់​កម្រិត​ប្រកាសអាសន្ន​ថ្មី​មួយទៀត ដោយ​គណបក្សកាន់អំណាច​។​

ឯ​សមាជិក​សភា​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អា​ឡាន់ ឡូ​វ៉ិន​ថ​ល (Alan Lowenthal)  វិញ​ថា ប្រជាជន​កម្ពុជា ត្រូវ​ឆ្លងកាត់​ព្យុះ​បោកបក់​ដ៏​ខ្លាំង​មួយទៀត​ហើយ ជាមួយ​នឹង​ការចាប់ខ្លួន​មេដឹកនាំ​បក្សប្រឆាំង​លោក​កឹម សុខា ដោយ​រដ្ឋាភិបាល​កម្ពុជា​ពេល​នេះ​។​

​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ប្រតិកម្ម​តប​វិញ​ថា អ្នក​ដែល​ត្រូវ​ចោទប្រកាន់​ពី​អំពើ​ក្បត់ជាតិ​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​គ្នា​ជាមួយ​បរទេស​នោះ គឺ ហ៊ុន សែន ខ្លួនឯង​ទៅ​វិញ​ទេ ព្រោះ​លោក​បាន​ពឹងពាក់​ប្រទេស​វៀតណាម និង​ចិន ដើម្បី​កាន់អំណាច និង​បន្ត​កាន់​អំណាច​ដល់​ពេល​បច្ចុប្បន្ន​។​

​ផ្ទុយ​ពី​សហគមន៍ អន្តរជាតិ ស្ថាប័ន​ជាតិ​ក្នុង​ស្រុក​ឯណេះ វិញ បាន​សម្រុក​ចេញ​ញត្តិ​គាំទ្រ​ចំណាត់ការ​រដ្ឋាភិបាល និង​ទទូច​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជាពិសេស​ស្ថាប័ន​តុលាការ ផ្ដន្ទាទោស​លោក​កឹម សុខា ឲ្យបាន​ធ្ងន់ធ្ងរ និង​ឲ្យបាន​សក្តិសម​បំផុត ចំពោះ​អំពើ​ក្បត់ជាតិ ដែល​មិន​អាច​អត់ឱន​ឲ្យបាន​នេះ​។​ស្ថាប័ន​ទាំងនោះ មាន​នាយកដ្ឋាន​វិស្វកម្ម ក្រសួង​ការពារជាតិ  មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រៃវែង មេបញ្ជាការរង​កងទ័ព​ជើង​អាកាស ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋបាល​ខេត្ត​កំពត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​រ៉ែ និង​ថាមពល ក្រុមប្រឹក្សា​សាកលវិទ្យាធិការ​នៃ​កម្ពុជា សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​។​ល​។​

​ដោយឡែក ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍ ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​ចេញ​ញត្តិ​គាំទ្រ​យ៉ាង​ពេញទំហឹង ទៅ​លើ​ចំណាត់ការ របស់​ស្ថាប័ន​សមត្ថកិច្ច ដែល​ចាប់ខ្លួន​លោក​កឹម សុខា ដែល​បាន​ឃុបឃិត​ជាមួយ​បក្ខពួក និង​បរទេស​មួយ​ចំនួន ជាសម្ងាត់​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន ថា​ជា​ទង្វើ​ក្បត់ជាតិ ធ្វើឲ្យប៉ះពាល់​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់ អធិបតេយ្យ និង​ឯករាជ្យភាព របស់​ប្រទេស​កម្ពុជា​។​

​ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍ ប្រចាំ​អង្គការ​សហប្រជាជាតិ សូម​ទទូច​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជាពិសេស​ស្ថាប័ន​តុលាការ ត្រូវ​ផ្ដន្ទាទោស​ឲ្យបាន​ធ្ងន់ធ្ងរ និង​ឲ្យបាន​សក្ខិសម​បំផុត ចំពោះ​អំពើ​ក្បត់ជាតិ ដែល​មិន​អាច​អត់ឱន​ឲ្យបាន​នេះ​។​

រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ ក្រោយ​ការចាប់ខ្លួន​នេះ ដោយ​បាន​ចាត់ទុក​កាយ​វិការ និង​សកម្មភាព​របស់​មេបក្ស​ប្រឆាំង​តាមរយៈ​ការនិយាយ​ដោយ​ផ្ទាល់មាត់​នៅ​ក្នុង​វីដេអូ​នេះ​ថា ជា​អំពើ​ក្បត់ជាតិ ដែល​មានចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​នៃ​មាត្រា ៤៤៣ (​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​) ក្នុង​ផ្នែក​ទី​១ ស្តី​ពី​អំពើ​ក្បត់ជាតិ និង​អំពើ​ចារ​កម្ម ជំពូក​ទី​២ ស្តីពី​ការប៉ះពាល់​សន្តិសុខ​នៃ​រដ្ឋ មាតិកា​ទី​១ ស្តី​ពី​អំពើ​ក្បត់ជាតិ និង​អំពើ​ចារកម្ម​ជំពូក​ទី​២ ស្តីពី​ការប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ មាតិកា​ទី​១ ស្តី​ពី​ការប៉ះពាល់​ដល់​ស្ថាប័ន​ចម្បង​របស់​រដ្ឋ គន្ថី​ទី​៤ ស្តី​ពី​បទល្មើស​ប្រឆាំងនឹង​ជាតិ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រក្សា​ភាពស្ងប់ស្ងាត់ និង​ទុក​ករណីនេះ​ជូន​តុលាការ ដើម្បី​ចាត់ការ​បន្ត​។​

សូមបញ្ជាក់​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយ​គ្មាន​ដីកា​ពី​តុលាការ​ឡើយ ដោយ​អាជ្ញាធរ​អះអាងថា វា​ជា​បទល្មើស​ជាក់ស្ដែង ដោយ​សម្អាង​ទៅលើ​វីដេអូ​ឃ្លីប​មួយ​ដែល​ចេញផ្សាយ​នៅ​ដើមឆ្នាំ​២០១៤ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​បន្ត នៅ​យប់​ថ្ងៃទី​២ ខែ​សីហា ដោយ​មាន​រូប​លោក កឹម សុខា កំពុង​ថ្លែង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ក្នុងប្រទេស​អូស្ត្រាលី​។​

ក្នុង​វីដេអូ​នោះ លោក កឹម សុខា បាន​រៀបរាប់​ពី​ការតស៊ូ​រយៈពេល​ជាង ២០​ឆ្នាំ​របស់​លោក​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ និង​ជា​ការ​សន្សំ​ការតស៊ូ​ជា​យូរណាស់​មកហើយ ហើយ​ថា ការ​ដែល​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ក្រោយ​ការបោះឆ្នោត​នោះ គឺ​កើតឡើង​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​អ្នកប្រឆាំង ដោយ​មាន​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ពី​ប្រទេស​ប្រជាធិបតេយ្យ ដូច​សហរដ្ឋអាមេរិក ជួយ​ផ្ដល់​យោបល់​។ ពេលនេះ លោក​កឹម សុខា ត្រូវបាន​អាជ្ញាធរ​កម្ពុជា បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​ចោទប្រកាន់​មេ​បក្ស​ប្រឆាំង​រូបនេះ​ថា ជា​ជន​ក្បត់ជាតិ និង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​ក្រុម​បាតដៃ​ទី​បី​ផងដែរ​៕

 

 

ព័ត៌មានផ្សេងទៀត