តើ​មហោស្រព​សិល្បៈ ពិតជា​អាច​ជួយ​ដល់​ជីវិត​ល្ខោនបាសាក់​មែន​ទេ​?

ដោយ៖ គង់ ឧត្តម 03-09-2017 5:46 pm 750
លោក អុល សំអាង (ស្តាំទីពីរ) ក្នុងកម្មវិធីមួយនៅស្ថានីយ៍ទូរទស្សន៍បាយ័ននាពេលកន្លងមក ។ រូបថតពី fb ។

​សិល្បៈ​ល្ខោនបាសាក់​របស់​ខ្មែរ​បាន​កើត​ឡើង​តាំងពី​មុន​ឆ្នាំ​១៩៤១​មក​ម្ល៉េះ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម ។ ជំនាន់​នោះ​ខ្មែរ​បាន​សម្រេច​បង្កើត​ល្ខោន​នេះ​ឡើង ដើម្បី​ទប់ស្កាត់​នូវ​លំហូរ​នៃ​វប្បធម៌​របស់​បណ្តា​ប្រទេស​ដែល​នៅ​ជិត​តំបន់​នោះ ដូចជា ចិន វៀតណាម និង​ចាម​ជាដើម ។ សំលៀក​បំពាក់​ប្រើប្រាស់​ក្នុង​ល្ខោនបាសាក់ខ្លះ គឺ​បាន​ឆ្នៃ​ចេញពី​ល្ខោន​ហ៊ី​របស់​ចិន​បន្តិច ល្ខោន​កៃ​លឿង​របស់​វៀតណាម​បន្តិច និង​ពី​ឥណ្ឌា​បន្តិច ដោយ​បាន​បម្លែង​ទៅជា​របស់​ខ្មែរ ដែល​ហៅថា ល្ខោន​យូ​កេ ឬ​ល្ខោន​ទ្រើង​ឃ្លោក ។ បើ​តាម​ឱ្យដឹងពី​លោក អុល សំអាង បាន​ប្រាប់ថា សព្វថ្ងៃ​កម្ពុជា​មាន​ក្រុម​ល្ខោនបាសាក់​ចំនួន​ប្រមាណ​១០០​ក្រុម​ជាង និង​មាន​ក្រុម​ល្បីៗ​ប្រចាំ​ប្រទេស​ចំនួន​ក៏​មិន​ច្រើន​ដែរ នៅ​ទូទាំង​ប្រទេស​កម្ពុជា ។​

​យ៉ាងណាម៉ិញ បើទោះបីជា​មាន​ក្រុម​ល្ខោន​រហូត​ជាង​១០០​ក្រុម​ក៏ពិតមែន ក៏​យើង​ឃើញថា ការសម្តែង​ល្ខោនបាសាក់ និង​ការនិយម​សិល្បៈ​ល្ខោន​នេះ មិន​អាច​បញ្ជ្រាប​ចូលក្នុង​ទីក្រុង​ភ្នំពេញ​បាន​ច្រើន​ទេ ។ ក៏ប៉ុន្តែ​សិល្បៈ​នេះ បែរ​ជា​កំពុង​ពង្រីករ​ស​និយម​របស់​ខ្លួន​នៅតាម​ទីជនបទ​ស្រុក​ស្រែ​ចម្ការ​ទៅវិញ ។ ប្រធាន​ក្រុម​ល្ខោនបាសាក់ លោក អុល សំអាង បាន​អះអាង​ប្រាប់ថា បើ​ទោះបីជា​នៅក្នុង​ទីក្រុង​ភ្នំពេញ ពុំ​សូវ​មាន​ការសម្តែង លើក​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏ពិតមែន តែ​សិល្បៈ​នេះ​នៅតែ​មាន​ការគាំទ្រ​ពី​មហាជន​នៅតាម​ជនបទ​ដដែល​…
​សំឡេង លោក អុល សំអាង ៖

​តួឯកល្ខោន​រូប​នេះ​ប្រាប់​ខ្ញុំ​ថា តាម​ការសង្កេត​ផ្ទាល់​របស់​លោក ក្រោយ​ប្រឡូក​ជា​អ្នកដឹកនាំ​និង​សម្តែង​ល្ខោនបាសាក់​ជិត​២០​ឆ្នាំ​មកនេះ​ឃើញថា ជីវភាព​នៃ​សិល្បករ​នីមួយៗ​បាន​កើនឡើង ដោយសារតែ​ទទួល​បាន​កម្រៃ​ពី​ការជួល​សម្តែង​ខ្ពស់ជាង​ពេលមុនៗ ។ ស្រប​ពេល​ថ្លៃឈ្នួល​កើនឡើង​ពិតមែន តែ​វា​ក៏​នៅ​ពុំ​ទាន់​ឆ្លើយតប​ទៅ​នឹង​ការផ្គត់ផ្គង់​ជីវភាព​បាន​គ្រប់គ្រាន់​នៅឡើយ ដោយសារ​តែ​ចំនួន​នៃ​ការជួល​តិច ។ 

​ក្រុម​ល្ខោនបាសាក់​របស់លោក បាន​ចុះ​ទៅ​សម្តែង​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​ថា ខេត្ត​ដែល​មាន​ពលរដ្ឋ​បន្ត​គាំទ្រ​ល្ខោនបាសាក់​ខ្លាំងជាងគេ​មាន ខេត្ត​កំពង់ចាម កណ្តាល ស្វាយរៀង តាកែវ កំពត ជាដើម ។ ជាទូទៅ​ក្រុម​ល្ខោនបាសាក់​របស់លោក ត្រូវ​សម្តែង​ចាប់ពី​ម៉ោង​៨​យប់ រហូត​ដល់​ទល់​ភ្លឺ វា​អាស្រ័យ​លើ​ការនិយម​របស់​មហាជន​នៅតាម​ខេត្ត​នោះ​ប៉ុណ្ណោះ​…
​សំឡេង លោក អុល សំអាង ៖

​បុរស​វ័យ​៣៧​ឆ្នាំ​រូប​នេះ​ជឿជាក់ថា សិល្បៈ​ល្ខោនបាសាក់​នៅតែ​មាន​ការគាំទ្រ​ច្រើន​ពី​អ្នក​ទីក្រុង​ក្នុង​សង្គម​ស៊ីវិល័យ​សព្វ​ថ្ងៃ​ដដែល ។ ដោយសារ​នៅ​ទីក្រុង​ភ្នំពេញ​ពុំ​មាន​ទីកន្លែង​ដើម្បី​សម្តែង​ជាប្រចាំ ហេតុនេះហើយ​ទើប​មាន​ទស្សនៈ​មួយចំនួន​បាន​លើកឡើង​ថា អ្នកទីក្រុង​លែង​មាន​ការនិយម​ទស្សនា​ល្ខោន​ហើយ ។ គាត់​អះអាង​ថា បើសិនជា​យើង​មាន​សាល​មហោស្រព ឬ​ទីតាំង​ណា​មួយ​សមរម្យ​ដើម្បី​សម្តែង គាត់​ជឿថា​នឹង​មាន​អ្នកគាំទ្រ​មក​ចូលរួម​ទស្សនា​ពុំខាន​…
​សំឡេង លោក អុល សំអាង ៖

​លើសពីនេះទៅទៀត លោក អុល សំអាង ជឿថា ល្ខោនបាសាក់​នឹងមិន​បាត់បង់​នោះ​ទេ ។ ការអះអាង​នេះ ក៏​ព្រោះ​លោក​ជឿថា បើសិន​ជា​សិល្បករ​និង​ព្រឹទ្ធាចារ្យ​ចាស់ៗ បន្ត​ឆន្ទៈ​នៅ​តែ​លើក​ស្ទួយ គាំទ្រ បង្ហាត់​បង្ហាញ តម្រង់ផ្លូវ​ដល់​យុវជន​ជំនាន់​ក្រោយៗ កុំឱ្យ​ពួកគាត់​ភ្លេច​គិត​ពី​វប្បធម៌​របស់​ខ្លួន ។ លោក​ថា សង្គម​មួយ​ជឿនលឿន​ទៅ​មុខ​បាន លុះត្រា​ណា​តែ​មាន​ការផ្សព្វផ្សាយ​អំពី​វប្បធម៌​របស់​ខ្លួន​ឱ្យបាន​ទូលំទូលាយ​…
​សំឡេង លោក អុល សំអាង ៖

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត