លោក​ហ៊ុន សែន​​ព្រមាន​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ​​បើ​ហ៊ាន​លូក​ដៃ​រឿង​​លោក​កឹម សុខា​​

ដោយ៖ គួន សំបូរ 03-09-2017 2:26 pm 9979
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពេលជួបជាមួយកម្មករនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧។

​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន ហើយ​ប្រសិន​តុលាការ​រក​ឃើញ​ថា លោក​កឹម សុខា មានទោស​ក្បត់ជាតិ​មែន គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ត្រូវ​រំលាយ​ចោល​។​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ព្រមាន​ហាម​គណបក្សប្រឆាំង​ការពា​រលោក កឹម សុខា បើ​មិន​ដូច្នេះ​ទេ​គណបក្ស​អាច​ប្រឈម​នឹង​ការរំលាយចោល​។

«​បើ​បក្ស​ចេញមុខ​មក​ការពារ​បុគ្គល បក្ស​ក៏​ត្រូវ​ប្រឈម​នឹង​ការរំលាយចោល​ដែរ​។ កុំ​ថា​ប្រទេស​នេះ​ផ្តាច់ការ អត់​ទេ​! រដ្ឋ​អធិបតេយ្យ​មួយ​មិន​អាច​ឲ្យ​បរទេស​មក​ធ្វើ​របៀប​នេះ​ទេ នេះ​ជា​អំពើ​ក្បត់ជាតិ យក​ផលប្រយោជន៍ ជាតិ​ឲ្យ​បរទេស អ្វីៗ​ដើម្បី​តែ​ផ្តួលរំលំ​ឡើង​កាន់​អំណាច​ខ្លួនឯង​»​។ នេះ​ជា​ការព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​Fresh News ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ និយោជិត​នៅ​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​។​

​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការចាប់ខ្លួន​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​ផែនការ​ក្បត់ជាតិ​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​ពេល​នេះ គឺជា​ការទូទាត់​បញ្ជី​ពី​មុន​រហូត​ដល់​ចប់ ហើយ​លោក​បាន​ចោទ​អាមេរិក​ថា គឺជា​បាតដៃ​ទី​៣ នៅ​ពីក្រោយ​រឿងរ៉ាវ​ទាំងនេះ​។​

សំឡេងលោកហ៊ុន សែន៖

​ក្រៅពី​ព្រមាន​គណបក្សប្រឆាំង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រក្សា​ភាពស្ងប់ស្ងាត់ ទុកឲ្យ​តុលាការ​ចាត់ការ តាម​ផ្លូវច្បាប់​។​លោក​ថា មិន​អាច​ទុក​ឲ្យ​អំពើ​ក្បត់ជាតិ​បែបនេះ កើតមាន​នៅ​លើ​ទឹកដី​កម្ពុជា​ជាថ្មី​ម្តងទៀត​ទេ ហើយ​លោក​អំពាវនាវ​ចំពោះ​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​ទៀត កុំ​លូកដៃ​ជាមួយ​កិច្ចការ​ទាំងឡាយ​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព និង​ផលប្រយោជន៍​របស់​ជាតិ​កម្ពុជា​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ពី​បទ​ដែល​គេ​អះអាង​ថា ពាក់ព័ន្ធ​នឹង​ផែនការ​ផ្តួល​រលំ​រដ្ឋាភិបាល​កម្ពុជា​។​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​អះអាង​ថា ករណី​របស់​លោក​កឹម សុខា ជា​បទល្មើស​ជាក់ស្តែង ហើយ​ពេលនេះ​លោក​កំពុងតែ​ឃុំខ្លួន​នៅ​ពន្ធនាគារ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​រូបនេះ បាន​សង្គត់ធ្ងន់​ថា ប្រសិនបើ​រក​ឃើញ​ថា លោក កឹម សុខា មានទោស​មែន គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ត្រូវ​រំលាយ​ចោល​ផងដែរ​…

​សំឡេង​លោក​ជិន ម៉ា​លីន​៖

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​និង​សង្គម លោក​បណ្ឌិត​មាស នី យល់ថា លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ហាក់​កំពុង​ដើរ​តាម​កន្លង​សម្ដេចព្រះ នរោត្ដម សីហនុ និង​ព្រឹត្តការណ៍​ឆ្នាំ​១៩៧០ ហើយ​វាសនា​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​រំលាយចោល ឬក៏​អាច​នឹង​ទុក​ដើម្បី​លំអរ​ប្រជាធិបតេយ្យ នៅពេល​គណបក្ស​ប្រឆាំង​នេះ​អស់​ឥទ្ធិពល​។​
​លោក​បណ្ឌិត​មាស នី បាន​ផ្តល់​ជា​យោបល់​ថា គណបក្ស​សង្គ្រោះ​ជាតិ​គួរ​ជៀសវាង​ការធ្វើ​បាតុកម្ម ប្រឆាំង​នឹង​ការចាប់ខ្លួន​លោក​កឹម សុខា​។​ប៉ុន្តែ​គណបក្ស​នេះ​គួរតែ​អំពាវនាវ​ដល់​អន្តរជាតិ ឲ្យជួយ​ដោះស្រាយ និង​បង្ហាញ​ពី​ភាព​លំបាក់​របស់​ក្នុង​ក្នុង​ការប្រកួតប្រជែង​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​…

​សំឡេង​លោក​មាស នី​៖

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​នេះ​ថា រហូតមកដល់​ពេលនេះ គណបក្ស​មិន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ហើយ​ទុក​ឲ្យ​ស្ថានការណ៍​ពេល​នេះ​ដើរ​ទៅ​ដោយ​ខ្លួនឯង ហើយ​គណបក្ស​ក៏​គ្មាន​គម្រោង​ធ្វើ​បាតុកម្ម​ដែរ​។​លោក​ថា ស្ថានការណ៍​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មានតែ​អន្តរជាតិ​ទេ ដែល​អាច​ជួយ​ដោះស្រាយ​បាន​…

​សំឡេង​លោក​យឹម សុវណ្ណ​៖

​គួរកត់សម្គាល់​ថា មុន​ចាប់ខ្លួន​លោក​កឹម សុខា គេ​សង្កេតឃើញថា នៅ​រយៈកាល​ចុងក្រោយ​នេះ មាន​បណ្តាញ​សង្គម​មួយ​បាន​ទម្លាយ​ឯកសារ​ជា​បន្តបន្ទាប់ ដោយ​ចោទ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ទំនាក់ទំនង​ជា​សម្ងាត់​ជាមួយ​អង្គការ​អន្តរជាតិ​ធំៗ​របស់​អាមេរិក ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ផ្តួលរំលំ​រដ្ឋាភិបាល ដោយ​ការធ្វើបដិវត្ត​ពណ៌ នៅ​ឆ្នាំ​២០១៨​។​ការទម្លាយ​ឯកសារ​ផ្ទួនៗ​បែបនេះ នាំឲ្យ​មាន​ការលើកឡើង​ពី​ក្តីបារម្ភ​ចំពោះ​ការឈាន​ដល់​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យោង​ទៅលើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ  ដែល​ទើបនឹង​អនុម័ត​ដាក់ឲ្យ​ប្រើប្រាស់​ថ្មីៗ​នេះ​៕

ព័ត៌មានផ្សេងទៀត