ពលរដ្ឋ​ណាខ្លះ​ដែល​ត្រូវ​ទៅ​ធ្វើ​បច្ចុប្បន្នភាព​និង​ចុះឈ្មោះ​បោះឆ្នោត​ជា​ថ្មី​?

ដោយ៖ គង់ ឧត្តម 02-09-2017 4:16 pm 620

​ការបោះឆ្នោត​ថ្នាក់​ជាតិ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ ស្របគ្នា​នេះ គ​.​ជ​.​ប ក៏​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ទៅធ្វើ​បច្ចុប្បន្នភាព និង​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ ។ ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​នេះ មាន​រយៈពេល​៧០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ។​

​អនុប្រធាន គ​.​ជ​.​ប ប្រាប់ថា គោលបំណង​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧​នេះ ធ្វើឡើង​ដើម្បី​ស្រង់ និង​លុបឈ្មោះ​អ្នកបោះឆ្នោត ពិសេស​នោះ​គឺ​ធានា​ឱ្យ​មាន​បញ្ជី​បោះ​ឆ្នោត​មួយ​ដែល​មាន​ភាព​ពេញលេញ ត្រឹមត្រូវ មាន​បច្ចុប្បន្នភាព ហើយ​និង​មាន​គោលដៅ​៣​ធំៗ …
​សំឡេង​៖

​លោក គួ​យ ប៊ុន​រឿន បញ្ជាក់ថា ដើម្បី​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន គឺ​ពលរដ្ឋ​ត្រូវ​ទៅ​៖
១. បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ឃុំ​សង្កាត់ តាម​ពេលវេលា​ដែល​គ​.​ជ​.​ប​បានកំណត់  
២. មាន​សញ្ជាតិ​ខ្មែរ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​បម្រើឱ្យ​ការបោះឆ្នោត 
៣. មាន​អាយុ​១៨​ឆ្នាំ គិត​មក​ដល់​​ពេល​បោះឆ្នោត 
៤. មាន​ទីលំនៅ ឬ​ស្នាក់នៅ​ក្នុង​ឃុំ​សង្កាត់​ដែល​សា​ម៉ី​ខ្លួន​ត្រូវ​ទៅ​បោះឆ្នោត​

​លោក គួ​យ ប៊ុន​រឿន បញ្ជាក់​បន្តថា ក្នុងករណី​ដែល​អាសយដ្ឋាន​ខុស​ពី​អាសយដ្ឋាន​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​ខ្លួន ពលរដ្ឋ​ត្រូវ​ភ្ជាប់​មក​ជាមួយ​សៀវភៅ​ស្នាក់​នៅ​ច្បាប់ដើម ឬ​សៀវភៅ​គ្រួសារ​ច្បាប់ដើម ឬ​លិខិត​បញ្ជាក់​ទីលំនៅ​ដែល​បញ្ជាក់​ពី​ការ​ស្នាក់នៅ​ក្នុង​ឃុំ​សង្កាត់​ដើម្បី​ស្នើសុំ​ចុះ​ឈ្មោះ​បោះឆ្នោត ។ ម្យ៉ាងទៀត ដើម្បី​ទទួលបាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត ពលរដ្ឋ​សា​ម៉ី​ខ្លួន​ត្រូវ​ទៅ​ស្នើសុំ​ពី​សាលាឃុំ​សង្កាត់​ដែល​ខ្លួន​កំពុង​ស្នាក់នៅ ដោយ​នាំ​ទៅ​ជាមួយ​នូវ​សាក្សី​២​រូប ដែល​មាន​សិទ្ធិ​បោះឆ្នោត ហើយ​កំពុង​រស់នៅ​ក្នុង​ឃុំ​សង្កាត់​ជាមួយគ្នា និង​រូបថត​ទំហំ ៣​គុណ​៤ ចំនួន​២​សន្លឹក ។​

​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ប្រាប់ថា ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦ ធ្វើឡើង​សម្រាប់​តែ​ប្រជាពលរដ្ឋ​ណា​ដែល​ត្រូវ​ការកែប្រែ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦​ប៉ុណ្ណោះ ដូច​ជា​ខុស​ឈ្មោះ ខុស​អក្ខរាវិរុទ្ធ ខុស​ថ្ងៃខែ​ឆ្នាំ​កំណើត អាសយដ្ឋាន ទីកន្លែង​កំណើត ដែល​ខុស​ទៅ​នឹង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​ខ្លួន ។ បាត់បង់​សិទ្ធិ​បោះឆ្នោត ដោយសារ​ជាប់​ជា​ពិរុទ្ធជន ឬ​ជាប់​ពន្ធនាគារ ឬ​បាត់​សិទ្ធិ​បោះឆ្នោត​បណ្ដោះអាសន្ន ឬ​ត្រូវ​បាន​តុលាការ ចេញ​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ជាដើម ពោល​អ្នក​ដែល​ត្រូវ​បាន​បញ្ជាក់ថា បាត់បង់​សិទ្ធិ​បោះឆ្នោត ។ បាន​ទទួលមរណភាព ។ ឬ​ផ្តាល់ប្តូរ​ទីលំនៅ​ដោយ​ចាកចេញ​ពី​ទីលំនៅ​ក្នុង​ឃុំ​សង្កាត់​ចាស់ ទៅ​រស់នៅ ឬ​ស្នាក់នៅ​ក្នុង​ឃុំ​សង្កាត់​ថ្មី ។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការ​លុបឈ្មោះ​ពលរដ្ឋ​ណា​ម្នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦ បាន​លុះត្រាតែ​មាន​ការបញ្ជាក់​ពីសា​ម៉ី​ខ្លួន ឬ​អាជ្ញាធរ​មូលដ្ឋាន ឬ​សាច់ញាតិ​ក្រុមគ្រួសារ ។​

​អនុប្រធាន គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន រំ​ឭក និង​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ ទៅ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បញ្ជាក់​ថា ពលរដ្ឋ​ពិតជា​មាន​ឈ្មោះ​បោះឆ្នោត​ពិតប្រាកដ​…
​សំឡេង​៖

​សូមបញ្ជាក់​ថា បើ​តាម​ការប៉ាន់ស្មាន​ពី​គ​.​ជ​.​ប ប្រជាពលរដ្ឋ​កម្ពុជា​ដែល​គ្រប់​អាយុ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ គិត​ដល់​ថ្ងៃ​បោះឆ្នោត មាន​ចំនួន ៩.៧៨៨.២៣៩ នាក់ ក្នុងចំណោម​ពលរដ្ឋ​សរុប ១៥.៨៨៣.២៥០​នាក់ ។ សម្រាប់​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​មាន​ចំនួន ៧.៨៦៥.០៣៣ នាក់ ខណៈ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧​មាន​ចំនួន ១.៤១២.១៤៩ នាក់ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត