ពេលនេះ ​សហគមន៍​អន្តរជាតិ ​កំពុង​មើល​​មក​កម្ពុជា​ ក្នុង​ផ្លូវ​​អវិជ្ជមាន​​បំផុត​!​

ដោយ៖ ខាត់ សុធី 01-09-2017 12:25 pm 7113

​ប្រតិកម្ម ពី​សហគមន៍​អន្តរជាតិ មាន​ជា​ហូរហែ បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរ​បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល មាន​NDI ជាដើម​។ ក្នុងនោះ​មាន ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្រសួងការបរទេស​អា​មេរិក អង្គការសហប្រជាជាតិ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្ដរជាតិ (Human Rights Watch) និង​ចុងក្រោយ គឺ​សមជិក​សភា​អាស៊ាន​។ ការយល់ឃើញ​ជារួម​នៃ​បណ្តា​សហគមន៍​អន្តរជាតិ​លើ​ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នឹង​ធ្វើឲ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ផង​ដែរ​ទៅលើ​ជោគវាសនា​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ជាពិសេស​គឺ​ការបោះឆ្នោត​ជាតិ​ដែល​នឹង​ធ្វើឡើង​នៅ​សល់​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ផង​នោះ​។ 

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ចាត់ទុក​ការ​ធ្វើទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​របស់​រដ្ឋាភិបាល ថា​ជា​ការភ័យខ្លាច​ចាញ់​ការបោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ ខាងមុខ​។​បន្ថែម​ពីលើ​នេះ នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ លោក ហ្វីល រ៉ូ​ប៊ឺត​សុន (Phil Robertson) ថា លោក ហ៊ុន សែន កំពុង​មាន​បញ្ហា​ផ្លូវចិត្ត ដោយសារតែ​វិបត្តិ​មិន​ទុកចិត្ត​អ្នកដទៃ និង​បារម្ភ​ពី​ការផ្សាយ​ព័ត៌មាន​ពិត​របស់​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ និង​សង្គម​ស៊ីវិល ទាំងនោះ​។​

​ចំណែក​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា និង​ថា​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​កំពុង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​រិះគន់​រដ្ឋាភិបាល​។​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស បារម្ភ​ថា ការបិទទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​NDI ធ្វើ​ឡើង​មិន​តាម​នីតិវិធី​ត្រឹមត្រូវ ហើយ​ក៏​បារម្ភ​ពី​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​របស់​អ្នកការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។​

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លោក ច​ន ម៉ាក់​ខេន (John McCain) បាន​ថ្លែងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ខ្លាច​សង្គម​បើកចំហ និង​ការពិភាក្សា​ដេញដោល​។​

​ប៉ុន្តែ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ (​អ​.​ស​.​ប​) និង​ប្រចាំ​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺ​ណែ​វ (Geneva) ប្រទេស​ស្វីស (Switzerland) ចាត់ទុក​ការលើកឡើង​របស់​អ្នកនាំពាក្យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​ការ​វិវឌ្ឍន៍​ថ្មីៗ​នៃ​សភាពការណ៍​នៅ​កម្ពុជា នោះ ថា​ពុំ​បាន​ធ្វើឡើង​ដោយ​ផ្អែក​ទៅលើ​ការពិត​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ប៉ុន្តែ​គឺ​ធ្វើឡើង​ដោយ​ផ្អែក​លើ​ពាក្យ​ចចាមអារ៉ាម និង​ប្រភព​ដែល​មិន​ច្បាស់លាស់ និង​មាន​ចរិត​នយោបាយ​។​

​ថ្មីៗ​នេះ​ទៀត ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស ក៏​បាន​ធ្វើ​ការកត់សម្គាល់​ថា ជាច្រើន​ឆ្នាំ​មកហើយ ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្នុង​បរិយាកាស​នៃ​ការភ័យខ្លាច​ដែល​បង្កឡើង​ដោយ​គណបក្សកាន់អំណាច​ធ្វើ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការរក្សា​អំណាច​របស់​ខ្លួន​តទៅ​ទៀត និង អ្វី​ដែល​បាន​កើតឡើង​ក្នុង​ពេល​ថ្មីៗ​នេះ គឺជា​ការបំពានច្បាប់​មួយ​ដែល​មិន​ដូចជា​អ្វី​ដែល​គេ​បាន​ឃើញ​តាំង​ពី​ចុះ​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ក្នុង​ឆ្នាំ​១៩៩១​មក​។​សមាជិកសភា​មក​ពី​គ្រប់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ដុនដាប​នៅ​កម្ពុជា​។​
​សមាជិក​សភា​អាស៊ាន បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន គួរ​បញ្ឈប់​សកម្មភាព​គំរាមកំហែង​ទាំងនេះ​ចោល បើ​ពុំនោះ​ទេ លទ្ធផល​បោះឆ្នោត​នា​ឆ្នាំ​២០១៨ នឹង​មិន​អាច​ជឿ​ទុកចិត្ត​បាន​ឡើយ​។​

​ការមើលឃើញ​ជាទូទៅ​ថា ពេល​នេះ​បណ្ដា​ប្រទេស​ដែល​ផ្ដល់​ភាពស្របច្បាប់​ដល់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ដែល​ផ្ដល់​ជំនួយ​ជាច្រើន​រយ​លាន​ដុល្លារ​ ​សម្រាប់​កម្ពុជា ប្រកាន់​ជំហរ​ប្រឆាំង​ការវាយប្រហារ​កាន់តែខ្លាំង​ឡើង នឹង​អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​ទៅលើ​បណ្ដា​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គេ​វាយតម្លៃ​ថា​ឯករាជ្យ​។​

ចំណែកឯ​បណ្ដា​អ្នកវិភាគ​នយោបាយ​ក៏​បាន​ចូលរួម​ការអំពាវនាវ ដែរ ដោយ​ចាត់ទុក​ស្ថានការណ៍​នេះ​ថា ធ្ងន់ធ្ងរ​ខ្លាំង ដែល​សហគមន៍​អន្តរជាតិ​មិនអាច​ព្រងើយកន្តើយ ហើយ​បានធ្វើការ​កត់សម្គាល់​ពី​វិធានការ​នានា​ដែល​ម្ចាស់ជំនួយ​អាច​ធ្វើបាន​ ​អាច​ជា​ការដក​ទូត​ ​ការលុបចោល​ជំនួយ ការ​ដាក់​បំរាម​ទិដ្ឋាការ​រហូតដល់​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៀតផង​។​

ប៉ុន្តែ ប្រតិកម្ម​ទាំង​អស់​ពី​បណ្តា​សហគមន៍​អន្តរជាតិ​ខាងលើនេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បដិសេធ ហើយ​ព្រមាន​ថា សហគមន៍​អន្តរ​ជា​ទិទាំង​នោះ គ្មាន​សិទ្ធិ​សោះឡើយ លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​ការបណ្តេញ​បិទ​អង្គការ​NDI និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ នឹង​មហា​យក្ស​អាមេរិក ត្រូវ​បាន​រដ្ឋាភិបាល​ប​ក​ស្រាយ​ទាក់ទង​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ទៅ​វិញ​។​
​តែ​បើ​ទោះ​ជា​ស្ថិតក្នុង​ស្ថានភាព​នេះ ក៏​គ្មាន​សហគមន៍​អន្តរជាតិ ឬ​រដ្ឋាភិបាល​ម្ចាស់ជំនួយ​ណា​ប្រកាស​ពី​ការផ្លាស់ប្តូរ​ធំៗ​នៅក្នុង​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​កម្ពុជា ឡើយ​។​

​គំហើញ​មួយទៀត ការ​យារ​យី លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​បាន​ទាញ​ភ្ជាប់​គណបក្សប្រឆាំង​ឲ្យក្លាយ​ជា​មុខសញ្ញា​ស៊ើបអង្កេត​ពី​អាជ្ញាធរ​កម្ពុជា ដោយសារ​តែ​ព័ត៌មាន​បែកធ្លាយ​ថា គណបក្ស​នេះ​បាន​ទទួល​លុយ​បរទេស​យកមក​ធ្វើ​នយោបាយ​នៅ​កម្ពុជា ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ បើ​ទោះជា​គណបក្ស​ប្រឆាំង បាន​បដិសេធ​ការចោទប្រកាន់​នេះ​ក្តី​។ 

​ក្រៅពី​បណ្ដេញ NDI ចេញពី​ប្រទេស រដ្ឋាភិបាល​ក៏​បិទ​មិនឲ្យ​មាន​បន្ទប់​ស្ថានការណ៍​សម្រាប់​ការបោះ​ឆ្នោត គំរាម​បិទ​កាសែត ឌឹ ខេ​ម​បូឌា ដេលី ខណៈ​ស្ថានីយ​វិទ្យុ​មួយចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាស៊ីសេរី (RFA) សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ត្រូវបាន​ក្រសួង​ព័ត៌មាន​បិទទ្វារ​មិនឲ្យ​ធ្វើ​អាជីវកម្ម ដោយ​ចោទប្រកាន់​ថា មិន​បាន​គោរព​ប្រកាស និង​កិច្ចសន្យា​ជាមួយ​ក្រសួង​។​

ការណ៍​នេះ ត្រូវ​គេ​មើលឃើញ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក មួយ​រយៈពេល​ចុងក្រោយ​នេះ​មាន​សភាព​ល្អក់កករ​ជាខ្លាំង ជាពិសេស​ក្នុង​ឆ្នាំ​២០១៧ នេះ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​ហាក់​កំពុង​បង្កើន​ការអនុវ​ត្ត​ជា​ចំហ​នូវ​នយោបាយ​ប្រឆាំង​អាមេរិក​។ ក្រុមអ្នកវិភាគ និង​ឃ្លាំមើល​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា យល់ឃើញថា នេះ​មិនមែន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ និង​ឆ្លាត​វៃ​ឡើយ ដែល​កម្ពុជា ជ្រើសរើស​យក​មាគ៌ា​នយោបាយ​ការបរទេស​បែបនេះ​ជាមួយ​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​មហាអំណាច​កំពូល​មួយ​នៅលើ​ពិភពលោក​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត