រដ្ឋាភិបាល​​ប្រឹង​កែទម្រង់​ថ្មីៗ​​ដើម្បី​ទាក់​ចិត្ត​ម្ចាស់​ឆ្នោត​​

ដោយ៖ គួន សំបូរ 01-09-2017 8:33 am 250
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះសួរសុខទុក្ខអាជីវករក្នុងផ្សារធំថ្មីកន្លងទៅ។

​ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ គេ​សង្កេតឃើញថា  រដ្ឋាភិបាល​កាន់តែ​បន្ថែម​ធ្វើកំណែទម្រង់ នៅលើ​គោលនយោបាយ​របស់​ខ្លួន​ជា​បន្តបន្ទាប់ តាមរយៈ​ការដោះស្រាយ​ផល​លំបាក់​នានា​ជូន​កម្មករ ការរៀបចំ​សណ្តាប់​ធ្លាប់​សាធារណៈ និង​ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​។​កំណែទម្រង់​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ពលរដ្ឋ​។​តែ​ការ​ខំ​កែទម្រង់​នេះ ត្រូវបាន​អ្នកតាមដាន​សង្គម​និង​នយោបាយ​មួយ​ចំនួន​មើលឃើញថា ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​រដ្ឋាភិបាល ដើម្បី​ស្វែងរក​ការគាំទ្រ​ខាង​នយោបាយ ខណៈ​ការបោះឆ្នោតជាតិ​ជិត​ឈាន​មកដល់​។​សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​៖

​ការរំលោភ​យក​ចិញ្ចើម​ផ្លូវ​រដ្ឋ​ធ្វើ​អាជីវកម្ម ភាពលំបាក​នានា​របស់​កម្មករ កម្មការិនី និង​មន្ត្រីរាជកា ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន កំពុង​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ឡើងៗ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​

​សម្រាប់​កម្មករ កម្មការិនី គេ​ពិនិត្យឃើញថា មិន​ដល់​មួយ​សប្តាហ៍​គេ​ទទួលបាន​កាដូ​យ៉ាង​សម្បើម​ពី​ប្រមុខ​រដ្ឋាភិបាល​មាន​ដូចជា​៖​ការសន្យា​ផ្តល់​ប្រាក់​ឈ្នួល​មិន​ឲ្យទាប​ជាង​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ក្នុង​ឆ្នាំ​២០១៨ ការ​ជិះ​រថយន្តក្រុង រយៈពេល​២​ឆ្នាំ​ដោយ​ឥតគិតថ្លៃ ការទទួល​បាន​ការសម្រាកលំហែ​មាតុភាព​រយៈពេល​៣​ខែ​និង​មាន​ប្រាក់​ឈ្នួល​១២០% ការព្យាបាល​និង​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ការទទួលបាន ប្រាក់​សោធន​និវត្តន៍​នៅ​ថ្ងៃ​អនាគត និង​ជួយ​អន្តរាគមន៍​ចំពោះ​តម្លៃ​ទឹក​ភ្លើង ផ្ទះ​ជួល​ជា​ដើម​។​

​រីឯ​មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ គ្រូបង្រៀន ត្រូវបាន​ដំឡើង ប្រាក់បៀវត្ស​ជា​បន្តបន្ទាប់​។​រួម​ទាំង​គម្រោង​ធ្វើ​លំនៅឋាន សាធារណៈ ដែល​មាន​តម្លៃ​សមរម្យ សម្រាប់​គ្រួសារ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ចូលនិវត្តន៍ និង​ជនពិការ មាន​ចំណូល​ទាប និង​មធ្យម អាច​បង់​រំ​លោះ​បាន​ក្នុងតម្លៃ​ទាប​។​

​ចំណែក​បញ្ហា​ចិញ្ចើមផ្លូវ​សាធារណៈ រដ្ឋាភិបាល​តាមរយៈ​សាលា​រាជធានី​ភ្នំពេញ បាន​កំណត់​យក​មហាវិថី​ធំៗ​ចំនួន​១១​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ជា​ជំហាន់​ដំបូង ដោយ​អាជ្ញាធរ​លែង​អនុញ្ញាតឲ្យច​ត​ចាប់​ម៉ូយ​អនាធិបតេយ្យ​ពាសវា​ល​ពាសកាល​ពេញ​ផ្លូវ​។ រថយន្តឈ្នួល​ត្រូវ​តម្រូវឲ្យ​ចូលទៅច​ត​នៅ​ចំណតរថយន្ត និង​បញ្ចប់​ការ​ដាក់​តាំង​លក់​នូវរ​ថ​ន្ត​នៅតាម​សួនច្បារ​រដ្ឋ​នានា​។​

​តាមរយៈ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ននេះ កំពុង​ទទួល​បាន​ការ​ស្វាគមន៍ និង​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ អាជីវករ​។​ប៉ុន្តែ​សម្រាប់​អ្នកតាមដាន​សង្គម​និង​នយោបាយ​មួយ​ចំនួន​មើលឃើញថា ទាំងនេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ប្រមុខ​ដឹកនាំ​គណបក្សកាន់អំណាច ដើម្បី​ទាក់ទាញ​ចិត្ត​ម្ចាស់ឆ្នោត ខណៈ​លទ្ធផល​នៃ​ការបោះឆ្នោត​កន្លងទៅ​របស់​បក្ស​កាន់អំណាច មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​។​

​បើ​តាម​តួលេខ​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បានបញ្ជាក់​ថា​សមាជិក​គណបក្សកាន់អំណាច​មា​ន​ជាង​៥​លាន​៣​សែន​នាក់ ប៉ុន្តែ​នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ ប្រជា​ពលរដ្ឋ​តែ​ជាង​៣​លាន​៥​សែន​នាក់​ប៉ុណ្ណោះ​ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​កាន់អំណាច​។​

​ជា​ការពិត​ណាស់ ការបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​លើ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ កម្មការិនី​រោងចក្រ​នៅ​រយៈពេល​ថ្មីៗ​នេះ ជា​កាតព្វកិច្ច​របស់​លោក​ផ្ទាល់​ក្នុង​ឋានៈ​លោក​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​។ សកម្មភាព​នេះ គឺជា​រឿង​ដែល​គួរតែ​លើកទឹកចិត្ត និង​អបអរសាទរ ត្បិត​ថា ការ​ចេញ​មុខ​ដោះស្រាយ​នៅពេលនេះ ស្ទើរតែ​ហួសពេល​ទៅ​ហើយ​ក្តី​។​

​ការ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ពេលនេះ គឺ​ចំ​លើ​តម្រូវការ​ចាំបាច់​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​ពួកគេ​។​ប៉ុន្តែ​យ៉ាងណា កាដូ​ទាំងនេះ ត្រូវបាន​គេ​ទស្សន៍​ទាយ​ថា​គ្រាន់​ជា​ការដោះស្រាយ​សើៗ ហើយ​វា​នឹង​ស្ងាត់​ទៅ​វិញ​នៅ​ដំណាក់កាល​ណាមួយ​។​

​ដូច្នេះ រដ្ឋាភិបាល​គួរ​ពិនិត្យ​ស្វែងរក​គោលនយោបាយ​គ្រឹះ​ដែលមាន​ទស្សនវិស័យ​វែងឆ្ងាយ សម្រាប់​ជួយ​ដល់​កម្មករ និង​ពលរដ្ឋ​ខ្លួន​មាន​ដូចជា​៖​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ បញ្ជ្រាប​ចំណេះដឹង​ជុំវិញ​ទីផ្សារការងារ​នៅលើ​ឆាក​អន្តរជាតិ ការបង្កើន​ការផលិត​ក្នុង​ស្រុក​ដោយ​ខ្លួនឯង តាមរយៈ​ការផលិត​ពី​វត្ថុធាតុដើម​ទៅ​ជា​ផលិតផល​កែច្នៃ ហើយ​ត្រូវ​ទប់ស្កាត់​ការដំឡើងថ្លៃ​ទំនិញ​ហួស​ពី​សមត្ថភាព​រស់នៅ​ប្រជាជន និង​ពន្យល់​ពី​មធ្យោបាយ​នៃ​ការតវ៉ា​នៅ​ពេល​មាន​ការជិះជាន់​ពី​សំណាក់ អាជ្ញាធ​ថ្នាក់ក្រោម និង​ន​យោ​ជក​។​ម្យ៉ាងទៀត​រដ្ឋ​គួរតែ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការវិវត្ត​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក ចៀសវាង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ដែល​ពេល​នោះ កាដូ​ប្រែ​ជាការ​អស់​ជំនឿ​ពី​សំណាក់​ពលរដ្ឋ​វិញ​មិន​ខាន​៕

ដោយ គួន សំបូរ

ព័ត៌មានផ្សេងទៀត