សង្គ្រោះ​ជាតិ​​អាច​ជួប​គ្រោះ​​ដល់​​រំលាយ​​បក្ស​ បើ​ស៊ើបអង្កេត​​ឃើញ​​ដូច​ការ​ចោទ​ប្រកាន់​​

ដោយ៖ អឿន ភារ៉ា 31-08-2017 4:51 pm 464

​ក្រសួង​មហាផ្ទៃ​ដាក់​ការសង្ស័យ​ទៅលើ​ប្រភព​ថវិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា​នឹង​ស៊ើបអង្កេត​ទៅលើ​ភាពមិនប្រក្រតី​នេះ​។ លោក​ខៀវ សុភ័គ អះអាង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រសួង​បាន​ស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​រួចហើយ ដើម្បី​សុំ​បើក​ការស៊ើបអង្កេត​ពី​ហិរញ្ញវត្ថុ​របស់​គណបក្សប្រឆាំង​។ វិទ្យុ​វាយោ​នៅថ្ងៃនេះ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​រូបនេះ រួមទាំង​លោក​គៀត ច័ន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​នៅឡើយ​ទេ​។​

​យ៉ាងណា លោក​ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា វិធាន​ស៊ើបអង្កេត​នេះ ក្រសួង​មិន​ទាន់​សន្និដ្ឋាន​យ៉ាងណាទេ គ្រាន់តែ​ស្រាវជ្រាវ​រក​មើល​ថា រឿង​នេះ​ពិត ឬ​មិន​ពិត​កម្រិតណា​។ ហើយ​លោក​ថា អ្វី​ដែល​ក្រសួង​មហាផ្ទៃ​ស្នើ​គោលការណ៍​នេះ​ឡើង គឺ​មាន​តម្រុយ​ដែល​គួរឲ្យ​សង្ស័យ​ដូចឯ​កសារ​បែកធ្លាយ និង​ការចុះផ្សាយ​មួយចំនួន​របស់​សារព័ត៌មាន​ក្នុងស្រុក​ដែរ​។ ប្រសិនបើ​ការស៊ើបអង្កេត​រកឃើញ​ពិត​ដូច​ការចោទប្រកាន់​នេះ​មែន លោក​ខៀវ សុភ័គ ថា​គណបក្ស​នេះ​ត្រូវ​ប្រឈមមុខ​នឹង​ការរំលាយ​បក្ស​ចោល ព្រោះ​ល្មើស​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ ចាត់ទុក​ការចោទប្រកាន់​នេះ​ថា ជាការ​ចោទឡើង​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់ និង​ជា​ការធ្វើ​ទុក​បុក​ម្នេញ​មកលើ​បក្សប្រឆាំង​ក្រោម​ហេតុផល​នយោបាយ​។ លោក​លើកឡើថា គណបក្ស​ប្រឆាំង​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ខុសច្បាប់​នោះ​ទេ ហើយ​របាយការណ៍​ចំណូល​ចំណាយ​របស់​គណបក្ស ដែល​បាន​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ​រៀងរាល់ឆ្នាំ ក៏​បង្ហាញ​ពី​ភាពត្រឹមត្រូវ​ផងដែរ​។​
​សំឡេង​លោក​យឹម សុវណ្ណ​៖

​បើ​តាម​លោក​យឹម សុវណ្ណ ប្រភព​ថវិកា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ភាគច្រើន​បានមក​ពី​សមាជិក​សមាជិកា​បក្ស ថ្នាក់ដឹកនាំ សកម្មជន និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស​។ លោក​ក៏​បាន​បដិសេធថា គណបក្សប្រឆាំង មិន​ដែល​បាន​ទទួល​លុយ​ពី​បរទេស​នោះ​ទេ​។​

​មិនតែប៉ុណ្ណោះ លោក​យឹម សុវណ្ណ បានបង្ហាញ​ការងឿងឆ្ងល់​ថា ចំពោះ​ព័ត៌មាន​មួយចំនួន​នៅ​លើ​បណ្តាញ​សង្គម ដែល​ប៉ះពាល់​ទៅដល់​គណបក្សកាន់អំណាច ហេតុអ្វី​បានជា​ក្រសួង​មហាផ្ទៃ​មិន​បើក​ការស៊ើបអង្កេត​ផង​។ យ៉ាងនេះក្តី គណបក្សប្រឆាំង​កំពុង​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់​ជា​ទីបំផុត ហើយ​ថា ទោះបី​មាន​ការ​លាប​ពណ៌ និង​ចោទប្រកាន់​សព្វគ្រប់​ជា​បន្តបន្ទាប់​ក៏​ដោយ គណបក្ស​នៅ​តែ​អត់ធ្មត់​ធ្វើ​ការងារ​ដោយ​សុចរិត ទៀងត្រង់​ជានិច្ច​។​
​សំឡេង​លោក​យឹម សុវណ្ណ​៖

​គួរបញ្ជាក់​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ មាន​ការទម្លាយ​ពី​ផែន​ការផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​គេ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជា​គេ​នៅ​កម្ពុជា បាន​ឃុបឃិត​គ្នា​ជាមួយ​អង្គការ​ជា​ដៃគូ​បរទេស​ជាច្រើន​។ ការបើក​បង្ហាញ​ព័ត៌មាន​សម្ងាត់​ទាំងនេះ គឺ​ចេញពី​ប្រភព​ហ្វេ​សប៊ុក​អនាមិក​មួយ​ឈ្មោះ កូន​ខ្មែរ និង​ត្រូវបាន​គេហទំព័រ​ព័ត៌មាន​អន​ឡាញ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​យកមក​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។​

​រឿងរ៉ាវ​រហូតដល់​ក្រសួង​មហាផ្ទៃ​បើក​ការស៊ើបអង្កេត​ប្រភព​ថវិកា​របស់​គណបក្ស​ប្រឆាំង គឺ​បន្ទាប់​ពី​សារព័ត៌មាន​នោះ បាន​ចុះផ្សាយ​នៅ​ចុងខែ​សីហា​នេះ​ថា អង្គការ CANVAS របស់​សហរដ្ឋអាមេរិក បាន​ទៅ​បង្រៀន​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដល់​ទីស្នាក់ការ​បក្ស​អំពី​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ធ្វើបាតុកម្ម និង​កុប្បកម្ម ព្រមទាំង​ផ្តល់​ថវិកា ៣៩០,០០០​ដុល្លារ ដើម្បី​ជួយ​គណបក្ស​ប្រឆាំង​មួយ​នេះ ក្នុង​ការរៀបចំ​ផែនការ និង​ចាត់តាំង​អនុវត្ត​យុទ្ធសាស្ត្រ ចងក្រង​បណ្តាញ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​យុវជន​ឈាន​ទៅ​សម្រេច​គោលដៅ​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​។​

​យ៉ាងណា​ក៏ដោយ​ចុះ គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្តីប្រកាស បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​មិន​បាន​គិត មិន​បាន​ត្រៀម និង​មិន​ធ្វើ​សកម្មភាព​ណា​ដែល​ជា​អំពើហិង្សា ដូចដែល​គេ​មួលបង្កាច់ លាប​ពណ៌​នោះឡើយ ទាំង​ពេល​មុន​បោះឆ្នោត ឬ​ក្រោយ​ពេល​បោះឆ្នោត​ក៏ដោយ​។​

​ចង់​ឬ​មិន​ចង់ បើសិន​ការស៊ើបអង្កេត​របស់​ក្រសួងមហាផ្ទៃ រកឃើញ​ដូច​ទៅ​នឹង​ការចុះផ្សាយ​បែប​នេះ​មែន នោះ​គណបក្ស​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​មួយ​នេះ អាច​ត្រូវ​ប្រឈមមុខ​នឹង​ការរំលាយ​បក្ស​ចោល ដោយ​យោង​ទៅលើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​ពីរ​លើក​រួចមកហើយ​នោះ​។ មាត្រា​២៩​ថ្មី កថាខណ្ឌ​ទី​២ នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ចែងថា គណបក្ស​នយោបាយ​ត្រូវ​ហាមឃាត់​មិនឲ្យ​ទទួល​វិភាគទា​ន ទោះ​តាម​រូបភាព​ណាក៏ដោយ​ពី​ស្ថាប័ន​បរទេស ក្រុមហ៊ុន​បរទេស និង​ជនបរទេស ឬ​អង្គការ​ដែល​មាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស​។

​ជុំវិញ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដ៏​ចម្រូងចម្រាស​ដែល​អនុវត្ត​ក្នុង​ពេល​កន្លងទៅ​នេះ ហើយ​ស្របពេល​ដែល​មាន​ការ​បែកធ្លាយ​ព័ត៌មាន​វាយប្រហារ​ទៅលើ​គណបក្ស​ប្រឆាំង​នេះ បាន​បង្ក​ឲ្យមាន​ក្តីបារម្ភ​ចំពោះ​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ លោក​មាស នី យល់ថា ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ វា​អាស្រ័យ​ទៅលើ​ការ​លាប​ពណ៌​គ្នា ផ្តួលរំលំ​គ្នា​ក្នុងន័យ​វិជ្ជមាន ដែល​ជា​យុទ្ធសាស្ត្រ​ឆ្ពោះទៅ​រក​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំក្រោយ​។ លោក​លើកឡើង​ថា បើ​ឯកសារ​ទម្លាយ​នោះ ត្រូវ​គេ​ចោទ​ថា ក្នុង​ចេតនា​ឃុបឃិត​គ្នា​ផ្តួលរំលំ​ដោយ​ការធ្វើបដិវត្ត​ពណ៌​មែន វាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពិត​ជា​គួរឲ្យ​បារម្ភ​ខ្លាំងណាស់​។ ការបារម្ភ គឺ​ថា​គណបក្ស​ប្រឆាំង​មួយ​នេះ​អាច​ប្រឈម​នឹង​ការរំលាយ នៅ​មុន​ការបោះឆ្នោត​ចូលមក​ដល់​៕

ព័ត៌មានផ្សេងទៀត