លទ្ធផល​កិច្ចប្រជុំ​ទ្វេភាគី​បញ្ហា​គ្រឿងញៀន​កម្ពុជា​-​វៀតណាម​

ដោយ៖ សៅ វិសាល 29-08-2017 4:52 pm 190

​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​វៀតណាម ស្តីពី «​កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​» នៅ​ថ្ងៃ​ទី​២៩ សីហា​នេះ លោក ម៉ក់ ជី​តូ បានបញ្ជាក់​ថា «​គោលបំណង​ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ​គឺ ការបង្ការ និង​បង្ក្រាប​គ្រឿងញៀន​រវាង​ប្រទេស​ទាំង​២ ហើយ​ការ​សហការ​នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ផ្តាច់​ចរន្ត​នាំចូល និង​បង្ក្រាប​រចនាសម្ព័ន្ធ​ចាត់តាំង ហើយ​លើសពីនេះ យើង​បាន​បទពិសោធន៍ ផ្លាស់ប្តូរ​ព័ត៌មាន និង​រក​វិធីសាស្ត្រ​យ៉ាងណា ដើម្បី​ផ្តាច់ ខ្សែ​រយៈ​ចាត់តាំង​របស់​វា​»​។​

​លោក​បន្តថា កន្លងមក​កម្ពុជា និង​វៀតណាម មាន​ការសហការ​គ្នា​បាន​យ៉ាង​ល្អ ចំពោះ​បញ្ហា​គ្រឿងញៀន ហើយ​សម្រាប់​កិច្ចប្រជុំ​នេះ​ទៀត​ភាគី​ទាំង​២ ក៏​បាន​ទទួល​បទពិសោធ​ន៍​គ្នា​យ៉ាងច្រើន​។ លើសពី​នេះ​កម្ពុជា ក៏​បាន​ស្នើ​ទៅ​ខាង​ភាគី​វៀតណាម ពី​បញ្ហា​ធនធានមនុស្ស ក៏ដូចជា​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ផ្សេងៗ ដែល​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​។​

​ក្រៅពីនេះ លោក​អគ្គស្នងការ​រង​នគរបាលជាតិ ក៏​បាន​បង្ហាញ​ពី​តម្រុយ​ខ្លះៗ ពី​ការហូរចូល​គ្រឿងញៀន ដែល​ក្នុងនោះ​ការហូរ​ចូល​នេះ មាន​រហូតដល់​ទៅ​៣​ផ្លូវ រួមមាន​៖ ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវគោក​។ សម្រាប់​ផ្លួវគោក គឺ​ចេញ​មកពី​តំបន់ត្រីកោណមាស​ឆ្លងកាត់​ឡាវ​មក​កម្ពុជា ហើយ​បាន​ឆ្លងកាត់​ភូមិភាគ​ឦសាន​រួមមាន​ខេត្ត​៣​គឺ ព្រះវិហារ​, ស្ទឹងត្រែង និង​រតនគិរី ចូល​មក​ហើយ​វេច​ខ្ចប់​រួចហើយ បាន​បន្ត​ទៅ​ប្រទេស​ផ្សេងៗ​ទៀត ហើយ​ចំពោះ​ផ្លូវអាកាស និង​ផ្លូវទឹក​ភាគច្រើន មាន​ប្រភព​ដូចគ្នា គឺ​មកពី​អាហ្វ្រិក និង​អាមេរិក​ខាងត្បូង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នេះ លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​មានប្រសាសន៍ថា ក្រសួង​គ្រោង​នឹង​ចំណាយ​ថវិកា​ជិត​១​លាន​ដុល្លារ សម្រាប់​លើក​ទឹកចិត្ត​ដល់​មន្ត្រី​មាន​ស្នាដៃ ក្នុង​ការចុះ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​។

​បើ​តាម​របាយការណ៍ បានបង្ហាញ​ថា រយៈពេល​៦​ខែ ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​គ្រឿងញៀន បាន​បង្ក្រាប​ក្រុម​មុខសញ្ញា ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ជាង​៤​ពាន់​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ ជិត​១​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​។​

​សូមបញ្ជាក់​ថា ក្រសួងមហាផ្ទៃ បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ទូទាំង​ប្រទេស​លើក​ទី​២ ដែល​បាន​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​០១ កក្កដា​។​ ​ក្នុង​យុទ្ធនាការ​​​ បង្ក្រាប​លើក​ទី​២​នេះ ផ្តោត​លើ​បញ្ហា​៤​ធំៗ ទី​១. បន្ត​បង្ក្រាប​មេក្លោង ជួញដូរ​គ្រឿងញៀន ដែល​នៅ​សេសសល់ និង​ការ​ចែកចាយ​។ ទី​២.​ខិតខំ​រក​ជម្រើស ដើម្បី​ដោះស្រាយ​វត្ថុតាង ដែល​បាន​រឹបអូស​កន្លងទៅ ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​យុត្តិធម៌ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រក​ជម្រើស​ណាមួយ ដែល​សមស្រប ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ទី​៣.​ទាក់ទង​ការគៀងគរ ចូលរួម​បន្ថែមទៀត ពី​ម្ចាស់​ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លិប​កំសាន្ត​... គឺ​សូម​ឲ្យ​អាជ្ញាធរ​រៀបចំ ជួប​ជាមួយ​ពួកគាត់ ដើម្បី​ពួកគាត់​មានឱកាស ចូលរួម​ដែរ ទាក់ទង​ការទប់ស្កាត់ បង្ក្រាប​គ្រឿងញៀន និង​ទី​៤.​ដោះស្រាយ​ការ​ស្តារនីតិសម្បទា ទាក់ទង​ការកសាង​មជ្ឈមណ្ឌល​ធំ​មួយ ដែល​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ព្យាបាល​អ្នកញៀន និង​ធ្វើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត