ការបណ្តេញ NDI និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ខាត ឬ​ចំណេញ ដល់​រដ្ឋាភិបាល​?

ដោយ៖ ខាត់ សុធី 28-08-2017 4:57 pm 3273

​ស្រប​ពេល​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា កំពុង​វិវត្តន៍​ទៅ​រក​ភាព​ប្រេះស្រាំ តាមរយៈ​ការធ្វើ​ទុក​បុក​ម្នេញ លើ​អង្គការ​សង្គម​ស៊ី​ល​អន្តរជាតិ មាន​NDI​ជាដើម និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ រយៈកាល​ចុងក្រោយ​នេះ ក្រុមអ្នកតាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​នៅ​កម្ពុជា បាន​វាយតម្លៃ​ថា បើ​ស្ថានការណ៍​បែប​នេះ​នៅតែ​បន្ត វា​ប្រាកដ​ណាស់​ថា នឹង​ប៉ះពាល់​ដំណើរ​ការបោះឆ្នោត​ឆ្នាំ​២០១៨ មិន​ខាន​។​

​ដើម្បី​ទប់​ស្ថានការណ៍ ដែល​គណបក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ​មួយ​ចំនួន ចាត់ទុក​ថា​ដ៏​អាក្រក់​នេះ ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស កាលពី​ពេល​ថ្មីៗ​នេះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ជាពិសេស​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ឲ្យមាន​ភាព​ប្រសើរ​ដូច​ការប្ដេជ្ញាចិត្ត​របស់​ខ្លួន​ឡើងវិញ​។​
​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍ​ន៏​អន្តរជាតិ USAID  ក៏​មាន​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​កម្ពុជា ក្នុង​ការបញ្ឈប់​ប្រតិ​បត្ដិកា​ររបស់​វិទ្យាស្ថាន NDI ។​USAID បាន​ចាត់ទុ​NDI ថា​បាន​ធ្វើការ​ជាមួយនឹង​គណបក្ស​នយោបាយ​កម្ពុជា​ជាច្រើន ទាំង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ជាមួយ​ពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​គាំទ្រ​ដល់​អភិបាលកិច្ច​ដែល​មាន​តម្លាភាព និង​មាន​ការចូលរួម​ផ្នែក​នយោបាយ​មក​ពី​គ្រប់ភាគី​អស់​រយៈពេល​២៥ ឆ្នាំ​កន្លងមកហើយ​។​

​លោក​ចាន់ វិបុល អ្នកជំនាញ​ខាង​ឃ្លាំ​មើល​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ ថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​ពេលនេះ គឺ​ប៉ះពាល់​ធ្ងន់​ណាស់ ដល់​ដំណើរការ​បោះឆ្នោត ព្រោះនេះ ជាការ​បំបិទ​ការវិនិច្ឆ័យ របស់​ប្រជាពលរដ្ឋ​លើ​ការបំពេញ​មុខងារ​របស់​រដ្ឋាភិបាល ក៏​ដូច​ជា​ការ​បំពេញមុខ​ងារ​របស់ គជប បាត់បង់​ព័ត៌មាន​ពី​សង្គម នយោបាយ និង​សេដ្ឋកិច្ច​។​លោក​ចាន់ វិបុល​ថា ទាំងនេះហើយ ដែល​នាំឲ្យ​ប៉ះពាល់​គុណភាព​នៃ​ការបោះឆ្នោត​។​លោក​ចាន់ វិបុល លើកឡើង​បន្ថែមថា ទង្វើ​រដ្ឋាភិបាល​បែបនេះ នឹង​មិន​ចំណេញ​សោះ​ឡើយ​ដល់​ប្រជាប្រិយ ក្នុង​ការស្វែងរក​ការគាំទ្រ​ជា​បន្ត​នោះទេ​។​លោក​វិបុល​ថា ប៉ុន្មាន​អាណត្តិ​មកនេះ រដ្ឋាភិបាល ប្រើ​នយោបាយ បំបិទ ប​ភិត​បំភ័យ គំរាមកំហែង ដែល​អាច​ទទួលបាន​ផល​។ ប៉ុន្តែ តាមរយៈ​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៣ និង​២០១៧ នយោបាយ បំបិទ ប​ភិត​បំភ័យ គំរាមកំហែង​នេះ ប្រហែលជា​នឹង​មិន​ទទួលបាន​ផល​ជា​បន្ត​ទៀត​ទេ​…..

​សំឡេង​លោក​ចាន់ វិបុល​៖ 

​តែ​លោក​សុខ ឥសាន​ថា រដ្ឋាភិបាល នឹង​មិន​បាត់​ប្រជាប្រិយ​ឡើយ​។​លោក​ថា​ការនិយាយ​បែបនេះ គ្រាន់តែ​ជាការ​បន្លាច​រដ្ឋាភិបាល​តែប៉ុណ្ណោះ ។​លោក​ចំអក​ថា​បើ​ទង្វើ​នេះ ធ្វើឲ្យ​រដ្ឋាភិបា​លបាត់​ប្រជាប្រិយ​មែន អ្នក​ទាំងនោះ​គួរតែ​ត្រេកអរ ពីព្រោះ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ទាំង​នោះ​កំពុង​តែ​ចង់​ផ្តួល​រដ្ឋាភិបាល​ស្រាប់​…….

​សំឡេង​លោក​សុខ ឥសាន​៖

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​រដ្ឋាភិបាល​ចាត់ទុក​ជា​ទណ្ឌិត​ទៅហើយ ដែល​ពេល​នេះ កំពុង​និរទេស​ខ្លួនឯង នៅ​ក្រៅប្រទេស បាន​អះអាង​ថា ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា បាន​ឈាន​មក​ដល់​ដំណាក់កាល​មួយ ដែល​កាន់តែ​តានតឹង និង​ដុនដាប លើសពី​ពេល​មុនៗ​ទាំងអស់​។​

​លោក សម រង្ស៊ី បាន​ថ្លែង​តាម​វីដេអូ​ឃ្លីប ដែល​មាន​រយៈពេល​ប្រមាណ​ជាង​៨​នាទី នៅ​ថ្ងៃ​ទី​២៧ សីហា ម្សិលមិញ ថា "​រដ្ឋាភិបាល​សព្វថ្ងៃ​បាន​រំលោភ ទាំង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទាំង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​ទាំង​អនុសញ្ញា ទាំងអស់ ស្ដីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ពលរដ្ឋ អ្វី​ដែល​គេ​បាន​ធ្វើ​ប៉ុន្មាន​សប្ដាហ៍ ចុងក្រោយ​នេះ មិន​ខុស​ពី​រដ្ឋប្រហារ​ឡើយ តែ​មិនមែន​ជា រដ្ឋប្រហារ​យោធា​ទេ គឺជា​រដ្ឋប្រហារធម្មនុញ្ញ ពីព្រោះ​ជាការ​ជាន់ឈ្លី​រដ្ឋធម្មនុញ្ញ និង​ការព្យូរសិទ្ធិ​សេរីភាព​និង​ការផ្អាក​យន្តការ ប្រជាធិបតេយ្យ​ទាំងអស់​ដែលមាន ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​"​។​

​ថ្លែង​ក្នុង​ស​ន្និសិទ​ការ​សែត​ពី​ម្សិលមិញ​ដែរ បន្ទាប់​ពី​ត្រូវបាន​សមាជិក​សមាជិកា​បោះឆ្នោត​គាំទ្រ​ធ្វើជា​ប្រធាន​គណបក្ស​ផ្លូវការ​នៅក្នុង​សមាជ​ថ្នាក់​ជាតិ​របស់​ខ្លួន​លើក​ទី​១ លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​បាន​សម្តែង​ការព្រួយបារម្ភ​លើ ស្ថានភាព​នយោបាយ​ចុងក្រោយ​នេះ​ដែរ ដោយ​លោក​ចោទ​ជា​សំនួរ​ថា បើ​ស្ថានការណ៍​នៅ​តែ​បែប​នេះ តើ​អាច​ឲ្យ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដោយ​របៀប​យ៉ាង​មេ​ច​? ប្រធាន​គណបក្ស​រូប​នេះ​បាន​ស្នើ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​គាបសង្កត់ និង​ការវាយប្រហារ​នានា​មក​លើ​គណបក្ស​នយោបាយ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដើម្បីឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​ដូច​ដើម​វិញ មុន​ការបោះឆ្នោត​ឈាន​មកដល់​។​

មាន​ការលើកឡើង​ថា ការ​ធ្វើទុក្ខបុកម្នេញ ការបណ្តេញ​NDI​ពី​កម្ពុជា ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ មួយចំនួន ដែល​គេ​យល់​ថា​ឯករាជ្យ ដែល​ហាក់​មាន​ទំនោរ​ទៅ​រក​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជា​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​មុន​ពេល​ការបោះឆ្នោតជាតិ​មកដល់​។​ស្ថានភាព​ទៅ​ថ្ងៃមុខ គណបកសប្រឆាំង​អាច​ប្រឈម​នឹង​ការ​រលំរលាយ ក្រោម​ស្នាដៃ​ច្បាប់​គណបក្សនយោបាយ ដែល​ទើបនឹង​វិសោធនកម្ម​ថ្មីៗ ដែល​រដ្ឋាភិបាល​ព្យាយាម​ចាប់កំហុស​គណបក្សប្រឆាំង ពី​ទំនាក់ទំនង ជាមួយ​អង្គការ​អន្តរជាតិ មាន​NDI IRI និង​NED ជាដើម ដោយ​ចោទ​ថា​បានរួម​គ្នា​រៀបចំ​យុទ្ធសាស្ត្រ ផ្តួលរំលំ​រដ្ឋាភិបាល ។​ប៉ុន្តែ​លោក​ចាន់ វិបុល​ថា គណបក្ស​ប្រឆាំង​នឹង​មិន​អាច​ដួលរលំ​បានទេ ការ​ធ្វើទុក្ខបុកម្នេញ មក​លើ​គណបក្ស​ប្រឆាំង​បែបនេះ ជាង​១០​ឆ្នាំ​មកហើយ ប៉ុន្តែ​គណបក្ស​ប្រឆាំង​រិត​តែ​ខ្លាំង​ឡើង​។​

​មន្ត្រី​រដ្ឋាភិបាល​ថា ការចាត់វិធានការ​ចំពោះ​អង្គការក្រៅរដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន គឺ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ព្រោះ​អង្គការក្រៅរដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ ប្រព្រឹត្ត​ល្មើស​ច្បាប់​កម្ពុជា មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ​៕


ព័ត៌មានផ្សេងទៀត