មក​ស្គាល់ បឹង​តា​មោក ដែល​មាស​សុខ​សោភា​ស្នើ​រដ្ឋាភិបាល​កុំ​ឱ្យ​លុប​

ដោយ៖ គង់ ឧត្តម 27-08-2017 5:22 pm 6620
ផ្លូវដែលទើបចាក់លុប​ឆ្លងពីត្រើយខាងទំបន់កប់ស្រូវ មកត្រើយខាងផ្លូវទៅភ្នំបាសិទ្ធិ ។ រូបថតដោយ គង់ ឧត្តម ។

​បឹង​តា​មោក ឬ​ហៅ​ថា បឹង​កប់​ស្រូវ មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ​២០​គីឡូម៉ែត្រ ។ បឹង​តា​មោក គឺជា​បឹង​មួយ ដែល​នៅសល់​ចុង​ក្រោយ​ក្នុង​ចំណោម​បឹង​ស្តុក​ទឹក​ធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ មិនទាន់​ពាក់ព័ន្ធ​ទៅ​នឹង​ការអភិវឌ្ឍ ។ ផ្ទៃ​បឹង​តា​មោក មាន​ទំហំ​ដ៏​ធំ​រហូតដល់​ទៅ ៣.២៣៩,៧​ហិកតា ។ នៅ​ជុំវិញ​បឹង​តា​មោក មាន​ចំនួន​១៩​ភូមិ គឺ​ភូមិ​ព្រែក​ព្នៅ សំរោង​ត្បូង អន្លង់​ក្ងាន ធំ​ត្បូង បឹង​ធំ ព្រៃ​ពង្រ ៤​មុខ វែង ស្វាយ​ឧត្តម ត្រពាំង​ទទឹង ថ្នល់​បន្ទាយ កន្ទ្រង់ ត្រពាំង​រនៀម កោះរ​ងៀង ព្រៃ​ស្វាយ ត្នោត​ខ្ពស់ ត្រពាំង​អំពិល និង​ចុង​ទួល និង​មាន​ចំនូ​ន​៥​សង្កាត់ គឺ​សង្កាត់​ព​ន្សាំ​ង ព្រែក​ព្នៅ ពញា​ពន់ សំរោង និង​ឃ្មួញ ហើយ​និង​មាន​ចំនួន​២​ខណ្ឌ​គឺ​ខណ្ឌ​ព្រែក​ព្នៅ​និង​ខណ្ឌ​សែន​សុខ​។ ប្រជាពលរដ្ឋ​ដែល​រស់​ជុំវិញ​បឹង​នោះ បាន​អាស្រ័យ​ផល​ពី​បឹង​ទាំង​ខែប្រាំង​និង​វស្សា តាមរយៈ​ការ​ធ្វើ​ស្រែចម្ការ រក​ផល​នេសាទ និង​ដាំ​ដំណាំ​ជាដើម​។ 

​បើ​តាម​លោក​អាចារ្យ​៣​នាក់​នៅក្នុង​វត្ត​ប្រាសាទ​បាន​និទាន​ពី​ប្រវត្តិ​នៃ​ការកើតឡើង​បឹង​តា​មោក​ថា ក្នុង​ជំនាន់​សង្គម​រាស្ត្រនិយម តំបន់​បឹង​តា​មោក​នេះ មិនទាន់​កកើត​ជា​បឹង​នៅឡើយ​ទេ គឺមាន​តែ​ព្រែក​ប៉ុណ្ណោះ ។ លុះ​សម័យ​លន់​នល់​ចូលដល់ កាលនោះ មាន​បុរស​ចំណាស់​ម្នាក់ បាន​សាងសង់​ស្ពាន​ត្នោត​មួយ​ដើម្បី​ឆ្លងកាត់​ព្រែក​ដែល​មាន​ទឹក​ហូរ​កាត់​នោះ ។ បុរស​ចំណាស់​នោះ ត្រូវបាន​គេ​ស្គាល់​និង​ហៅ​គាត់​ថា តា​មោក ។ ក៏​ព្រោះ​ស្នាដៃ​នៃ​ការផ្តួចផ្តើម​សាងសង់​ស្ពាន​ត្នោត​នេះ អ្នកស្រុក​ភូមិ​ក៏​ហៅ​ស្ពាន​នោះ​ថា ស្ពាន​តា​មោក ។ ជំនាន់​នោះ​ដែរ រដ្ឋអំណាច​លន់នល់​ក៏​បាន​បញ្ជា​ឱ្យ​លើក​ទំនប់ទឹក​ក្បែរ​ព្រែក​ដែល​មាន​ស្ពាន​ឆ្លង​របស់​តា​មោក​សាងសង់​នោះ​តែម្តង ដោយ​កែន​ប្រជាជន​ទៅ​លើ​ក​ទំនប់ ពង្រីក​ផ្លូវ ។ តំបន់​ដែល​មាន​គម្រោង​លើក​ទំនប់​នោះ តាមពិតទៅ គឺជា​វាលស្រែ​ប្រាំង​ប៉ុណ្ណោះ ដែល​រដ្ឋ​អំណាច​លន់នល់​បាន​បញ្ជា​ឱ្យ​លើក​ជា​ទំនប់ទឹក ធ្វើ​ថ្នល់​ក្រាល​កៅស៊ូ និង​ធ្វើ​ស្ពានដែក​ឆ្លងកាត់​ផ្លូវទឹក​ហូរ​កាត់​ទំនប់​ប្រើប្រាស់ ។ ស្ពាន​តា​មោក​ក៏​ត្រូវបាន​រុះរើ​ដុតចោល ជំនួស​ដោយ​ស្ពានដែក​វិញ ។ ជំនាន់​នោះ គេ​ក៏​មិនទាន់​បាន​ធ្វើ​ទ្វារ​ទឹក​សម្រាប់​បិទ​បើក​នៅឡើយ​ទេ ។ ផ្លូវ​ទំនប់​ដែល​សាងសង់​ថ្មី​នេះ បាន​ក្លាយ​ជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​មាន​សារសំខាន់​មួយ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ស្បៀង បញ្ជូន​ទ័ព និង​ដឹក​សព្វាវុធ​ក្នុង​ជំនាន់​លន់នល់ ។ រហូត​ជំនាន់​ប៉ុលពត​ចូលមក ប៉ុលពត​ក៏បាន​សាងសង់​ជា​ទ្វារ​ទឹក​សម្រាប់​បិទ​បើកទឹក​ប្រើប្រាស់ ហើយ​ព្រែក​ដែល​តា​មោក​បាន​សាងសង់​ស្ពាន​ត្នោត​ឆ្លងកាត់​នោះ ក៏​ត្រូវបាន​គេ​បិទ​ភ្ជិត​តែម្តង ។ តាំងពី​ជំនាន់​លន់នល់​រហូតមក ឈ្មោះ​ស្ពាន​តា​មោក ក៏​បាន​ជាប់​ឈ្មោះ​ហៅ​បឹង​តា​មោក​ដល់​បច្ចុប្បន្ន ។ 

​អាចារ្យ​រូបនោះ​បាន​បន្ត​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា កាល​ជំនាន់​នោះ បឹង​តា​មោក​សម្បូរ​ត្រី​ណាស់ មើល​ទៅ​ឡើង​ខាប់​ទឹក រីឯ​ទឹកថ្លា​អាច​មើល​ឆ្លុះ​ដល់​បាត​ក្រោម​នៃ​បឹង និង​អាច​ក្បង់​ញុំ​ា​ផ្ទាល់​ភ្លាមៗ​តែម្តង ។ បឹង​តា​មោក​បាន​ផ្គត់ផ្គង់​ជា​អាហារ ចិញ្ចឹម​ប្រជាជន​ស្ទើរ​ទូ​ទាំង​ប្រទេស​កាលពី​ជំនាន់​នោះ ។ បឹង​តា​មោក មាន​វិសាលភាព​ផ្គត់ផ្គង់​ទឹក​ដើម្បី​ប្រើប្រាស់​ទៅកាន់​ខេត្ត​និង​តំបន់​ជិតៗ​ទាំង​រដូវប្រាំង​និង​រដូវវស្សា ។ ក្នុង​ខែវស្សា​បឹង​តា​មោក មាន​ជម្រៅ​៣០​ម៉ែត្រ និង​មាន​តំបន់​ខ្លះ​ជ្រៅ​បំផុត​ដល់​៤៥​ម៉ែត្រ រីឯ​ខែប្រាំង វា​ស្រក​ត្រឹម​២០​ម៉ែត្រ ។ សព្វថ្ងៃ ត្រី​មួយ​ចំនួន​បាន​ផុត​ពូជ​អស់​ទៅ​ហើយ​ពី​ក្នុង​បឹង ក៏​ព្រោះ​មាន​ការបំពុល​ទឹក និង​ការនេសាទ​ខុសច្បាប់ ។ កាលពីមុន ត្រី​ខ្លះ​មួយ​ក្បាល​សឹងតែ​មិន​អាច​លី​រួច​ទេ វា​មាន​ទំហំ​ធំ​ជាង​មនុស្ស​ក៏មាន ។ លោក​អាចារ្យ​រូបនោះ បាន​អះអាង​ប្រាប់​ខ្ញុំ​ថា សព្វថ្ងៃ ត្រី​ធំៗ​ខ្លះ​ដែល​ជិត​ផុត​ពូជ​មួយ​ចំនួន​កំពុង​រស់នៅ​ក្នុង​បឹង​នេះដែរ ដូចជា ត្រី​ប្រា ត្រី​គល់រាំង​ជាដើម មួយ​ក្បាល​មាន​ទម្ងន់​អាច​រហូត​ជាង​៥០​គីឡូក្រាម ។​

​ត្រឡប់​ចេញពី​វត្ត​ប្រាសាទ​បក​មក​ទីតាំង​បឹង​តា​មោក​វិញ ខ្ញុំ​សង្កេតឃើញថា ភាគច្រើន​តំបន់​ផ្លូវ​ជាប់​មាត់​បឹង​សព្វថ្ងៃ មាន​ប្រជាជន​រស់នៅ​និង​អាស្រ័យ​ផល​ពី​ការនេសាទ ។ តំបន់​ខ្លះ​នៃ​មាត់បឹង​ដ៏​ធំ​នេះ ត្រូវបាន​ឯកជន​ចាក់​យក​ធ្វើជា​កន្លែង​ចិញ្ចឹម​ត្រី ខ្លះ​សង់ផ្ទះ​ពីលើ​បឹង បើក​អាជីវកម្ម​ផ្សេងៗ ខ្លះ​បាន​ចាក់ដី​ធ្វើ​ជា​រមណីយដ្ឋាន និង​ផ្ទះល្វែង​ក៏មាន ។ បើ​និយាយ​ពី​ផល​នេសាទ​ដែលមាន​ដាក់តាំង​លក់​តាម​ផ្លូវ​មាត់​បឹង​មានដូចជា ត្រី​ក្រហម ត្រី​ឆ្តោ ត្រី​ឆ្ពិន ពស់​ព្រលិត អន្ទង់ ត្រីងៀត ពិសេស​គឺ​ខ្យង​ធំៗ ។​

​បើ​ក្រឡេក​មើល​ទៅ​ផ្ទៃ​កណ្តាល​បឹង​តា​មោក គឺ​មាន​ផ្លូវ​ដ៏​ធំ​មួយ​ដែល​មាន​ទទឹង​ប្រមាណ​ជា​៣០​ម៉ែត្រ និង​ប្រវែង​ផ្លូវ​មើលទៅ​ដាច់​កន្ទុយភ្នែក ត្រូវបាន​អាជ្ញាធរ​ចាក់​លុប​ពី​ត្រើយ​ខាង​ទំ​បន់​កប់​ស្រូវ មក​ផ្លូវ​ទៅ​ភ្នំ​បា​សិទ្ធិ ។ តាម​ខ្ញុំ​ស្មាន នៅ​ប្រហែល​តែ​ជា​ប្រមាណ​បួន​ប្រាំ​រយ​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ គឺ​ជិត​ដល់ត្រើយ​ផ្លូវ​ទៅ​ភ្នំ​បា​សិទ្ធិ​ហើយ ។ អ្នកលក់​ខ្យង​នៅ​មាត់​បឹង​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា អាជ្ញាធរ​ធ្លាប់​បាន​បញ្ជាក់​អំពី​ការចាក់​ដី​ធ្វើ​ផ្លូវថ្នល់​ឆ្លងកាត់​បឹង​តា​មោក​ពីមុន​ដែរ ក្រោយ​មាន​ការតវ៉ា​សួរនាំ ព្រោះ​ពលរដ្ឋ​ខ្លាច​លុប​បឹង ។ កាលនោះ អាជ្ញាធរ​អះអាង​ប្រាប់​ពលរដ្ឋ​ថា គឺ​ចាក់​ដី​សម្រាប់​សាងសង់​ផ្លូវ​កាត់​បឹង ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅមក​ឱ្យបាន​កាន់តែ​ឆាប់រហ័ស ពិសេស​គឺ​កាត់​បន្ថយ​ការកកស្ទះ​ប៉ុណ្ណោះ ។ ក្រៅពី​ប្រាប់​ខ្ញុំ​អំពី​ផ្លូវ​កាត់​បឹង​នេះ ស្ត្រី​មាន​កូនតូច​ក្នុង​ដៃ​រូបនេះ បន្ត​ប្រាប់​ខ្ញុំ​ថា ដើមឡើយ​បឹង​នេះ​ធំ​ណាស់ តែ​ដោយសារ​មាន​ការ​លុប​ធ្វើ​ផ្ទះល្វែង ហើយ​ថ្មីៗ​នេះ ក៏​មាន​ការ​លុប​ធ្វើ​ដែរ តែ​ត្រូវ​បាន​កម្ទេច​ចោល​ទៅ​វិញ​មួយ​សារ ។ គាត់​ប្រាប់ថា ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នេះ អាជ្ញាធរ​បាន​ណែនាំ និង​ហាមឃាត់​ពលរដ្ឋ​មិនឱ្យ​មាន​ការសាងសង់​សំណង់​លើ​ផ្ទៃ​បឹង​តទៅទៀត​ទេ ដោយ​ប្រាប់ថា ជា​ចំណី​មាត់​បឹង ។​

​សព្វថ្ងៃ បឹង​តា​មោក បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំដោះ​ទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ​ភាគ​ខាងជើង និង​ខាងលិច​ក្នុង​ភូមិសាស្ត្រ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។ អំឡុង​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ពី​បឹង​តា​មោក បាន​នាំគ្នា​ឡើង​តវ៉ា បន្ទាប់ពី​មាន​ការ​បូម​ទម្លាក់​នូវ​ទឹក​សម្អុយ​ចូលក្នុង​បឹង ។ យ៉ាងណាម៉ិញ រដ្ឋាភិបាល​បាន​ចុះ​អនុក្រឹត្យ កំណត់​ផ្ទៃ​បឹង​តា​មោក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ កាលពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ។ យោង​តាម​ច្បាប់​ភូមិបាល ដី​សាធារណៈ​របស់​រដ្ឋ គឺ​មិន​អាច​ត្រូវបាន​គ្រប់គ្រង​ដោយ​នរណា​ម្នាក់​នោះ​ទេ​ក្រៅ​ពី​រដ្ឋ​។ បឹង​តា​មោក ត្រូវ​បាន​រដ្ឋាភិបាល​ស​ម្រេច​អភិរក្ស​ទុក​សម្រាប់​ធ្វើ​អាង​ប្រព្រឹត្ត​កម្ម​ធម្មជាតិ និង​ស្វ័យប្រវត្តិ​ដើម្បី​ការពារ​បរិស្ថាន ទាំង​ពេល​បច្ចុប្បន្ន​និង​ពេលអនាគត ពិសេស​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ពី​ការបំពុល​ទឹក​និង​បរិស្ថាន​ជុំវិញ ដែល​មនុស្ស​និង​សត្វ​អាច​ប្រើប្រាស់​ទឹក​បឹង​នេះ​តាម​លក្ខណៈ​ធម្មជាតិ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត