រឿងរ៉ាវ​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បណ្តេញ NDI ចេញពី​កម្ពុជា​

ដោយ៖ គង់ ឧត្តម 26-08-2017 5:28 pm 3234

​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ឬ​ហៅ​កាត់​ថា អិន​ឌី​អា​យ (NDI) របស់​អាមេរិក ដែល​ធ្វើការ​ទាក់ទង​នឹង​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការបោះឆ្នោត ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ផ្អាក​ដំណើរការ និង​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ក្រោម​ហេតុផល​២​ធំៗ​គឺ ទី​១ ស្ថាប័ន​នេះ​មិន​បាន​គោរព​តាម​ច្បាប់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល មានន័យ​ថា មិន​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ខណៈ​អង្គការ​នេះ​បាន​អះអាង​ថា​ខ្លួន​បាន​ដាក់​ពាក្យ​ស្នើ​មួយ​ឆ្នាំ​មកហើយ និង​ទី​២ ស្ថាប័ន​នេះ​មិន​បាន​គោរព​តាម​ច្បាប់​ស្តីពី​សារពើរ​ពន្ធ  និង​បាន​ទុកពេល​ឱ្យ​រើ​ចេញ​និង​បណ្តេញ​បុគ្គលិក​ជនជាតិ​អាមេរិក​ចេញ ក្នុង​រយៈពេល​៧​ថ្ងៃ ពោល​គឺ​ត្រូវ​រើ​ចេញ​រហូត​ដល់​ត្រឹម​ដើម​សប្តាហ៍​ក្រោយនេះ ។​

​ភ្លាមៗ ក្រោយ​ប្រកាស​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា អិន​ឌី​អា​យ បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ដោយ​សម្តែង​ការខកចិត្ត​ចំពោះ​សេចក្តីសម្រេច​នេះ ។ ប្រធាន​វិទ្យាស្ថាន លោក កេន​នេ​ត វ៉​ល​លេក បាន​និយាយថា «​យើង​ភ្ញាក់ផ្អើល​និង​ក្រៀមក្រំ​ជាមួយនឹង​ការវិវត្ត​នេះ ។ អស់​រយៈពេល ២៥​ឆ្នាំ​នៅ​កម្ពុជា អង្គការ អិន​ឌី​អា​យ បាន​ធ្វើការ​ជាមួយនឹង​គ្រប់​គណបក្ស​នយោបាយ​ធំៗ រួម​មាន​គណបក្សកាន់អំណាច​ផងដែរ ។ យើង​តែងតែ​មាន​តម្លាភាព​នៅក្នុង​ការងារ​របស់​យើង និង​បាន​ព្យាយាម​គ្រប់បែប​យ៉ាង​ដើម្បី​សម្រប​ជាមួយ​ច្បាប់​នៅ​កម្ពុជា ។ យើង​មាន​ក្តី​សង្ឃឹម​យ៉ាង​ជឿជាក់ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ពិនិត្យមើល​សេចក្តីសម្រេច​របស់​ខ្លួន​ឡើងវិញ​» ។​

​យ៉ាងណាម៉ិញ ក្រសួងការបរទេស​អា​មេរិក ក៏​បាន​ស្នើ​ឱ្យ​កម្ពុជា​កុំ​បណ្តេញ​ឬ​បញ្ឈប់​សកម្មភាព​របស់​ស្ថាប័ន​ធ្វើការ​ទាក់ទង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​ចេញពី​កម្ពុជា ក្រោម​ហេតុផល​ថា ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​ដោយ​សេរី និង​យុត្តិធម៌ ។ អាមេរិក​បាន​សម្តែង​ក្តីបារម្ភ​ជា​ខ្លាំង​ចំពោះ​បរិយាកាស​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ។ 

​ដោយឡែក សមាជិក​សភា​អាមេរិក​ម្នាក់​ប្រកាស​ថា​នឹង​ជំរុញ​ឱ្យ​មាន​សម្ពាធ​បន្ថែម​លើ​កម្ពុជា​ក្រោយ​អង្គការ អិន​ឌី​អា​យ ប្រឈម​នឹង​ការបិទទ្វារ ។ លោក អេ​ឡែន ឡូ​វិនថល បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា «​យើង​ចាំបាច់​ត្រូវ​ការចាប់ផ្តើម​មើល​ពី​បញ្ហា​កម្ពុជា​យ៉ាងពិត​ប្រា​ដ ហើយ​ចាប់ផ្តើម​ដាក់​សម្ពាធ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​បន្ថែមទៀត​លើ​ប្រទេស​កម្ពុជ‍ា ។ រឿងនេះ​វា​បញ្ជូន​សារ​ដ៏​ភ័យព្រួយ​មួយ​ទៅកាន់​ពិភពលោក​ទាំងមូល​ថា ប្រទេស​កម្ពុជា​នឹង​មិន​លើកកម្ពស់​កាតព្វកិច្ចរ​បស់​ខ្លួន​ទេ ។ ហើយ​ខ្ញុំ​គិតថា ពិភពលោក​ទាំងមូល​ត្រូវតែ​ថ្កោលទោស​ឱ្យបាន​ខ្លាំង និង​ចំៗ​ចំពោះ​ទង្វើ​ដែល​បាន​កើតឡើង​ក្នុងប្រទេស​កម្ពុជា​ន‍េះ ។ » សេចក្តីថ្លែងការណ៍​របស់​សមាជិក​សភា​អាមេរិក​រូបនេះ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា បាន​ព្យាយាម​បំបិទ​សំឡេង​ក្រុម​ជំទាស់​យូរ​មក​ហើយ ក្នុងអំឡុងពេល​កាន់កាប់​អំណាច​ជាង​៣០​ឆ្នាំនេះ ។​

​ជាមួយគ្នានេះដែរ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កំពុង​ត្រៀងខ្លួន​រឹតបន្តឹង​ការផ្តល់​ទិដ្ឋា​ការដល់​ពលរដ្ឋ​កម្ពុជា ប្រទេ​សអេរី​ត្រេ ប្រទេស​ហ្គី​ណេ និង​ប្រទេស​សេ​រ៉ា​ឡេ​អូន ដែល​មិន​ព្រម​យក​ប្រជាជន​របស់​ពួកគេ ដែល​ត្រូវបាន​និរទេស​ចេញ​ពី​សហរដ្ឋអាមេរិក ក្រោយ​រង​ការកាត់ទោស​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស ។ ក្រុម​មន្ត្រី​នៃ​ក្រសួង​ការបរទេស​អាមេរិក ដែល​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ថា ប្រទេស​ទាំង​បួន​នេះ​នឹង​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ឆាប់ៗ​នេះ ដើម្បី​ឱ្យ​ប្រទេស​ទាំងនោះ​យកចិត្តទុកដាក់​ក្នុង​ការទទួលយក​ប្រជាជន ដែល​ត្រូវបាន​អាមេរិក​និរទេស​ចេញ ទៅ​ប្រទេស​ពួក​គេ​វិញ ។ នេះ​បើ​តាម​ភ្នាក់ងារ​ព័ត៌មាន​អា​ប៉េ ដែល​មាន​ស្នាក់ការ​នៅ​សហរដ្ឋអាមេរិក បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ សីហា កន្លងទៅនេះ ។ ការប្រកាស​ពី​គម្រោង​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​សម្រាប់​កម្ពុជា​នេះ ធ្វើឡើង​ស្របពេល​ដែល​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា​ហាក់​កំពុង​ដើរ​ចូល​ក្នុង​ស្ថានភាព​តានតឹង ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បញ្ចប់​សកម្មភាព​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ។​

​ឆ្លើយតប​នឹង​ព័ត៌មាន​អំពី​ការ​រឹតបន្តឹង​លើ​ការផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិខ្មែរ​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ កំពុង​ស្វែងរក​ការចរចា​ជាមួយ​អាមេរិក ។ លោក ខៀវ សុភ័គ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ស្វែងរក​ការពិភាក្សា​ជាមួយ​អាមេរិក ធ្វើយ៉ាងណា​ឱ្យមាន​ភាពសមស្រប​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា និង​រក​ដំណោះស្រាយ​លើ​ការ​រឹតបន្តឹង​ទិដ្ឋាការ​ពី​កម្ពុជា​នេះ ។ លោក​អះអាង​ថា ភាគី​អាមេរិក​បាន​ទទួល​លិខិត​ស្នើ​សុំ​នោះ​រួចហើយ តែ​មិន​ទាន់​មាន​ការឆ្លើយតប​នៅឡើយ ។​

​សូម​រំឭកថា ដើមចម​នៃ​ការប្រកាស​បិទ​ស្ថាប័ន​នេះ ក៏​អាច​ដោយសារ​មាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុកមួយ ដែល​បាន​បញ្ចេញ​ព័ត៌មាន​ពុំមាន​មូលដ្ឋាន​ច្បាស់លាស់ និង​ពុំ​បាន​ដាក់ឈ្មោះ​ពិត​បាន​ទម្លាយ​ចេញ​តាម​រយៈ​ហ្វេ​សប៊ុក ដោយ​ចោទប្រកាន់​ទៅ អិន​ឌី​អា​យ ថា ពិតជា​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ជា​ពិសេស​បាន​ចូល​ជ្រៅ និង​សហការ​យ៉ាង​ពេញលេញ​ទាំង​គំនិត​និង​យុទ្ធសាស្ត្រ ដើម្បី​ជួយ​បក្ស​ប្រឆាំង​ក្នុង​ការបោះឆ្នោត​ជាច្រើន​អាណត្តិ​មកហើយ ដែល​ក្នុងនោះ​មិនមែន​តែ​អង្គការ អិន​ឌី​អា​យ មួយ​ប៉ុណ្ណោះ​ទេ គឺ​មាន​អង្គការ​មួយចំនួន​ទៀត​បាន​នៅ​ពីក្រោយ​ខ្នង​បក្សប្រឆាំង ។ តែ​គណបក្ស​ប្រឆាំង​បាន​ឆ្លើយ​បដិសេធ​ភ្លាមៗ​ថា អិន​ឌី​អា​យ មិន​បាន​ផ្តល់​យុទ្ធសាស្ត្រ​ក្នុង​ការផ្តួលរំលំ​គណបក្ស​កាន់​អំណាច​ទេ ។ 

​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ សម្រាប់​នីតិកាល​ទី​៦ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បាន​ធ្វើ​រួច​កាលពី​ខែមិថុនា ឆ្នាំ​២០១៧ ។ ការបោះឆ្នោត​លើក​នោះ បាន​ធ្វើឱ្យ​មាន​ការលើក​សរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ជាតិ​និង​អន្តរជាតិ​ថា ពិតជា​មាន​លក្ខណៈ​សេរី យុត្តិធម៌ អាច​ទទួលយកបាន ។ ស្របគ្នា​នឹង​ការលើក​សរសើរ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​កើន​សំឡេង​យ៉ាងខ្លាំង​ពី​ចំនួន​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​៤០ មក​ជិត​ដល់​៥០០ ក្នុងចំណោម​ជាង​១៦០០​ឃុំ​សង្កាត់​សរុប​នៅ​ទូទាំង​ប្រទេស ពិសេស​នោះ​គឺ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​សំខាន់​សឹង​ពាសពេញ​ប្រទេស ។​

​សូម​បញ្ជាក់​ជូន​ថា វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា អិន​ឌី​អា​យ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ បាន​ធ្វើ​ប្រតិបត្តិការ​នៅតាម​បណ្តា​ប្រទេស​ជាង ៦០ ដើម្បី​គាំទ្រ​និង​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​នានា តាមរយៈ​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ ការបើកចំហ និង​គណនេយ្យភាព​ក្នុង​ជួរ​រដ្ឋាភិបាល ។ ស្ថាប័ន​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណូល​នេះ ទទួលបាន​ការគោរព​បំផុត​នៅក្នុង​ពិភពលោក ហើយ​បាន​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩២ ។ កម្មវិធី​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវបាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់​ថា យូ​អេស​អេ​អាយ​ឌី (USAID) ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត