ល្ខោន​ខោល​៣​តំបន់​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍​តែ​មួយ​ដង្ហោយ​រក​ការគាំទ្រ​

ដោយ៖ ទ្រី សីហៈ 26-08-2017 12:45 pm 986
រូបថតផ្ដល់ឲ្យ

​ទម្រង់​សិល្បៈ​បុរាណ​ល្ខោនខោល​ខ្មែរ ដែល​នៅ​រស់រាន​មានជីវិត​ទាំង​បី​តំបន់ មកពី​ខេត្ត​កំពង់ធំ ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ នឹង​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍ «​ស្នាដៃ និង​អនាគត​លើក​ទី​០៥» ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅឯ​សាល​មហោស្រព​ចតុមុខ​។ អ្នករៀបចំ​ព្រឹត្តិការណ៍ និង​សិល្បករ​ល្ខោន​ខោល អំពាវនាវ​ឲ្យមាន​ការចូលរួម​គាំទ្រ ការសម្ដែង​សិល្បៈ​មរតក​ដូនតា​មួយ​នេះ ខណៈ​ទម្រង់​ល្ខោនខោល​នៅ​តំបន់​ខ្លះ នៃ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ការបាត់បង់​។ 

ស្ដាប់សំឡេងទាំងស្រុង៖

​យុវជន​វ​ជនកម្ពុជា​ភាគច្រើន​មាន​ទំនោរ​គាំទ្រ​លើ​វិស័យ​សិល្បៈ​សម័យ រីឯ​ទម្រង់​សិល្បៈ​បុរាណ​ហាក់​មិនសូវ​មាន​ការចាប់អារម្មណ៍​ច្រើន​នោះ​ទេ​។ ជាក់ស្ដែង​សិល្បៈ​ល្ខោនខោល​ខ្មែរ យុវជន​កម្ពុជា​មួយចំនួន​ស្ទើរតែ​មិន​ធ្លាប់​បាន​ស្គាល់ ឬ​បាន​ទស្សនា​ដោយ​ផ្ទាល់​នៅឡើយ​ទេ​។ ផ្ទុយ​គ្នា​ពី​យុវជន​ឯទៀត សុង គឹម​សាន មាន​វ័យ​១៩ ឆ្នាំ​ថា លោក​ក៏​មាន​រស​និយម​ចូលចិត្ត​អ្វី​ដែល​ថ្មី​ប្លែក ដូច​យុ​វ័យ​ផ្សេងទៀត​ដែរ ក៏ប៉ុន្តែ​ដោយ​ចិត្ត​ស្រលាញ់​វប្បធម៌​ដូនតា យុវជន​រូប​នេះ​មិន​ត្រឹមតែ​បាន​គាំទ្រ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​បាន​ហាត់រៀន​សម្ដែង​ល្ខោនខោល​នេះ​ថែម​ទៀត​ផង​។

សំឡេង​លោក សុង គឹម​សាន​៖

​សព្វថ្ងៃ​គឹម​សាន ជា​សិល្បៈករ​ល្ខោនខោល​នៅក្នុង​ក្រុម ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​។ យុវជន​រូប​នេះ​ប្រកាន់​គោល​គំនិត​មួយ​ថា សិល្បៈ​សម័យ​ត្រូវការ​ការអភិវឌ្ឍ ឯ​សិល្បៈ​បុរាណ​ត្រូវ​ការ​ការអភិរក្ស​។​

​ដោយ​មើលឃើញ​ពី​ភាពចាំបាច់​នៃ ការអភិរក្ស​សិល្បៈ​បុរាណ​នេះ​ហើយ ទើប​ក្រុម​យុវជន​រីក​សាយ ជាមួយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​សហការណ៍​គ្នា​រៀបចំ​ព្រឹត្តិការណ៍ សិល្បៈ​បុរាណ​មួយ​ក្រោម ប្រធានបទ «​ជីវិត​ល្ខោនខោល​ខ្មែរ​»​។ នេះ​ក៏​ជា​ព្រឹត្តិការណ៍​ទី​មួយ​ផង​ដែរ ដែល​នឹង​ពាំនាំ​នូវ​ផ្ទាំងទស្សនីយភាព​សិល្បៈ​ល្ខោនខោល មកពី​តំបន់​ទាំង​៣ នៃ​ប្រទេស​កម្ពុជា​មក​សម្ដែង​នៅលើ​ឆាក​តែមួយ​។​

​កញ្ញា កឹម សាំ​សុ​វណ្ណី តំណាង​យុវជន​រៀបចំ​កម្មវិធី «​ស្នាដៃ និង​អនាគត​លើក​ទី​៥» ឲ្យដឹងថា គោលបំណង​ធំ នៃ​ការផ្តួចផ្តើម​កម្មវិធី​នេះ​ឡើង​គឺ ដើម្បី​លើកស្ទួយ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ ដែល​កំពុង​បាត់បង់​ប្រជាប្រិយភាព ឲ្យមាន​កេរ្ត៍​ឈ្មោះ​ល្បី​សុះសាយ​ឡើងវិញ​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​។​

នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ នៃ​ការបង្កើត​ព្រឹត្តិការណ៍ លើក​តម្កើក​វប្បធម៌​ជាតិ​មួយ​នេះ​ឡើង​។ នៅក្នុង​ឆ្នាំ​ទី​៥​នេះ អ្នក​រៀបចំ​កម្មវិធី​បាន​អះអាងថា មាន​លក្ខណៈ​ប្លែក​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​បាន​គាស់កកាយ​សិល្បករ​ល្ខោនខោល មកពី​តំបន់​ផ្សេងៗ​នៅតាម​បណ្ដា​ខេត្ត ដែល​មហាជន​ទូទៅ​មិនសូវ​បាន​ស្គាល់​។​

​លោក ហង់ ភូមិ​រ៉ា ប្រធាន​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី និង​ជា​ប្រធាន​ផ្នែក​សិល្បៈ​រីកសាយ ប្រាប់​អ្នកសារព័ត៌មាន​ថា ល្ខោនខោល​ខ្មែរ ថ្វី​ត្បិត​មាន​ឈ្មោះ​តែ​មួយ ក៏ប៉ុន្តែ​មាន​លក្ខណៈ​ពិសេស​ប្លែកៗ​ពីគ្នា​ទៅ​តាម​តំបន់ ដែល​លោក​ថា​នៅ​កម្ពុជា​មាន​ល្ខោនខោល​ចំនួន​៤​តំបន់​គឺ ល្ខោនខោល​រាជ​ធា​នៅ​ភ្នំពេញ ល្ខោនខោល​ខេត្តកំពង់ធំ ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត ខេត្ត​កណ្តាល និង​ល្ខោនខោល​ខេត្ត​បាត់ដំបង​។​

​សំឡេង​លោក ហង់ ភូមិ​រ៉ា​៖

លោក ភូមិ​រ៉ា បន្ថែមទៀតថា​ប្រសិនបើ​គ្មាន ការបង្កើត​ព្រឹត្តិការណ៍ ប្រមូលផ្ដុំ​សិល្បករ​ល្ខោនខោល​បែបនេះ​ឡើង​ទេ​នោះ ទម្រង់​ល្ខោនខោល​ខ្មែរ នៅ​តាម​ភូមិ​ស្រុក​នីមួយៗ​នោះ នឹង​កាន់តែ​ត្រូវបាន​គេ​បំភ្លេចចោល ដែល​អាច​ឈាន​ដល់​ការបាត់បង់​។ ជាក់ស្តែង​ល្ខោនខោល​នៅ​ខេត្ត​បាត់ដំបង មិន​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​ឡើយ ដោយសារតែ​សិល្បករ​មាន​វ័យ​ជរា និង​ខ្វះ​ធនធាន​ជំនាន់​ថ្មី​។​

​ទន្ទឹម​នឹង​ការ​ចាប់ដៃគ្នា​សម្ដែង រវាង​សិល្បករ​ល្ខោនខោល​មកពី​ខេត្ត​កណ្ដាល ខេត្ត​កំពង់ធំ និង​រាជធានី​ភ្នំពេញ ដែលមាន​សិល្បករ​សរុប​ប្រមាណ​ជាង​១០០​នាក់​នោះ ទាំង​អ្នក​រៀបចំ​កម្មវិធី និង​អ្នក​សម្ដែង​បាន​បង្ហាញ​នូវ​ការព្រួយបារម្ភ ចំពោះ​ការគាំទ្រ​ពី​សំណាក់​មហាជន ដែល​ពួកគេ​ខ្លះ​អះអាង​ថា បើ​គ្មាន​ការគាំទ្រ​ទេ​នោះ នឹង​នាំឲ្យ​មាន​ការបា​ក់​ទឹកចិត្ត ដែល​នឹង​លែង​មាន​ព្រឹត្តិការណ៍​បែបនេះ បន្ត​ទៀត​ទៅ​ថ្ងៃ​អនាគត​។​

​សំឡេង​លោក ហង់ ភូមិ​រ៉ា​៖

​លោក ប៉ូច ផៃ វ័យ​៦៤​ឆ្នាំ ជា​គ្រូបង្រៀន​សម្ដែង​ល្ខោន​ខោល នៅ​តំបន់​ស្វាយ​អណ្ដែត​ខេត្តកណ្ដាល អះអាងថា ល្ខោន​ខោល នៅ​តំបន់​នេះ​គឺជា​ទម្រង់ ល្ខោនខោល​ច្បាប់ដើម ដែល​បាន​បង្ហាត់បង្រៀន​ត​ជំនាន់ ពី​ដូនតា​មក​។ កន្លងមក​លោក ប៉ូច ផៃ មាន​ប្រសា​សាន៍​ថា ល្ខោនខោល​តំបន់​វត្ត​ស្វាយ​អណ្ដែត គឺ​ត្រូវបាន​ហាត់រៀន​ដើម្បី​សម្ដែង​នៅ​ក្នុង​ភូមិ​តាម​ប្រពៃណី ដែល​តែងតែ​សម្ដែង​នៅ​ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ ហើយ​ក្រៅពី​អ្នកភូមិ​ស្រុក​នោះ គឺ​កម្រ​បាន​សម្ដែង​ជូន​មហាជន​ទស្សនា​ណាស់​។​

​សំឡេង​លោក ប៉ូច ផៃ​៖

គួរ​បញ្ជាក់​ជូន​ថា​ព្រឹត្តិការណ៍ «​ស្នាដៃ និង​អនាគត​លើក​ទី​៥» នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅឯ​សាល​មហោស្រព​ចតុមុខ​។ នៅក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ នឹង​មាន​កម្មវិធី​មួយចំនួន​ដូចជា សិក្ខាសាលា​ក្រោម​ប្រធាបបទ «​ជីវិត​ល្ខោនខោល​ខ្មែរ​» ការតាំង​ពិ​ព័រ​សិល្បៈ​បុរាណ​ខ្មែរ ព្រមទាំង​ការសម្ដែង​ល្ខោន​ខោល ដោយ​ក្រុម​ល្ខោនខោល​បាត់ដំបង ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត និង ក្រុម​ល្ខោនខោល​ភ្នំពេញ​។​

​ចំពោះ​សំបុត្រ​ចូលរួម​គឺ​មាន​តម្លៃ​៤០,០០០​រៀល និង​៦០,០០០​រៀល​។ អ្នក​រៀបចំ​កម្មវិធី​អះអាងថា ថវិការ​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ នឹង​ត្រូវ​ឧបត្ថម​ទៅ​សិល្បករ​ល្ខោន​ខោល ដែល​សរុប​ទាំងអស់​មាន​ចំនួន​ដល់​ជាង​១០០​នាក់​។​

ព័ត៌មានផ្សេងទៀត