អ្នកនាំពាក្យ​កម្ពុជា​៖​ប្រតិកម្ម​របស់​ព្រឹទ្ធសភា​អាមេរិក​រឿង​បិទ​NDI ជា​ការសារភាព​កំហុស​

ដោយ៖ សៅ វិសាល 25-08-2017 5:37 pm 1916

​ប្រតិកម្ម​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក បាន​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់ ក្រោយពេល​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្រេច​បិទ​ការផ្សាយ​តាម​រលកធាតុអាកាស របស់​ស្ថានីយ៍​វិទ្យុ​មួយចំនួន រួម​នឹង​អង្គការ​របស់​អាមេរិក​មួយ​ឈ្មោះថា «​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​» ឬ «NDI» មិនឲ្យ​មាន​ប្រត្តិបត្តិការ​នៅ​ក្នុងប្រ​ទេស​កម្ពុជា​។ ការសម្រេច​បិទ និង​បណ្តេញ​អង្គការ​ទាំងនេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ខកខាន​កាតព្វកិច្ច​បង់ពន្ធ​។​

​ជុំវិញ​ការបណ្តេញ​អង្គការ​NDI ចេញពី​កម្ពុជា ត្រូវបាន​លោក​Jonh McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​សម្តែង​ការ​សោ​ក​ស្តែង និង​រិះគន់ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​ថា កំពុង​ភ័យខ្លាច ការបោះឆ្នោត​ថ្នាក់​ជាតិ​នាពេលខាងមុខ ទើប​ប្រើ​មធ្យោបាយ​ផ្តាច់ការ  ដើម្បី​បំបិទ​សម្លេង​ប្រឆាំង​។​

បើ​តាម​សេចក្ដីថ្លែងការណ៍ របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក John McCain នៅ​ថ្ងៃ​ទី​២៤ សីហា បានបង្ហាញ​ក្ដីបារម្ភ​អំពី​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេស​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន បាន​បណ្ដេញ​បុគ្គលិក​អង្គការ NDI ចេញពី​ប្រទេស​។ ទង្វើ​បែប​នេះ គឺជា​ការព្យាយាម​បំបិទ​សម្លេង​ប្រឆាំង ធ្វើបាប​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​រិត​ត្បិត​សិទ្ធិសេរីភាព​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល ខណៈ​ការបោះឆ្នោត​ថ្នាក់ជាតិ ខិតចូល​មកដល់​។​
​សេចក្តីថ្លែងការណ៍ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា NDI ជា​អង្គការ​ដ៏​សំខាន់​មួយ ដែល​ធ្វើការ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ នៅលើ​ពិភពលោក ដោយ​ថា អង្គការ​មនុស្សធម៌​មួយ​នេះ បាន​ជួយ​ធានា​នូវ​សុចរិត​ភាព នៃ​ដំណើរ​បោះឆ្នោត នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​ជុំវិញ​ការបិទ​អង្គការ NDI​នេះ សំណួរ​ជា​ច្រើន ត្រូវបាន​បន្លឺ​ចេញពី មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ថា «​តើ​ប្រទេស​កម្ពុជា​មាន​ការប្តេជ្ញាចិត្ត ចំពោះ​លទ្ធិប្រជាធិបតេយ្យ ដែរឬទេ​?» និង​ថា ប្រជាធិបតេយ្យ​ដើរ​ទៅ​មុខ ឬ​ថយ​ក្រោយ គឺ​កម្ពុជា​ខ្លួនឯង ជា​អ្នកសម្រេច​។​

​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា បានបញ្ជាក់​ថា ៥​ចំណុច បង្ហាញថា ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ និង​លំហរ​សេរីភាព​ព័ត៌មាន ប្រទេស​សមាជិក​អាស៊ាន គ្មាន​ប្រទេស​ណា​ប្រសើរ​ជាង​កម្ពុជា​នោះឡើយ​។​

សំឡេង

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បានបញ្ជាក់​ថា ជុំវិញ​ប្រតិកម្ម​ពី​សមាជិក​ព្រឹទ្ធសភា អាមេរិក ខាងលើនេះ មិនមែន​ជា​ការរិះគន់ ឬ​ចោទប្រកាន់​មកលើ​រដ្ឋាភិបាល​កម្ពុជា​នោះទេ ផ្ទុយទៅវិញ គឺជា​ការ​សារភាពថា អង្គការ​NDI ជា​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​។ ហើយ​អ្វី​ដែល​រដ្ឋាភិបាល បានសម្រេច គឺ​ធ្វើឡើង​ទៅ​តាម​ច្បាប់​កំណត់​តែប៉ុណ្ណោះ​។

សំឡេង

​សូមបញ្ជាក់​ថា ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ការផ្សាយ​តាម​រលកធាតុអាកាស របស់​ស្ថានីយ៍​វិទ្យុ​មួយចំនួន រួម​នឹង​អង្គការ​ឃ្លាំង​មើល​ការបោះឆ្នោត​មួយ​ផង​ដែរ​។ ជុំវិញ​ការផ្អាក​ឲ្យ​ដំណើរ​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍ ដោយ​បាន​អះអាង​ថា អាច​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ នាពេលខាងមុខ ដោយសារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ខ្លួន​ចាត់ទុកថា ឯករាជ្យ កំពុង​រង​ការគំរាមកំហែង និង​បញ្ឈប់​ដំណើរការ​ជា​បន្តបន្ទាប់​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត