ភាព​ល្អក់​កករ​រវាង​​អាមេរិក​-​កម្ពុជា​​ធ្វើ​ឲ្យ​នឹក​ដល់​គ្រា​​អាមេរិក​​ផ្តាច់​ទូត​​នៅ​​ទសវត្សរ៍​៦០​

ដោយ៖ គួន សំបូរ 24-08-2017 5:26 pm 4074
បាតុកម្មវាយស្ថានទូតអាមេរិក កាលពីឆ្នាំ១៩៦៤។

​ទំនាក់ទំនង​អាមេរិក និង​កម្ពុជា​រយៈពេល​ចុងក្រោយ​នេះ ត្រូវបាន​គេ​សង្កេតឃើញថា ហាក់​មិន​ស៊ីសង្វាក់​គ្នា​។​ជាទូទៅ​ស្ទើរតែ​គ្រប់​វេទិកា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​តែងតែ​វាយប្រហារ លើ​មហាអំណាច​បស្ចឹម​លោក​មួយ​នេះ​ជារឿយៗ​។ ថ្មីៗ​នេះ កម្ពុជា​បាន​សម្រេច​បណ្តេញ​អង្គការ​NDI ជា​អង្គការ​របស់​អាមេរិក​ចេញ​ពី​ទឹកដី​កម្ពុជា ដោយ​ចោទ​ថា អង្គការ​អាមេរិក​នេះ មិន​បាន​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​សារពើពន្ធ​។​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ប្រតិកម្ម​នឹង​ការបណ្តេញ​នេះ ខណៈ​ដែល​សកម្មជន​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​គ្រោង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង នឹង​អាមេរិក​។ ព្រឹត្តិការណ៍​នេះ ធ្វើឲ្យ​គេ​នឹកឃើញ​ទៅ​នឹង​ហេតុការណ៍​ស្រដៀង​គ្នា​នេះ ពេល​អា​មេ​រិច​ផ្តាច់​ទូត​ចេញពី​កម្ពុជា​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​។ សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​

​ការសម្រេច​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI និង​បណ្ដេញ​បុគ្គលិក​របស់​វិទ្យាស្ថាន​នេះ​ចេញពី​កម្ពុជា គឺ​វា​ជា​ការសម្រេច​ថ្មី​បំផុត​របស់​កម្ពុជា ទៅលើ​មហាអំណាច​បស្ចឹម​លោក គឺ​សហរដ្ឋអាមេរិក ។​ក្រៅពីនេះ ស្ថាប័ន​របស់​អាមេរិក​មួយចំនួនទៀត ក៏​កំពុង​រង​សម្ពាធដូចគ្នា​អ៊ីចឹង​ដែរ​មាន​៖​វិទ្យុ​អាស៊ីសេរី វិទ្យុ​VOA និង​កាសែត​cambodiadaily​។​

​ក្រោយ​បណ្តេញ​អង្គការ​NDI ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចោទ​ជា​សំណួរ​អំពី​ការប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ថ្លែង​ការពារ​ចំពោះ​សកម្មភាព​របស់​អង្គការ​NDI​។ ទូត​អាមេរិក បញ្ជាក់ថា អង្គការ NDI មាន​អនុស្សារណៈ​នៃ​ការយោគយល់ ដែល​នៅ​មាន​សុពលភាព​មួយ ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​ស្ថាប័ន​នេះ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ  គ​.​ជ​.​ប និង​ក្រសួង​មហាផ្ទៃ​។ កម្មវិធី​បច្ចុប្បន្ន​របស់​អង្គការ​នេះ បាន​ជួយ​លើកកម្ពស់​គណនេយ្យភាព​របស់​រដ្ឋាភិបាល ហើយ​បាន​រួមចំណែក​ធ្វើឲ្យ​ដំណើរការ​បោះឆ្នោត​មានភាព​បើកចំ​ហ​ច្រើន និង​មាន​ការចូលរួម​នៃ​ក្រុម​មនុស្ស​ទាំងអស់​។​

​ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រតិកម្ម​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​គ្រប់​សាខា​ទូទាំងប្រទេស ព្រមាន​ធ្វើ​មហា​បាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិក ប្រសិន​ណា​បើ​អាមេរិក​ហ៊ាន​បន្ត​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​គូរ​កត់ម្គាល់ថា ការ​បញ្ឈប់​សកម្មភាព​របស់​អង្គការ NDI ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នាពេលនេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ឯកសារ​បែកធ្លាយ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ឈ្មោះ «​កូន​ខ្មែរ​» ដោយ​ចោទ​ថា អង្គការ NDI បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​គណបក្ស​ប្រឆាំង ដើម្បី​ផ្ដួលរំលំ​គណបក្សកាន់អំណាច​។​

​រឿងរ៉ាវ​ខាងលើនេះ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា ទំនាក់​ទង​មេត្រីភាព​រវាង​រដ្ឋាភិបាល​ក្រុងភ្នំពេញ និង​វា​ស៊ីន​តោន កាន់តែ​មាន​ភាព​ល្អក់កក​រ​។​គេ​សង្កេតឃើញថា មុន​បិទ​អង្គការ​NDI ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន តែងតែ​ប្រតិកម្ម​ចំពោះ​ការរិះគន់​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ មក​លើ​គម្រោង​ច្បាប់​មួយចំនួន ខណៈ​ដែល​កម្ពុជា​កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ជប៉ុន​និង​ចិន​។​

​មេត្រីភាព​កំពុង​ល្អក់កករ​រវាង​អាមេរិក និង​កម្ពុជា​បច្ចុបន្ន​នេះ ធ្វើឲ្យ​គេ​នឹកឃើញ​កាលពី​ទសវត្ស​រ៍​ឆ្នាំ​១៩៥០ និង​១៩៦០​។​នៅក្នុង​ឆ្នាំ​១៩៥៥ ក្នុង​របប​សង្គម​រាស្ត្រនិយម​សម្ដេចព្រះ នរោត្តម សីហនុ ទទួលស្គាល់​ប្រទេស​ចិន ជា​ប្រទេស​ចិន​តែមួយ ហើយ​ទំនាក់ទំនង​ជាមួយ​អាមេរិក​កាន់តែ​ឃ្លាតឆ្ងាយ បន្ទាប់ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ចោទ​អាមេរិក​ថា បាន​ផ្តល់​នូវ​សម្ភារៈ​សឹក​ដល់​ពួក​ខ្មែរ​សេរី ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នា​សម័យ​នោះ​។​

​ចំណង​ការទូត​អាមេរិក​កម្ពុជា​ចាប់ពីពេលនោះ​មក បត់បែន​ខ្លាំង​។​រហូតដល់​ឆ្នាំ​១៩៦៤ ពលរដ្ឋ និង​សិស្ស និសិត្ស​ខ្មែរ​រាប់​រយ​នាក់ នាំគ្នា​វាយ​ទូត​អាមេរិក បាតុកម្ម​ប្រឆាំង​នឹង​អាមេរិក ហើយ​រហូត​ដល់​ឈាន​ទៅ​ផ្តាច់​មេត្រីភាព​នៅ​ខែ​ឧសភា ឆ្នាំ​១៩៦៥​។​ជំនួយ​ត្រូវ​កាត់ផ្តាច់ កម្ពុជា​ត្រូវ​ធ្លាប់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។​នយោបាយ​ការបរទេស​មិន​ច្បាស់លាស់ បង្ក​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​របប​វាលពិឃាដ​រហូតដល់​បាត់បង់​ជីវិត​ប្រជាជន​ជិត២លាននាក់​។​

​តែ​យ៉ាងណាក្តី ព្រឹត្តិការណ៍​កំពុង​កើត​មាន​បច្ចុប្បន្ន​នេះ មិន​អាច​ដូច​ព្រឹត្តិការណ៍​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៥០ និង​១៩៦០​ឡើយ​។​ព្រោះថា បើ​ធៀប​ទសវត្សរ៍​ឆ្នាំ​១៩៦០​និង​ប​ច្ចុប្បន្ន គឺ​ទសវត្សរ៍​ឆ្នាំ​១៩៦០ ពិភពលោក​កំពុង​មាន​សង្គ្រាមត្រជាក់ ហើយ​តាម​ភូមិសាស្ត្រ​នយោបាយ បច្ចុប្បន្ន​ទីក្រុង​វា​ស៊ីន​តោន កំពុង​ប្រជែង​គ្នា​ជាមួយ​មហា​យ​ក្យ​នៅអាស៊ី គឺ​ចិន​។​ប៉ុន្តែ​ចូរ​កំ​ភ្លេច​ថា ទីផ្សា​រលក់​ផលិតផល​វាយ​ណ​ភ​ណ្ឌ តំលៃ​ប្រហែល​ពាក់កណ្តាល​នៃ​ផលទុន​សរុប​របស់​កម្ពុជា គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា គឺ​លក់​នៅ​ទីផ្សារ​ប្រទេស​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នេះឯង​។​

​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ចុង​ក្រោយ​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បង្ហាញថា ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​អាមេរិក​ចាប់ពី​ខែ មករា ដល់​ខែ មិថុនា​ឆ្នាំ​២០១៧​មាន​សរុប ១,៣៦​ពាន់​លាន​ដុល្លារ កើនឡើង ៤,៦ ភាគរយ​កាលពី​ឆ្នាំមុន​។​បន្ថែម​ពី​នេះ​កាល​ឆ្នាំ​២០១៦​អាមេរិក​សម្រេច​អនុគ្រោះ​ពន្ធ អនុញ្ញាតិឲ្យ​ផលិតផល​ទាក់ទង​នឹង​ដំណើរការផ​លិ​តនៅក​ម្ពុ​ជា​ដូចជា​៖​វ៉ា​លី​ស កាបូប​ដាក់​អីវ៉ាន់ កាបូប​យួរដៃ និង​កាបូប​ប្រាក់​ផ្សេងៗ​ជាដើម អាច​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក​ដោយ​មិន​ជាប់​ពន្ធគយ​ជាដើម​។​

​ជា​រួម​មកវិញ គេ​សង្កេត​យើង​ថា នយោបាយ​ការបរទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ស្រប​តាម​រដ្ឋធម្មនុញ្ញ​មាត្រា​៥៣ ដែល​ចែង​ថា កម្ពុជា​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​នយោបាយ អព្យាក្រឹត អចិន្ត្រៃយ៍ និង​មិន​ចូល​បក្សសម្ព័ន្ធ​។​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​ជាមួយ​អាមេរិក​កំពុង​ឡើង​កម្តៅ​។​ដូច្នេះ​កម្តៅ​រវាង​រដ្ឋាភិបាល​ក្រុងភ្នំពេញ និង​ទីក្រុង​វា​ស៊ីន​តោន​នេះ អាច​កើតមាន​ដូច​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​ឬទេ​?​តើ​នឹង​មាន​ផលប៉ះពាល់ អ្វី​ខ្វះ​ដល់​ប្រទេស​ទាំង​ពីរ​នៅក្នុង​សម័យ​សកលភាវូបនីយកម្ម​នេះ​?

ដោយ គួន សំបូរ

ព័ត៌មានផ្សេងទៀត