មន្ត្រី​រដ្ឋាភិបាល​ថា​​កម្ពុជា​​មិន​ចង់​​ឈ្លោះ​​ជាមួយ​​អាមេរិក​​ទេ​​

ដោយ៖ អឿន ភារ៉ា 24-08-2017 3:03 pm 5873

​ក្រុម​យុវជន​ដែល​មាន​ទំនោរ​ទៅ​រដ្ឋាភិបាល​កម្ពុជា ព្រមាន​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិក បន្ទាប់​ពី​ស្ថានទូត​ចេញ​ប្រតិកម្ម​ខ្លាំងៗ​លើ​រដ្ឋាភិបាល ជុំវិញ​ការបិទ និង​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់ NDI​ចេញពី​កម្ពុជា​។ មន្ត្រី​រដ្ឋាភិបាល​មិន​បដិសេធ ចំពោះ​គម្រោង​ការធ្វើ​បាតុកម្ម​នេះ​ទេ តែ​លោក​ណែនាំ​ឲ្យ​ក្រុម​យុវជន បង្វែរ​ពី​ការធ្វើ​បាតុកម្ម ទៅ​ជា​ការដាក់​ញត្តិ​វិញ ព្រោះថា កម្ពុជា​មិន​ចង់​ឈ្លោះ​ជាមួយ​អាមេរិក​ទេ​។

​ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព ដែល​មាន​ទំនោរ​ទៅ​ខាង​រដ្ឋាភិបាល ព្រមាន​ដឹកនាំ​យុវជន​របស់ខ្លួន​ទូទាំង​ប្រទេស ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​។ ការព្រមាន​នេះ បន្ទាប់​ពី​ស្ថានទូត​អាមេរិក បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការបិទ និង​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់ NDI​ចេញពី​កម្ពុជា​។​

​បើ​តាម​ការប្រកាស​របស់​សមាជិកសមាជិ​ការស​ម្ព​ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ទូទាំងប្រទេស នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា​នេះ បញ្ជាក់ថា គម្រោង​ការធ្វើ​បាតុកម្ម​នេះ ដោយសារ​ពួកគេ​មិន​ចង់​បាត់បង់​សន្តិភាព​ដែល​កំពុង​មាន​បច្ចុប្បន្ន​។ ពួកគេ​បាន​រំឭកថា “​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ខ្មែរ អាមេរិក​ធ្លាប់​បាន​បង្ករ​វិនាសកម្ម​មក​លើ​ទឹកដី​មួយ​នេះ​ម្តង​រួចមកហើយ កាលពី​ទសវត្ស​៧០ រណ្តៅ​គ្រាប់​នៅ​បន្សល់​ទុក​ដល់​បច្ចុប្បន្ន​នៅឡើយ (​គ្រាប់បែក​ជាង ២​លាន​៧​សែន​តោន​បាន​ទម្លាក់​មក​លើ​ក្បាល​ប្រជាជន​កម្ពុជា​)”​។​

​ក្រុមយុវជន​គាំទ្រ​រដ្ឋាភិបាល​ទាំងនោះ អំពាវនាវ​ឲ្យ​ស្ថានទូត​អាមេរិក​កុំ​លូក​ដៃ​រហូត​ហួស​ព្រំដែន​ភារកិច្ច​របស់​ខ្លួន​ចំពោះ​ការងារ​ដឹកនាំ​របស់​កម្ពុជា​។ បើសិន​ជា​ស្ថានទូត​អាមេរិក​នៅ​តែ​បន្ត​លូក​ដៃ​មិន​បញ្ឈប់​នោះទេ ពួក​គេ​អះអាង​ថា សម្ពន្ធ​យុវជន​គ្រប់​សាខា​ទូទាំង​ប្រទេស នឹង​ប្រើ​សិទ្ធ​ស្របច្បាប់ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​សន្តិភាព ការពារ​សន្តិភាព​របស់​កម្ពុជា នៅ​ចំពោះមុខ​ស្ថានទូត​អាមេរិក ជាក់​ជាមិនខាន​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ផៃ ស៊ីផា​ន មិន​បដិសេធ​ចំពោះ​ការប្រកាស​ធ្វើ​បាតុកម្ម​របស់​ក្រុមយុវជន​ទាំងនេះ​ទេ ដោយ​លោក​ថា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។ លោក​ផៃ ស៊ីផា​ន បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​នៅថ្ងៃនេះ​ថា រដ្ឋាភិបាល​មិន​មាន​ជំហ​គាំទ្រ ឬ​មិន​គាំទ្រ​ការធ្វើ​បាតុកម្ម​នេះ​ទេ តែ​លោក​ណែនាំ​ឲ្យ​ការធ្វើ​បាតុកម្ម​នេះ ត្រូវ​សុំ​ការអនុញ្ញាត និង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ជាមុនសិន​....
​សំឡេង​លោក​ផៃ ស៊ីផា​ន​៖

​ទោះជា​យ៉ាងណា មន្ត្រី​រដ្ឋាភិបាល​រូបនេះ ចង់ឲ្យ​ក្រុមយុវជន​បង្វែរ​ពី​ការធ្វើ​បាតុកម្ម​ទៅ​ជា​ការដាក់​ញត្តិ​វិញ ដោយ​លោក​ថ្លែងថា​៖ “​ខ្ញុំ​យល់ឃើញថា គួរតែ​សរសេរ​ជា​ញ្ញត្តិ​ទៅ​ប្រសើរ​ជាង​ធ្វើបាតុកម្ម ដើម្បី​កុំឲ្យ​ខាត​ពេលវេលា និង​កុំឲ្យ​រំខាន​អ្នក​រស់នៅ​ម្តុំ​នោះ​....”​។ ជាមួយគ្នានេះ លោក​ផៃ ស៊ីផា​ន ជំរុញ​ឲ្យ​ស្ថានទូត​មេរិក​គោរព​គ្នា​ទៅវិញទៅមក​ជាជាង​បង្កើ​ត​ជា​ភាគី​ជម្លោះ ព្រោះ​លោក​ថា កម្ពុជា​អនុវត្ត​ទៅតាម​ច្បាប់ និង​មិន​ចង់​ឈ្លោះ​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ​។​

​ក្រសួងមហាផ្ទៃ បង្ហាញ​ជំហ​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​។ លោក​ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់ថា អាជ្ញាធរ​មិន​រារាំង​ការធ្វើ​បាតុកម្ម​ណាមួយ​ទេ បើ​ការធ្វើ​បាតុកម្ម​នោះ ធ្វើឡើង​ដោយ​ត្រឹមត្រូវ​តាមច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​។ លោក​ខៀវ សុភ័ក បន្ថែម​....
​សំឡេង​លោក​ខៀវ សុភ័ក​៖

​គួរ​ជម្រាប​ថា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ បាន​ចោទសួរ​អំពី​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះល​ទ្ធិប្រ​ជាធិ​តេ​យ្យ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទ​ស្ថានជា​តិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI និង​ទុក​ពេល ៧​ថ្ងៃ​ឲ្យ​បុគ្គល​បរទេស​បម្រើការ​នៅ​អង្គការ​មួយ​នេះ ចាកចេញ​ពី​ប្រទេស​កម្ពុជា​។ ការបណ្តេញ​ចេញ​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​ចោទ​អង្គការ​អាមេរិក​មួយ​នេះ​ថា បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ខុសច្បាប់​ស្ដីពី​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​បាន​មិន​ចុះបញ្ជី​ជាមួយ​ក្រសួងការបរទេស​នោះឡើយ ហើយ​ថែមទាំង​ចោទថា អង្គការ​នេះ​បាន​គាំទ្រ​បក្សប្រឆាំង សម្រាប់​ការប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ​នេះ​។​

​យ៉ាងណា ស្ថានទូត​អាមេរិក​បាន​ចេញ​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងនេះ ហើយ​បាន​ពន្យល់​ពី​សកម្មភាព​ការងារ គោលដៅ និង​ការស្វែងរក​ការចុះបញ្ជី​ផ្លូវការ​របស់​វិទ្យាស្ថាន​នេះ តប​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​។ ស្ថានទូត​នេះ អះអាងថា អង្គការ​NDI មាន​ភាពមិនលំអៀង ហើយ​ធ្វើការ​ជាមួយ​គ្រប់​គណបក្ស​ទាំងអស់ ដោយ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ បាន​បណ្ដុះបណ្ដាល​ដល់គ​ណ​បក្សប្រឆាំង និង ក្រុម​មន្ត្រី​គណបក្ស​កាន់អំណាច និង​គណបក្ស​ដទៃ​ទៀត​ផងដែរ​។ NDI ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ក្នុងចំណោម​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ផ្នែក​លទ្ធិប្រជាធិបតេយ្យ ដែល​ទទួលបាន​ការគោរព​បំផុត​នៅក្នុង​ពិភពលោក​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​។​

​រីឯ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក នៅ​ថ្ងៃនេះ​ដែរ បាន​ធ្វើ​សន្និសីទកាសែត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​អនុញ្ញាត​ឲ្យ​អង្គការ និង​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន ដែល​កំពុង​រង​ការព្រមាន​បណ្តេញ​ចេញ​កម្ពុជា បន្ត​កិច្ចការ​របស់​ពួកគេ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។​

​ឆ្លើយតប​ទៅ​វិញ​ភ្លាមៗ​ដែរ មន្ត្រី​រដ្ឋាភិបាល បាន​និយាយថា អង្គការ​ស្ថាន​ប័ន​ទាំងនោះ គ្មាន​សមត្ថភាព​អភិវឌ្ឍ​ប្រជាធិបតេយ្យ​នោះ​ទេ​។ ហើយ​ព្រមាន​ថា បើសិនជា​គ្មាន​ការគោរព​ច្បាប់​ទេ សូម​កុំ​និយាយ​ពី​ប្រជាធិបតេយ្យ​នៅលើ​ទឹកដី​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត