ការដណ្ដើម​​ឥទ្ធិពល​រវាង​​ចិន​និង​ជប៉ុន​​នៅ​អាស៊ី​(​ភាគ​២)

ដោយ៖ ពេញ ផេង 24-08-2017 8:31 am 3561
រូបភាពកងទ័ពចិន(ឆ្វេង)​និងកងទ័ពជប៉ុន

​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិ​ការអន្ដរ​ជាតិ​ថ្ងៃនេះ ពេញ ផេង​នឹង​ជម្រាបជូន​លោកអ្នក​បន្ដទៀត ពី​ការបង្ហាញ​អំណាច​របស់​ចិន​និង​ជប៉ុន​នៅក្នុង​តំបន់​អាស៊ី ដើម្បី​ក្លាយជា​មហាអំណាច​អាស៊ី​។​កាលពី​សប្ដាហ៍​មុន​លោកអ្នក​នាង​បាន​ស្វែង​យល់​ខ្លះៗ​ហើយ ពី​គោលនយោបាយ​និង​យុទ្ធសាស្ដ្រ ដែល​ប្រទេស​ទាំង​ពីរ​ប្រើប្រាស់​។​នៅថ្ងៃនេះ​ពេញ ផេង​នឹង​លើកយក​ជម្លោះ​ពាក់ព័ន្ធ​នឹង​ប្រជុំ​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត ដែល​ប្រទេស​ទាំង​ពីរ​បាន​ប្រឈមមុខ​ដាក់​គ្នា​កន្លងមក​។​ដូច្នេះ​ដើម្បី​

ជ្រាប​ព័ត៌មាន​បន្ថែម សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​តទៅ​៖

សំឡេង​៖

​ដើម្បី​អធិបតេយ្យភាព ដើម្បី​បង្ហាញ​ពី​អំណាច​រៀងៗ​ខ្លួន បច្ចុប្បន្ន​នេះ​បញ្ហា​ប្រឈម​រវាង​ចិន​ជាមួយ​ជប៉ុន មាន​លក្ខណៈ​កាន់តែ​តានតឹង​ខ្លាំង ចាប់តាំងពី​ជប៉ុន​បាន​ទិញ​ដី​មួយ​ភាគ​នៃ​ប្រជុំ​កោះមាន​ជម្លោះ​ពី​ក្រុមហ៊ុន​ឯកជន​មក​ធ្វើជា​កម្មសិទ្ធិ​របស់​ជាតិ​។​ពេល​នោះ​ហើយ​ដែល​ទីក្រុង​ប៉េកាំ​ង​បាន​ខឹងក្រេវក្រោធ​ខ្លាំង ដោយ​បាន​បញ្ជូន​នាវា​ខ្លួន​៦​គ្រឿង​ទៅ​កាន់​ប្រជុំ​កោះមាន​ជម្លោះ​ជាមួយ​ជប៉ុន និង​បាន​បើកដៃ​ឲ្យមាន​បាតុកម្មហិង្សា​ជាច្រើន​ប្រឆាំង​ជប៉ុន​អស់​រយៈពេល​មួយ​សប្ដាហ៍​នៅ​ទូទាំង​ប្រទេស​ចិន​។​បន្ទាប់ពីនោះ​មក ប្រជាជន​ចិន​បាននាំគ្នា​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​ជប៉ុន ពិសេស​ផលិតផល​រថយន្ដ​ដែល​ធ្វើឲ្យ​ការល​ក់​រថយន្ដ​ជប៉ុន​នៅក្នុង​ប្រទេស​ចិន​ថយចុះ​ជាង​៨៤​ភាគរយ​។​នាយករដ្ឋមន្ដ្រី​ជប៉ុន​បាន​រិះគន់​រដ្ឋាភិបាល​ចិន ថា​បាន​ធ្វើបាប​សហគ្រាស​ជប៉ុន​ដែល​មាន​ទីតាំង​នៅ​ចិន បង្ក​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​។​

​មួយវិញទៀត​រដ្ឋមន្ដ្រី​ជប៉ុន​ពីរ​រូប​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ជប៉ុន​នៅ​វិហារ​យ៉ា​ស៊ូ​គូ​នី​កាលពី​ថ្ងៃ​ទី​១៥ សីហា ២០១២ ចំ​ថ្ងៃ​ខួប​៦៧​ឆ្នាំ​នៃ​ការ​ចាញ់​សង្គ្រាមលោកលើកទីពី​ររ​បស់​ជប៉ុន​។​វិហារ​យ៉ា​ស៊ូ​គូ​នី​ស្ថិត​នៅក្នុង​ទីក្រុង​តូ​ក្យូ គឺជា​កន្លែង​ត​ម្គ​ល់​ឈ្មោះ​ទាហាន​ជប៉ុន​ដែល​បាន​ពលី​ជីវិត​ដើម្បី​មាតុភូមិ​។​ប៉ុន្ដែ​នៅ​ទីនោះ​ក៏​មាន​ដាក់​ត​ម្គ​ល់​ដែរ​នូវ​ឈ្មោះ​របស់​ក្រុម​នាយទាហាន​ដែល​ជា​ឧក្រិដ្ឋជន​សង្គ្រាមលោកលើកទី​ពីរ ដូច​ជា​ឧត្ដមសេនីយ៍ Tojo Hideki ដែល​ជា​នាយករដ្ឋមន្ដ្រី​ជប៉ុន​ពី​ឆ្នាំ​១៩៤១​ដល់​ឆ្នាំ​១៩៤៤​។​ម្ល៉ោះហើយ​បានជា​ចិន​ទប់​កំហឹង​ខ្លួន​មិន​ជាប់​ឡើយ នៅពេល​ដែល​ឃើញ​អ្នកដឹកនាំ​ជាន់ខ្ពស់​របស់​ជប៉ុន​ទៅ​វិហារ​យ៉ា​ស៊ូ​គូ​នី​ម្ដងៗ​។​

​នៅ​ថ្ងៃ​ទី​៥​សីហា​ឆ្នាំ​២០១២ ជនជាតិ​ចិន​ចំនួន​១៤​នាក់​មក​ពី​ហុងកុង​បាន​ជិះទូក​ចូល​ទៅ​ជិត​ប្រជុំ​កោះ​សេន​កា​គូ ដែល​សព្វថ្ងៃ​ឋិត​នៅក្រោម​ការគ្រប់គ្រង​របស់​ជប៉ុន ប៉ុន្ដែ​ចិនដីគោក​និង​ចិនតៃវ៉ាន់​អះអាងថា​ជា​ទឹកដី​របស់​ចិន​។​ពួក​អ្នក​ជាតិនិយម​ចិន​ទាំង​នោះ​បាន​ដាក់​ជើង​ជាន់ដី​កោះ និង​ដោត​ទង់ជាតិ​ចិន​នៅ​ទីនោះ​ទៀត​ផង​។​បន្ទាប់​មក​កង​យាមល្បាត​របស់​ជប៉ុន​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ទាំងនោះ ជា​ហេតុ​ជំរុញ​ឲ្យមាន​ការប្រឆាំ​ង​តវ៉ា​ពី​ទីក្រុង​ប៉េកាំង​។​ចិន​បាន​ធ្វើឲ្យ​រឿងរ៉ាវ​នេះ​ក្លាយជា​បុព្វហេតុ​ជាតិ​។​ជាក់ស្ដែង​ជា​ទូទៅ​ឲ្យតែ​មាន​រឿងរ៉ាវ​កើតឡើង​ជុំវិញ​ជម្លោះទឹកដី​ជាមួយ​ជប៉ុន​ម្ដងៗ ថ្នាក់ដឹកនាំ​ចិន​តែងតែ​បាន​កោះហៅ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ក្រុង​ប៉េកាំង​មក​ស្ដីបន្ទោស និង​បើកដៃ​ឲ្យ​ជនជាតិ​ចិន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ប៉េកាំង​ទៀតផង​។​

​ជា​បន្ដបន្ទាប់​នៅ​ថ្ងៃទី​០៤​វិច្ឆិកា​ឆ្នាំ​២០១២ នាវា​រដ្ឋាភិបាល​ចិន​៤​គ្រឿង​បាន​បើក​ចូល​ទៅ​ជិត​ប្រជុំ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន​។​ប្រជុំ​កោះ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ជប៉ុន​តែ​ចិន​នៅ​តែ​ទាមទារ​ជានិច្ច​ជា​បូរណភាព​ដែនដី​ខ្លួន​។​អនុរដ្ឋមន្ដ្រី​ជប៉ុន​មួយរូប​បាន​សម្ដែង​ការប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ទៅកាន់​ឯកអគ្គរដ្ឋទូត​ចិន អំពី​វត្ដ​មាន​នាវា​ចិន​នៅក្នុង​ដែនសមុទ្រ​ជប៉ុន ដែល​លោក​បាន​ថ្លែងថា សកម្មភាព​បែប​នេះ​កាន់តែ​មាន​ជា​ញឹកញាប់​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ យន្ដហោះ​ល្បាត​ដែនទឹក​មួយ​គ្រឿង​របស់​ចិន ក៏​បាន​ហោះហើរ​កាត់​ពីលើ​ទីប្រជុំ​កោះ​សេន​កា​គូ ជុំរុញ​ឲ្យ​ជប៉ុន​ខឹងសម្បារ​ក្រៃលែង ដោយ​បាន​ស្រែក​បរិហារ​ភ្លាម ថា​ទង្វើ​នេះ​គឺជា​ការរំលោភ​ដែនអាកាស​ជប៉ុន​ជា​លើក​ដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ​។​ជា​ប្រតិកម្ម ជប៉ុន​ក៏​មិន​បង្អែរ​បង្អង់​ឡើយ ដោយ​បាន​បញ្ជូន​ជា​បន្ទាន់​នូវ​យន្ដហោះ​ប្រដេញ​របស់ខ្លួន​F15 ទៅ​តំបន់​ប្រជុំ​កោះ​នោះ​ផង​ដែរ​។​

​ម្យ៉ាងវិញទៀត ភាព​តានតឹង​កាន់តែ​ខ្លាំង​កើតមាន​ក្នុង​ខណៈ​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវបាន​ដោះ​ដូរ​។​បើ​យើង​ងាក​មក​មើល​គោលនយោបាយ​ចម្បងៗ​របស់​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ ក៏មាន​ដែរ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​កងទ័ព​។​ក្រោយ​ឡើងកាន់តំណែង​មិន​យូរ​ប៉ុន្មាន​ផង រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​អំពី​គម្រោង​ចំណាយ​ថវិកា​១៦០០​លាន​អឺរ៉ូ នៅក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៣ យក​ទៅ​ពង្រឹង​វិស័យ​យោធា​។​

សម្រាប់​ក្រសួង​ការពារជាតិ ការដំឡើង​ថវិកា​ភ្លាមៗ​នេះ ជា​ប្រការ​ចាំបាច់​របស់​ជប៉ុន​ដែល​កំពុង​ប្រឈម​នឹង​ស្ថានភាព​អសន្ដិសុខ​កាន់តែខ្លាំង​។​កូរ៉េខាងជើង​ដែលជា​ប្រទេសជិតខាង​ទើប​បង្ហោះ​មី​ស៊ី​ល​បានសម្រេច ភាព​តានតឹង​នយោបាយ​ជាមួយ​ចិន​នៅ​បន្ដ​។​បើ​ពិនិត្យ​ជាទូទៅ គម្រោង​ថវិកា​ឆ្នាំ​២០១៣​មាន​ប្រមាណ​តែ​៤១​ពាន់​លាន​អឺរ៉ូ ពោល​គឺ​ច្រើន​ជាង​ឆ្នាំមុនៗ​ប្រមាណ​ជាង​៨៧៣​លាន​អឺរ៉ូ​ប៉ុណ្ណោះ ប៉ុន្ដែ​កំណើន​នេះ​ជា​ស្នូរ​ជួង​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចេតនា​របស់​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី អំពី​ឥទ្ធិពល​របស់​ជប៉ុន​នៅក្នុង​តំបន់​ដែល​តានតឹង​បំផុត​ជាមួយ​ប្រទេស​ចិន ក្នុង​សំណុំរឿង​ប្រជុំ​កោះ​សេន​កា​គូ​។​

ក្រោយ​មក​កាលពី​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០១៣ សហរដ្ឋអាមេរិក​និង​ជប៉ុន​បាន​បើក​សមយុទ្ធ​ផ្លូវអាកាស​រួមគ្នា​។​សមយុទ្ធ​ផ្លូវអាកាស​រវាង​អាមេរិក​ជាមួយ​ជប៉ុន បាន​ធ្វើឡើង​នៅក្នុង​សមុទ្រ​ជប៉ុន​។​សមយុទ្ធ​ផ្លូវអាកាស​នេះ ចូលរួម​ដោយ​យន្ដហោះ​ប្រដេញ​អាមេរិក​ប្រភេទ​FA-១៨​ចំនួន​៦​គ្រឿង និង​មាន​ទាហាន​អាមេរិក​ចំនួន​៩០​នាក់ ចំណែក​នៅ​ខាង​ភាគី​ជប៉ុន​វិញ​មាន​យន្ដហោះ​ប្រដេញ​ប្រភេទ​F-៤ ចំនួន​៤​គ្រឿង តែ​គេ​មិន​បានដឹង​អំពី​ចំនួន​ទាហាន​ជប៉ុន​ដែល​ចូលរួម​ឡើយ​។​ឃើញ​ថា​ជាមួយនឹង​វត្ដ​មាន​យន្ដហោះ​ក៏​ដូច​ជា​វត្ដ​មាន​ទាហាន​ដែរ សមយុទ្ធ​នេះ​ហាក់ដូចជា​មិនសូវ​មាន​ទ្រង់ទ្រាយ​ធំ​ប៉ុន្មាន​ទេ​។​តែ​សម្រាប់​ទីក្រុង​តូ​ក្យូ វា​បាន​បង្កប់​ដោយ​អត្ថន័យ​ធំធេង​ណាស់​ពិសេស​នៅក្នុង​បរិយាកាស​នៃ​ភាព​តានតឹង​ជាមួយ​ចិន ពាក់ព័ន្ធ​នឹង​ជម្លោះ​ដណ្ដើម​ទីប្រជុំ​កោះ​សេន​កា​គូ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​។​

លោក​អាបេ​បានប្រកាស​បិទទ្វា​រ​នៅ​រាល់​ការចរចា​ជាមួយ​ចិន​ទាក់ទង​នឹង​សំណុំរឿង​ទីប្រជុំ​កោះ​សេន​កា​គូ​។​សម្រាប់​លោក​អាបេ ទីប្រជុំ​កោះ​សេន​កា​គូ​ជា​អធិបតេយ្យ​របស់​ជប៉ុន​ដែល​មិន​អាច​ចរចា​បានឡើយ​។​ទន្ទឹមនឹងនេះ លោក​អា​បេក៏បាន​បញ្ជាក់​ពី​ឆន្ទៈ​របស់​លោក​ក្នុង​ការបង្កើន​ទំនាក់ទំនង​ជាមួយ​អាមេរិក​។​ទំនាក់ទំនង​ដែល​បាន​ស្គាល់​ភាព​រកាំរកូស​អស់​រយៈពេល​៣​ឆ្នាំ នៅក្រោម​ការ​កាន់អំណាច​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១២​។​កាលពី​ខែ​តុលា​ឆ្នាំ​២០១២ អាមេរិក​និង​ជប៉ុន​បាន​លុបចោល​សមយុទ្ធ​មួយ​ដោយ​ចង់​បន្ថែម​ឲ្យមាន​កងទ័ព​ឡើង​លើ​កោះ​។​កា​សម្រេច​លុបចោល​កាល​នោះ មក​ពី​ចិន​ចង់ឲ្យ​មាន​ការប៉ះទង្គិ​ច​ជាមួយ​ចិន​។​យ៉ាងណាក៏ដោយ ការ​ដែល​ជប៉ុន​បាន​យល់ព្រម​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​ក្រោម​អំណាច​របស់​លោក​អាបេ នឹង​មិន​បន្ដ​ទុក​បណ្ដោយ​ឲ្យ​ទីក្រុង​ប៉េកាំង​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ដ​ក្នុង​រឿង​ទីប្រជុំកោះ​សេនកា​គូនោះ​ទៀតឡើយ​។​

​ព្រម​ជាមួយគ្នានេះ ចិន​ក៏​កំពុង​បញ្ចេញ​សាច់ដុំ​ខាង​ផ្នែក​យោធា​ផងដែរ ដោយ​ទើប​បាន​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​នាវា​ដឹក​យន្ដហោះ​ទី​មួយ​របស់​ខ្លួន​។​ក្រសួង​ការពារ​ជាតិចិន​បាន​អះអាង​ថា នាវា​ផ្ទុក​យន្ដហោះ​នេះ​នឹង​ជួយ​ឲ្យ​ចិន​បង្កើន​កម្លាំង​ទ័ពជើងទឹក ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ សន្ដិសុខ និង​ផលប្រយោជន៍​របស់​ចិន​។​ក្នុងពេល​ជាមួយគ្នា នាវា​ល្បាត​ជាច្រើន​គ្រឿង​ត្រូវបាន​ចិន​បញ្ជូនទៅ​ក្បែរ​តំបន់​ជម្លោះ ហើយ​ជប៉ុន​ក៏​បាន​បង្កើន​ចំនួន​នាវា​ល្បាត​របស់ខ្លួន​នៅ​ទីនោះ​ដែរ ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ការបារម្ភ​ថា ជម្លោះ​ដណ្ដើម​កោះ​នេះ​អាច​នឹង​រាលដាល​បង្ក​ឲ្យមាន​ការប៉ះទង្គិ​ច​គ្នា​ខាង​ប្រដាប់អាវុធ​។​

តើ​ជប៉ុន​និង​ចិន​ពិតជា​អាច​ឈាន​ដល់​ការប្រឈមមុខ​ដាក់​គ្នា​ខាង​ផ្នែក​យោធា ដោយសារ​តែ​ជម្លោះ​ដណ្ដើម​កូន​កោះ​ទាំងនេះ​ឬ​?

​លោក​អ្នកនាង​ជាទីគោរព ចំពោះ​សាច់រឿង​បញ្ចប់​ស្ដីពី​ការដណ្ដើម​ឥទ្ធិពល​រវាង​ចិន​និង​ជប៉ុន​នៅ​អាស៊ី យើង​នឹង​ជម្រាប​ជូន​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​៕
(​អត្ថបទ​នេះ​ដកស្រង់​ទាំងស្រុង​ពី​សៀវភៅ “​នយោបាយ​ការបរទេស ម្សិលមិញ ថ្ងៃនេះ និង​ថ្ងៃស្អែក​” របស់​លោក​បណ្ឌិត​សុខ ទូច សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ បោះពុម្ព​ឆ្នាំ​២០១៥)

ព័ត៌មានផ្សេងទៀត