សង្គម​ស៊ី​វី​ល​បារម្ភ​ពី​ការបិទទ្វារ​ ក្រោយ​រដ្ឋាភិបាល​​បណ្តេញ​​អង្គការ​NDI​

ដោយ៖ គួន សំបូរ 23-08-2017 4:02 pm 216

ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន សម្រេច​បញ្ឈប់​នូវ​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​បណ្តេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ ចេញពី​កម្ពុជា ក្នុង​រយៈពេល​៧​ថ្ងៃ បន្ទាប់​ពី​ការជូនដំណឹង​ជា​ផ្លូវការ​អំពី​សេចក្តីសម្រេច​នេះ​។​សម្រាប់​សង្គម​ស៊ីវិល​សម្តែង​ការសោកស្តាយ ហើយ​បារម្ភ​ពី​ស្ថានភាព អង្គការ​ក្នុង​ស្រុក​មួយចំនួន ដែល​ធ្វើ​ទាក់ទង​នឹង ការងារ​បោះឆ្នោត​ថា អាច​នឹង​ត្រូវ​បិទទ្វារ​បន្ថែមទៀត​ដោយ​សា​អស់​ជំនួយ​ពី​ខាងក្រៅ​។

​ក្រសួង​ការបទេស​សម្រេច​បញ្ឈប់​នូវ​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)​ដោយ​ពន្យល់​ថា អង្គការ​អាមេរិក​នេះ មិន​បាន​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​សារពើពន្ធ​។

​ក្រសួង​ការបទេស​ពិនិត្យឃើញ​ថា​ទី​១ ចាប់តាំងពី​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូល​ជា​ធរមាន អង្គការ NDI បាន​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងការបរទេស រហូត​ដល់​អង្គការ​នេះ​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៦ ហើយ​ក្នុង​អំឡុង​ពេល​រង់ចាំ​ការសម្រេច​ពី​ក្រសួង​លើ​ការស្នើសុំ អង្គការ​NDI នៅតែ​បន្ត​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដោយ​គ្មាន​ការគោរព​ច្បាប់​។​

​ទី​២​អង្គការ NDI មិន​បាន​ចុះបញ្ជី​រដ្ឋបាល​សារពើពន្ធ​។ មាត្រា​១០១​នៃ​ច្បាប់​ស្ដី​ពី​សារពើពន្ធ​ចែងថា បុគ្គល​ទាំងឡាយ​ត្រូវ​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​ក្នុងអំឡុង​១៥​ថ្ងៃ​ក្រោយ​ពី​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​។​ក្នុង​ករណី​មិន​បាន​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ  គឺ​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទ​ប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ ដោយ​ផ្អែក​តាម​មាត្រា​១២៨​នៃ​ច្បាប់​សារពើពន្ធ​។​

​ក្រៅពី​សម្រេច​បណ្តេញ​អង្គការ​NDI​ចេញពី​កម្ពុជា ក្រសួង​ការបទេស​កម្ពុជា ក៏​បាន​ឆ្លៀត​ព្រមាន​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រៀម​លក្ខណៈ​រួចជាស្រេច ក្នុង​ការចាត់វិធានកា​រ​បែប​នេះ​ផង​ដែរ ចំពោះ​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ណា ដែល​មិន​គោរព​តាម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​និង​ច្បាប់​ផ្សេងៗ​ទៀត​របស់​ប្រទេស​កម្ពុជា​។​

​ទាក់ទង​ទៅនឹង​ការចុះបញ្ជី​វិញ​លោក ច​ន ខា​វ៉ា​ណូហ៍ នាយក​កម្មវិធី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ប្រចាំ​កម្ពុជា​ឲ្យដឹងថា​NDI បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ទៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៦​។​ប៉ុន្តែ​មក​ដល់ពេលនេះ​មិនទាន់​មាន​ការឆ្លើយតប​ពី​ក្រសួង​ឡើយ​។​

​លោក សំ គន្ធា​មី នាយក​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការសម្រេច​បិទ​អង្គការ​NDI​របស់​រដ្ឋាភិបាល​កម្ពុ​ជា​។​លោក​ថា អង្គការ​NDI ជា​អង្គការ​អន្តរជាតិ​មួយ​ដែល​តែងតែ​ផ្តល់ជំនួយ ដើម្បី​តាមដាន​ការបោះឆ្នោត​នៅ​កម្ពុជា​។​ដូច្នេះ​លោក​បារម្ភ​ពី​ស្ថានភាព​អង្គការ​ក្នុងស្រុក​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត​ថា​អាច​នឹង​បិទទ្វារ​…

​សំឡេង​លោក សំ គន្ធា​មី​៖

​ជាការ​កត់ម្គាល់ ការសម្រេច​បិទទ្វារ​វិទ្យាស្ថាន​NDI​របស់​អាមេរិក និង​បណ្ដេញ​បុគ្គលិក​ចេញពី​កម្ពុជា​របស់​រដ្ឋាភិបាល​ខ្មែរ​នេះ ធ្វើឡើង​ក្រោយ​មួយ​សប្តាហ៍ បន្ទាប់​ទំព័រ​ហ្វេ​សប៊ុក​ឈ្មោះ​កូន​ខ្មែរ បាន​បង្ហោះ​រូបភាព និង​របៀបវារៈ​ពី​ការបណ្តុះបណ្តាល​មួយ​ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ពាក់កណ្តាល​ខែ​មីនា ដោយ​ចោទ​ថា អង្គការ​អាមេរិកកាំង​មួយ​នេះ​បាន​ផ្តល់​យុទ្ធសាស្ត្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នូវ​គម្រោង​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល នៅក្នុង​ការបោះឆ្នោត​ជាតិ​។​

​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ នាយក​កម្មវិធី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បានបញ្ជាក់​ថា រយៈពេល​ជាង ២៥​ឆ្នាំ​មកនេះ NDI បាន​ធ្វើ​ការងារ​ក្នុងនាម​ជា​ដៃគូ​ជាមួយ​បក្ស​នយោបាយ​ជាមួយ​តំណាងរាស្ត្រ អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​កម្ពុជា ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ប្រកបដោយ​តម្លាភាព និង​ការចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​គ្រប់​ភាគី បម្រើ​នូវ​អត្ថប្រយោជន៍​សម្រាប់​ពល​រដ្ឋ​កម្ពុជា​។

​ចាប់ពី​ខែ​មករា ដល់​មេសា ឆ្នាំ​២០១៧ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​ផ្ដល់​ការបណ្ដុះបណ្ដាល​មិន​ត្រឹមតែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ គឺ​បាន​បណ្ដុះបណ្ដាល​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្សនយោបាយ​តូចៗ​ចំនួន ៣​ផ្សេង​ទៀត​ទៅលើ​ប្រធានបទ​ផ្សេងៗ​ជាច្រើន​ដើម្បី​ពង្រឹង​គណបក្ស​នយោបាយ​ទាំងនោះ​។​

​ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បដិសេធ​ជុំវិញ​ព័ត៌មាន NDI​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​គណបក្ស​ខ្លួន ផ្តួលរំលំ​បក្ស​កាន់អំណាច​។ លោក​យឹម សុវណ្ណ អះអាង​ប្រាប់​វិទ្យុ​វាយោ​ថា NDI​ជា​ស្ថាប័ន​អង្គការ​អន្តរជាតិ​ដ៏​ល្បី​មួយ ដែល​ធ្វើការ​ដោយ​ឯករាជ្យ និង​បើកចំហ​គ្រប់​គណបក្ស​នយោបាយ​។ លោក​បញ្ជាក់ថា គណបក្ស​ប្រឆាំង​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ខុសច្បាប់​នោះ​ទេ ហើយ​ក៏​គ្មាន​ទំនាក់ទំនង​ផ្ទៃក្នុង ឬ​ធ្វើ​ការលាក់លៀម​ជាមួយ​NDI ដូច​ការចោទប្រកាន់​នោះដែរ​៕

 

ព័ត៌មានផ្សេងទៀត