លោក​ហ៊ុន សែន​៖ គ្មាន​ការ​ចាំបាច់​ណា​ដែល​នាយក​រដ្ឋមន្ត្រី​ត្រូវ​ស្រែក​គ្រប់​តែ​រឿង​ទេ​

ដោយ៖ សៅ វិសាល 22-08-2017 6:10 pm 4499

“​គ្មាន​ការ​ចាំបាច់​ណាមួយ ដែល​តម្រូវឲ្យ​នាយករដ្ឋមន្ត្រី ស្រែក​គ្រប់​តែ​រឿង​នោះទេ​”​។ នេះ​ជា​ប្រសាសន៍​លើក​ឡើង របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន សម្តែង​នូវ​ការ​មិន​ពេញចិត្ត ចំពោះ​មន្ត្រី​ក្រោម​ឱវាទ មិន​ហ៊ាន​ប្រើប្រាស់​វិធានការ​តាមច្បាប់ ទៅលើ​អ្នក​ដែល​បាន​រំលោភបំពាន ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ប៉ះពាល់ ដល់​ការអភិវឌ្ឍន៍​ប្រទេស​ជា​ដើម​។

​ថ្លែង​ក្នុង​វេទិការ​ជាតិ​លើក​ទី​២ ស្តីពី “​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” ក្រោម ការរៀបចំ​ដោយ​ក្រសួង​បរិស្ថាន នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​២២ សីហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា បើ​បញ្ហា​ទាំងអស់ ចាំបាច់​ត្រូវតែឲ្យ​នាយករដ្ឋមន្ត្រី​ស្រែក តើ​ចាំបាច់​បង្កើត​ច្បាប់ និង​ក្រសួង​ពាក់ព័ន្ធ​នានា​មក​ធ្វើ​អ្វី​? ឬ​ប្រសិនបើ​អំណាច​មិន​គ្រប់គ្រាន់ អាច​ស្នើសុំ​បន្ថែម​អំណាច​បាន​។​

សំឡេង​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​រម្លឹក​ពី​អតីត​រដ្ឋ​មន្ត្រី​បរិស្ថាន​មួយរូប ដែល​តែងតែ​ស្នើ​សុំ​សិទ្ធិ​អំណាច​(​ដាវ​អាជ្ញាសឹក​) ប៉ុន្តែ​នៅពេល​មាន​បញ្ហា​ពាក់ព័ន្ធ នឹង​ដែន​សមត្ថកិច្ច​របស់​ខ្លួន បែរជា​មិន​ហ៊ាន​ប្រើ​ដាវ​អាជ្ញាសឹក គឺ​ទុកឲ្យ​នាយករដ្ឋមន្ត្រី​ប្រើ​ដដែល​។ នេះ​ជា​បញ្ហា​មួយ ដែល​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​ទាំងអស់គ្នា​។ នេះ​ជា​ប្រសាសន៍​បន្ថែម​របស់​លោក​នាយករដ្ឋមន្ត្រី​។​

​សំឡេង

​នៅក្នុង​ប្រទេស​មួយ ប្រសិន​បើ​ប្រព័ន្ធ​គ្រប់គ្រង ត្រូវបាន​ផ្តល់​សិទ្ធិអំណាច​ទៅលើ​តែ​បុគ្គល​ណា​ម្នាក់ នោះ​មន្ត្រី​ថ្នាក់ក្រោម ប្រាកដ​ណាស់​ថា នឹង​មិន​ហ៊ាន​ធ្វើ​អ្វី​ឡើយ ប្រសិនបើ​មិន​មាន​បញ្ជា​ពី​ថ្នាក់លើ​។ ជាក់ស្តែង ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន កើតមាន​នូវ​ករណី​មួយចំនួន ដូចជា​ការដកតំណែង តួនាទី ចំពោះ​មន្ត្រី​ដែល​បាន​អនុវត្ត​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ដែល​មាន​ខ្សែ ឬ​ខ្នងបង្អែក​ក្រាស់ៗ​។ ការដក​សិទ្ធិ​អំណាច​ទៅ​លើ​មន្ត្រី​ណា​មួយ មិន​គោរព​ទៅតាម​ឋានានុក្រម ឬ​រំលង​លើ​ច្បាប់​ទម្រង់​បែបបទ ដែល​មាន​ស្រាប់​នៅតាម​ស្ថាប័ន​នី​មួយៗ​ជាដើម​។ បរិបទ​បែបនេះហើយ ទើប​ធ្វើឲ្យ​សង្គម​កម្ពុជា មន្ត្រី​ដែល​មាន​សិទ្ធិ​អំណាច​ល្មមៗ មិន​ហ៊ាន​ចាត់ការ​លើ​ជន​ដែល​មាន​ខ្នង​ក្រាស់​នោះទេ​។ នេះ​ជា​ការបញ្ជាក់​ពី​លោក​មាស នី អ្នកវិភាគ និង​ជា​អ្នកតាមដាន​ស្ថានការណ៍​សង្គម នយោបាយ​នៅ​កម្ពុជា​។​

​សំឡេង

​ជុំវិញ​បញ្ហា​នេះ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បានបញ្ជាក់​ថា ប្រសាសន៍​លើក​ឡើង របស់​លោក​នាយករដ្ឋមន្ត្រី គឺជា​ការ​ក្រើនរម្លឹក ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​ក្នុង​ការអនុវត្ត​ច្បាប់​លើ​ដែន​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​។ លោក​បន្តថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុងយក​ចិត្ត​ទុកដាក់ លុបបំបាត់​នូវ​វប្បធម៌​អន្តរាគមន៍ (​ខ្នងបង្អែក​) ដែលជា​មូលហេតុ នាំឲ្យ​មាន​ការពង្រីក វិសាលភាព នៃ​វប្បធម៌​និទណ្ឌភាព​។ លោក​ផៃ ស៊ីផា​ន ក៏​បាន​អំពាវនាវ ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវគោរព​ធ្វើតាម​នូវ​អ្វី ដែល​ជា​ការចង្អុលបង្ហាញ​ពី​លោកនាយក​រដ្ឋមន្ត្រី និង​ចូលរួម​ធ្វើកំណែទម្រង់​ឲ្យបាន​ស៊ីជម្រៅ ជុំវិញ​បញ្ហា​នេះ តាមរយៈ​ការចូលរួម​ទទួលខុសត្រូវ​ទាំងអស់​គ្នា​៕ ដោយៈ​សៅ វិសាល​

​​សំឡេង

ព័ត៌មានផ្សេងទៀត