សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​​បោះឆ្នោត​​របស់​បក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​រដ្ឋសភា​​ព្រម​យក​​ទៅ​ពិនិត្យ​​

ដោយ៖ គួន សំបូរ 21-08-2017 2:50 pm 221
កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃទី​២១ ខែ​សីហា​ ឆ្នាំ២០១៧។ រូបភាពពី រដ្ឋសភា

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃទី​២១ ខែ​សីហា​នេះ បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ជុំវិញ​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៣​រូប​។​ជា​លទ្ធផល​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច ប្រគល់​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ពិនិត្យ និង​សិក្សា​។​ប្រធាន​ក្រុម​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ការសម្រេច​នេះ ជា​នីតិវិធី​របស់​រដ្ឋសភា ហើយ​បក្ស​ប្រឆាំង​នឹង​តាមដាន​បន្ត​ទៀត​។

​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ស្នើឡើង​ដោយ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ប្រគល់​ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា ដើម្បី​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​។​ការសម្រេច​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃទី​២១ ខែ​សីហា​នេះ​ដឹង​នាំ​កិច្ចប្រជុំ​ដោយ​លោក​ហេង សំរិន ប្រធានរដ្ឋសភា​។​

​សេចក្តីស្នើច្បាប់​នេះ​មាន​ចំនួន​៣​មាត្រា និង​ដោយ​មាន​ចេតនា​ឈានទៅ​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​និង​រស់​នៅ​ក្រៅប្រទេស អាច​ចូលរួម​បោះឆ្នោត​បាន នៅតាម​ស្ថានទូត​នានា​ដែល​ប្រទេស​កម្ពុជា តាំងនៅ​។​ចំណែក​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការងា​រ​នៅជាប់​ប្រទេស​កម្ពុជា​ដូចជា​ប្រទេស​ថៃ អាច​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​បោះឆ្នោត​នៅតាម​ព្រំដែន​។​នេះ​បើ​តាម​លោក​ស៊ុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​។​

​សំឡេង​លោក​ស៊ុន ឆ័យ​៖

​លោក​ស៊ុន ឆ័យ បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ចន្ទ​ថា ការសម្រេច​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃនេះ ជា​នីតិវិធី​របស់​រដ្ឋសភា ដែល​មាន​ភារកិច្ច​បញ្ជូន​សេចក្តីស្នើច្បាប់​ទៅ គណៈ​កម្ម​ការជំនាញ ហើយ​លោក​ជា​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ នឹង​រង់ចាំ​មើល​ពី​ដំណើរការ​នេះ​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​សំណើ​របស់​លោក​សុន ឆ័យ​ថា ផ្ទុយ​ទៅ​និង​កិច្ច​ព្រមព្រៀ​គ្នា​កាលពី​ឆ្នាំ​២០១៥ ពេល​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​។​លោក​ថា កម្ពុជា​បច្ចុប្បន្ន​មិនទាន់​មាន​លទ្ធភាព​ដើម្បី​រៀបចំ​ការបោះឆ្នោត​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​បាន​ទេ ហើយ​ថា ការស្នើ​របស់​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ជា​ការ​កេញចំណេញ​នយោបាយ​។

​លោក​នាយរដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់បាន​អះអាង​ថា កម្ពុជា​អាច​នឹង​ពិចារណា​អំពី​ការរៀបចំ​ការបោះឆ្នោត​ក្រៅប្រទេស​បាន ល្គឹក​វា​ជា​ការបោះឆ្នោត​ប្រធានាធិបតី ឬ​ជា​ការបោះឆ្នោត​ឯកត្តនាម​។ ប៉ុន្តែ​ថា បើ​ជា​ការបោះឆ្នោត​បែប​សមាមាត្រ​ដូច​សព្វថ្ងៃ គឺ​មិន​អាច​រៀបចំ​ការបោះឆ្នោត​ក្រៅប្រទេស​បាន​ឡើយ​។ លោក​ថា បោះឆ្នោត​នៅក្នុង​ប្រទេស​នៅ​បក្សប្រឆាំង​ថា​បន្លំ ចុះ​ទម្រាំ​បោះឆ្នោត​នៅ​ទម្រាំ​បោះឆ្នោត​នៅ​ខាង​ក្រៅ​ប្រទេស​…? នេះ​នៅ​មិនទាន់​គិត​ដល់​បញ្ហា​ម៉ោង​ខុសគ្នា​ថែម​ទៀត​។​

​យ៉ាងណា​ក៏​ដោយ​សម្រាប់​លោក​សំ គន្ធា​មី នាយក​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​យល់ថា បើសិន​ជា​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​បាន គឺ​កម្ពុជា​នឹង​មាន​លទ្ធភាព​រៀបចំ​កា​រ​បោះឆ្នោត​ក្រៅប្រទេស​។ បោះ​បាន​ដោយ​លោក​បញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សព្វថ្ងៃ មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​ឬ​រស់​នៅ​ក្រៅ​ប្រទេស​អាច​បោះ​ឆ្នោត​។

គួរបញ្ជាក់​ថា ក្រៅ​ពី​បាន​សម្រេច​ទទួលយក​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មក​ពិនិត្យ និង​សិក្សា រដ្ឋសភា​បាន​ទទួលយក​សេចក្តីព្រាងច្បាប់​ពីរ​ទៀត ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ និង​សិក្សា​ក្នុង​មាន​ទី​១ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ទូលំទូលាយ និង​កិច្ចព្រមព្រៀង​មួយចំនួនទៀត រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​) និង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ទី​២​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣៧ មាត្រា​៣៨ មាត្រា​១០៩ និង​មាត្រា​១៣៦ នៃ​ច្បាប់​ស្តីពី​ប្រកាសនីយបត្រ តក្តកម្ម​វិញ្ញាបនបត្រ​ម៉ូដែល មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម​៕

ព័ត៌មានផ្សេងទៀត