ម្ចាស់​បទ​រាត្រី​ជួប​ភ័ក្ត្រ​ប្រើ​ជីវិតចុងក្រោយ​លើ​រទេះរុញ​ប្រាថ្នា​ត្រឹម​មាន​អ្នក​ទទួល​ស្គាល់​

ដោយ៖ គង់ ឧត្តម 19-08-2017 2:43 pm 4776
អ្នកស្រី កែវ សេដ្ឋា លើកបង្ហាញថាសចម្រៀងដែលមានបទចម្រៀងគាត់ច្រៀង នៅផ្ទះជួលជាមួយកូនស្រីរបស់គាត់ ។ រូបថតដោយ វណ្ណ វិរៈបុត្រ ។

ស្តាប់បទយការណ៍ជាសំឡេង៖

​ប្រាកដ​ជា​លោក​អ្នក​បាន​ស្គាល់​និង​ធ្លាប់​ស្តាប់​ហើយ​នូវ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា រាត្រី​ជួប​ភ័ក្ត្រ ។ ចម្រៀង​មួយ​បទ​នេះ សាងរ​ស​និយម​មិន​សាបសូន្យ​របស់ខ្លួន​តាំងពី​ជំនាន់​ទស្សវត្សរ៍​៦០​រហូតមកដល់​បច្ចុប្បន្ន ។ ខ្ញុំ​ជឿថា អ្នកណាៗ​ក៏​អាច​ចេះ​ច្រៀង ក៏​ដឹង​ថា​បទ​នេះ​មាន​ចំណងជើង​អ្វី​ដែរ រាល់​ពេល​បាន​ឮ​បទ​នេះ​ម្តងៗ ។ បទ រាត្រី​ជួប​ភ័ក្ត្រ នេះ គឺជា​ស្នា​ព្រះ​ហ​ស្ថនិពន្ធ​ដោយ​ព្រះ​បរ​មរតន​កោដ ព្រះបាទ នរោត្តម សីហនុ និង​ចូលរួម​បង្ហើរ​សំនៀង​ដោយ​លោក ស៊ីន ស៊ី​សាមុត រួម​គ្នា​នឹង​អ្នកស្រី កែវ សេដ្ឋា កាលពី​ជំនាន់​នោះ ។ ទោះបីជា​បាន​ឆ្លងកាត់​នូវ​សម័យកាល​ជាច្រើន​ទស្សវត្សរ៍​មក​ហើយ​ក្តី បទ​នេះ​ក៏​នៅតែ​បន្តរ​ស​និយម​របស់​ខ្លួន​ក្នុង​ដួងចិត្ត​ពលរដ្ឋ​ខ្មែរ​នៅឡើយ រហូត​មាន​យុវជន​សព្វថ្ងៃ បាន​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​បង្ហោះ​ជា​វីដេអូ​ចម្រៀង​របស់​ខ្លួន​តាម​យូ​ធូប ឬ​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ជា​ដើម លើសពីនេះទៅទៀត បណ្តា​ផលិតកម្ម​និង​អ្នកចម្រៀង​ទាំង​ក្នុងស្រុក ក្រៅ​ស្រុក បាន​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​រាល់ពេល​ប្រគុំ​តន្ត្រី​ផងដែរ ។ 

​ទូក​ទៅ​កំពង់​នៅ ឬ​ខ្លះ​គេ​និយាយ​ដោយ​ត្រង់​ថា បទ​ចម្រៀង​ពី​ដើម ម្ចាស់​ស្លាប់​មុន​បទ ពិតណាស់ ដូចជា​បទ​ចម្រៀង​មួយ​បទ​ដែល​យើង​បាន​រៀបរាប់​ខាងលើ​នេះ​អ៊ីចឹង ក៏​ព្រោះ​វត្ត​មាន​បុគ្គល​បី​អ្នក​បាន​ធ្វើឱ្យ​បទ​នេះ​ចេញ​រូបរាង​ឡើង អាច​ស្តាប់​បាន​រហូត​ដល់​សព្វថ្ងៃ ។ មនុស្ស​ភាគតិច​ណាស់​ដែល​បាន​ស្គាល់ ឬ​ជួប​តារាចម្រៀង​ស្រី​បទ​នេះ ដែល​កំពុង​បន្ត​ជីវិត​រស់នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ក្នុង​មាតុភូមិ​យើង​នៅឡើយ ។ ស្ទើរតែ​មិន​ដឹង​មិន​ជឿ​ថា​ម្ចាស់​បទ​នេះ បន្ត​មានជីវិត​រស់នៅ​ដោយ​ឆ្លងកាត់​របប​ជាច្រើន​រហូត​មក​ដល់​បច្ចុប្បន្ន នោះ​គឺ អ្នកស្រី កែវ សេដ្ឋា ។​

​តាមពិតទៅ អ្នកស្រី កែវ សេដ្ឋា មានឈ្មោះ​ដើម​ថា គូ វ៉ាន់​ស៊ីន ។ ឈ្មោះ កែវ សេដ្ឋា ជា​ឈ្មោះ​ដែល​ប្រើប្រាស់​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​កាលពី​ជំនាន់​ទស្សវត្សរ៍​៦០​ប៉ុណ្ណោះ ។ ឯ​ឈ្មោះ វ៉ាន់​ស៊ីន ច្រើនតែ​ជា​អ្នកសិល្បៈ​ផ្នែក​ល្ខោន​ទេ​ទើប​ស្គាល់ ។ កាលដើមឡើយ ក្នុង​ជំនាន់​សម្តេច​សីហនុ អ្នកស្រី កែវ សេដ្ឋា ជា​តួឯក​ល្ខោនបាសាក់​ក្នុង​វង់​លោក​ឃុន​ព្រះ​ម្នាង​យិន​តាត ។ ដោយសារ​មាន​ឈ្មោះ​ល្បី​ជា​តួឯក​ក្នុង​វង់​ល្ខោន បូកផ្សំ​ជាមួយ​នឹង​សំឡេង​ច្រៀង​ពីរោះ​និង​សម្រស់​ក៏បាន​ផង​នោះ អ្នកនិពន្ធ​ក៏​បាន​ហៅ​អ្នកស្រី​ទៅ​រៀន​ច្រៀង​បទ​សម័យ​តែម្តង ម្យ៉ាង​ក៏​ព្រោះ​ជំនាន់​នោះ ក៏​ពុំ​សូវ​សំបូរ​អ្នកចម្រៀង​ដែរ ។ អ្នកស្រី កែវ សេដ្ឋា ក៏​ចាប់ផ្តើម​ដើរ​ចូល​បម្រើ​សិល្បៈ​ចម្រៀង​តាំងពី​ពេលនោះ​មក ។ ពិសេស​រាល់​ពេល​មាន​កម្មវិធី​ក្នុង​ព្រះបរមរាជវាំង​ម្តងៗ អ្នកស្រី​ជា​អ្នក​ច្រៀង​រាំ​ក្នុង​កម្មវិធី​ថ្វាយ​សម្តេច​តា សម្តេច​យាយ យាង​ទត​កម្សាន្ត ។ អ្នកស្រី​បញ្ជាក់ថា អ្នកស្រី​ឈ្មោះ កែវ សេដ្ឋា មិនមែន​ឈ្មោះ កែវ ម​ន្ថា ទេ ភាគច្រើន​ច្រើនតែ​គេ​ច្រឡំ​អ្នកស្រី​ទៅនឹង​អ្នកស្រី កែវ ម​ន្ថា ។ អ្នកស្រី កែវ ម​ន្ថា គឺជា​ដៃគូ​ច្រៀង​របស់​អ្នកស្រី រស់ សេរី​សុទ្ធា ។ អ្នកស្រី​ប្រាប់ថា ឈ្មោះ កែវ សេដ្ឋា នេះ គឺ​ព្រះអង្គម្ចាស់​ជីវ័ន្តមុន្នីរក្ស ជា​អ្នក​ដាក់​ឈ្មោះ​ឱ្យ​អ្នកស្រី​ប្រើប្រាស់​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​កាលពី​សម័យ​នោះ ។​

​សំឡេង​ចម្រៀង​បទ រាត្រី​ជួប​ភ័ក្ត្រ ដោយ​លោក ស៊ីន ស៊ី​សាមុត និង​អ្នកស្រី កែវ សេដ្ឋា ៖ 

​ក្នុង​វ័យ​៧៩​ឆ្នាំ ទោះ​ធ្លាក់ខ្លួន​ឈឺ​ក៏ពិតមែន អ្នកស្រី​បន្ត​និយាយ​ប្រាប់​ខ្ញុំ​ទាំង​រដិបរដុប​ដោយ​អង្គុយ​លើ​រទេះរុញ រំឭក​អំពី​បទ​ចម្រៀង​ដែល​ធ្លាប់​ច្រៀង​កាលពី​សម័យ​សម្តេច​សីហនុ ។ អ្នកស្រី​ប្រាប់ថា បន្ទាប់​ពី​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​រួចមក គាត់​បាន​ចូលរួម​ច្រៀង​បទ​ចម្រៀង​ជាច្រើន​បទ​កាលពី​សម័យ​នោះ ហើយ​បទ​ដែល​ល្បី​ជាង​គេ​បំផុត​នោះ​គឺ បទ​រាត្រី​ជួប​ភ័ក្ត្រ ដែល​ជា​ព្រះ​រាជនិពន្ធ​ដោយ​សម្តេច​សីហនុ​ផ្ទាល់ ។ អ្នក​ស្រី​​បាន​ចូល​រួម​ច្រៀង​បទ​នេះ មុន​ពេល​អ្នកស្រី​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​រស់នៅ​ខេត្ត​ស្ទឹងត្រែង​ជា​មួយ​ស្វាមី​របស់​អ្នកស្រី ក្នុង​អំ​ឡង​ឆ្នាំ​១៩៦៩ ។ អ្នកស្រី​បញ្ជាក់​ប្រាប់ថា ស្វាមី​របស់​អ្នកស្រី​ឈ្មោះ តាន់ យ៉ិត​សួរ ជា​អ្នក​កាន់​បញ្ជី​នៅ​ក្រសួង​ហិរញ្ញវត្ថុកាល​ពី​ជំនាន់​នោះ ។ រហូត​ដល់​សម័យ​ប៉ុលពត​ចូលមក​ដល់ អ្នកស្រី​ក៏​បន្ត​រស់នៅ​ឆ្លងកាត់​ជីវភាព​ដូច​ពលរដ្ឋ​ដទៃ​ជួបប្រទះ​ដែរ តែ​ជា​អកុសល​កូន​របស់​អ្នកស្រី​ចំនួន​១០​នាក់​បាន​ស្លាប់​៥​នាក់ រួម​ទាំង​ស្វាមី​របស់​អ្នកស្រី​ក៏​ត្រូវបាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៧៦​ដែរ ។ ក្រោយមក អ្នកស្រី​ក៏​ត្រូវបាន​គេ​ផ្គូរ​ផ្គង​ឱ្យ​រៀបការ​ជាមួយ​នឹង​លោក ឌី សុខា គ្រូ​ល្ខោនបាសាក់​ពី​ខេត្ត​បាត់ដំបង ។ លោក ឌី សុខា គឺជា​សិល្បៈករ​ល្ខោន​មួយរូប​ដែល​មាន​ជំនាញ​ចម្រុះ​ទូទៅ ។ គាត់​អាច​លេង​ជា​តួឯក តួ​រង តួ​កាច ឬ​តួ​ស្លូត ជាដើម ពិសេស​ជំនាញ​របស់​គាត់​គឺ​តួយក្ស​និង​តួ​កំប្លែង រហូត​ទទួលបាន​រហស្សនាម​ថា អូ​តូ​រ៉ៃ ។​

​លុះ​ដល់​របប​ប៉ុលពត​បញ្ចប់​ក្នុង​ឆ្នាំ​១៩៧៩ គ្រួសារ​អ្នកស្រី​ក៏​នៅតែ​បន្ត​បម្រើ​សិល្បៈ​ផ្នែក​ល្ខោនបាសាក់​ដដែល ។ ក្នុង​អំឡុង​ឆ្នាំ​១៩៨៣ គ្រួសារ​អ្នកស្រី​ចាប់ផ្តើម​ចូល​បម្រើ​ទ័ព​ជា​ទាហាន​ផ្នែក​កងទ័ពជើងទឹក ។ អំឡុង​ឆ្នាំ​១៩៨៥ គ្រួសារ​អ្នកស្រី​បាន​ផ្លាស់ប្តូរ​ទៅ​កងទ័ពជើងគោក អគ្គស្នងការ​នយោបាយ​នៅ​ផ្សារ​មាន់​អាំង ។ ជីវិត​ជា​កងទ័ព​របស់​គ្រួសារ​អ្នកស្រី​ត្រូវបាន​បញ្ចប់​ក្នុង​អំឡុង​ឆ្នាំ​១៩៩៥ ដោយ​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដដែល​វិញ គឺ​ចាប់ផ្តើម​ដើរ​បណ្តុះបណ្តាល​ជំនាញ​សិល្បៈ​ផ្នែក​ល្ខោនបាសាក់ ។ ក្នុង​ឆ្នាំ​១៩៩៥​កូនស្រី​របស់​អ្នកស្រី​២​នាក់ ដែល​បាន​បែក​គ្នា​ជំនាន់​ឆ្នាំ​១៩៧៩​ទៅ​រស់នៅ​ក្រៅ​ប្រទេស​នោះ បាន​ផ្ញើ​ថវិកា​មក​ធ្វើ​ផ្ទះ​មួយ​ខ្នង​ស្នាក់នៅ​ម្តុំ​វាល​ស្បូវ បឹង​ស្នោ ខេត្ត​កណ្តាល ។ លុះ​ជីវភាព​ខ្វះខាត គ្រួសារ​អ្នកស្រី​ក៏បាន​សម្រេច​ចិត្ត​លក់​ផ្ទះ​មួយ​ខ្នង​នោះ​ទៀត ព្រោះ​ដើម្បី​ចិញ្ចឹម​ក្រុម​ល្ខោនបាសាក់​មកពី​ខេត្ត​បាត់ដំបង ដែល​ត្រូវជា​កូនសិស្ស​របស់​ស្វាមី​អ្នកស្រី កែវ សេដ្ឋា ក្នុង​ចំនួន​ជាច្រើន​នាក់ ។ ទាំង​អ្នកស្រី ស្វាមី និង​កូនៗ បាន​ចុះ​ទៅ​បង្រៀន​និង​សម្តែង​ល្ខោន​ស្ទើរ​គ្រប់​ខេត្ត គ្រប់​ស្រុក ក្នុងប្រទេស​កម្ពុជា ។ ចាប់ពីពេលនោះ​មក ស្ថានភាព​ជីវភាព​និង​ជីវិត​គ្រួសារ​របស់​អ្នកស្រី ចាប់ផ្តើម​រសាត់អណ្តែត​ដើរ​គ្រប់​ខេត្ត​ដោយ​មិន​មាន​ផ្ទះសម្បែង​និង​ប្រភព​ចំណូល​ជាក់លាក់​ឡើយ ។ 

​បន្ទាប់​ពី​គ្មាន​ទីជម្រក​ជាថ្មី ក្រុមគ្រួសារ​អ្នកស្រី កែវ សេដ្ឋា បាន​ធ្លាក់ខ្លួន​ជួល​ផ្ទះ​គេ​នៅ​រហូត​មក​ដោយ​ស្ថិត​ក្នុង​បន្ទុក​កូនស្រី​ពៅ​របស់គាត់ ។ អ្នកស្រី កែវ សេដ្ឋា បាន​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ក្នុង​អំឡុង​ចុងឆ្នាំ​២០១៥ ដោយ​ជំងឺ​លើសឈាម ដែល​ធ្វើឱ្យ​អ្នកស្រី​ស្លាប់​មួយ​ចំហៀង​ខ្លួន​ដើរ​ពុំរួច ។ រាល់ពេល​ហូប​អាហារ​ម្តងៗ អ្នកស្រី​ត្រូវការ​អ្នក​បញ្ចុក​និង​ហូប​អាហារ​ដោយ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​អ្នកស្រី​មិន​អាច​គ្រប់គ្រង​លើ​ប្រព័ន្ធ​បញ្ជា​ផ្នែក​អាហារ​បាន​ដូច​មុន​ឡើយ ។ លើសពីនេះទៅទៀត អ្នកស្រី​មិន​អាច​និយាយបាន​ដោយ​រលូន​ដូច​មនុស្ស​ធម្មតា​បាន​ឡើយ គឺ​និយាយ​បាន​ដោយ​រដិបរដុប ។ គាត់​ប្រាប់ថា ពេល​ចង់​និយាយ​ម្តងៗ គាត់​ពិបាក​ក្នុង​ខ្លួន​ណាស់ រីឯ​ស្វាមី​របស់​អ្នកស្រី បច្ចុប្បន្ន​​គាត់​មាន​វ័យ​៨១​ឆ្នាំ​ហើយ ហើយ​គាត់​ក៏​មាន​ជំងឺ​វង្វេងវង្វាន់​ដែរ ។​

​សព្វថ្ងៃ អ្នកស្រី​ស្នាក់អាស្រ័យ​ផ្ទះ​ជួល​ជាមួយ​កូនស្រី​ពៅ ជួនកាល​អ្នកស្រី​និង​ស្វាមី​ទៅ​រស់នៅ​វត្ត​វិហារ​កំបោរ ម្តុំ​ទន្លេបាទី ក៏​ព្រោះ​លោកគ្រូ​ចៅអធិការ​វត្ត​ត្រូវជា​កូនធម៌​របស់​អ្នកស្រី កែវ សេដ្ឋា ម្យ៉ាង​ទឹកដី​តំបន់​នោះ​ក៏​ជា​ស្រុកកំណើត​របស់​អ្នកស្រី​ដែរ ។ សព្វថ្ងៃ​អ្នកស្រី​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្វះខាត​ខ្លាំង ខណៈ​ដែល​ដើមឡើយ អ្នកស្រី​បាន​ចូលរួម​លើក​ស្ទួយ​វិស័យ​សិល្បៈជាតិ​ខ្មែរ​ត​រៀង​រហូត​មក​ជាមួយ​សិល្បករ​ជើងចាស់​ច្រើន​រូប​ទៀត​…

​សំឡេង​អ្នកស្រី កែវ សេដ្ឋា ៖

ជីវិតចុងក្រោយ​របស់​អ្នកស្រី កែវ សេដ្ឋា ចង់​បាន​ត្រឹម​ឱ្យ​មហាជន​និង​អ្នកសិល្បៈ​ទទួល​ស្គាល់​គាត់​ថា​ជា​សិល្បករ​ជើងចាស់​មួយ​រូប​ដែរ ។ បច្ចុប្បន្ន វត្តមាន​របស់​អ្នកស្រី​ហាក់​មិនសូវ​មាន​អ្នក​ដឹងឮ​ថា​គាត់​នៅ​មាន​ជីវិត​រស់នៅ​ទេ ភាគច្រើន​បាន​ត្រឹមតែ​ស្គាល់​នឹង​ឮ​ឈ្មោះ កែវ សេដ្ឋា តារាចម្រៀង​ម្ចាស់​បទ រាត្រី​ជួប​ភ័ក្ត្រ ជាមួយ​លោក ស៊ីន ស៊ី​សាមុត នៅ​លើ​ឯកសារ​ប៉ុណ្ណោះ ។ គាត់​ប្រាប់ថា គាត់​តូចចិត្ត​នឹង​ខ្លួនឯង​ខ្លាំង ព្រោះ​កាល​នៅ​ក្មេង​កំពុង​បម្រើ​វិស័យ​សិល្បៈ មាន​គេ​ចាប់អារម្មណ៍​ទទួលស្គាល់​ច្រើន តែ​នៅពេល​ធ្លាក់ខ្លួន​ចូល​ក្នុង​វ័យ​ជរា បែរជា​មិនមាន​អ្នក​ទទួល​ស្គាល់ ដឹង​ឮ​ពី​វត្តមាន​គាត់​ជា​អតីត​សិល្បករ​ជើងចាស់​មួយរូប ។​

​អ្នកស្រី តាន់ រតនា កូនស្រី​បន្ទាប់​ពៅ​របស់​គាត់​ប្រាប់​ខ្ញុំ​ថា ពេល​ដឹង​ថា​មាន​អ្នក​ចង់​ទៅ​ជួប​សួរសុខទុក្ខ គាត់​សប្បាយចិត្ត​ខ្លាំងណាស់ គាត់​តែង​សួរ​ទៅ​អ្នកស្រី​ម្តង​ហើយ​ម្តងទៀត​ថា គេ​មក​ថ្ងៃ​ណា​? គាត់​សប្បាយ​ពេល​មាន​អ្នក​ទៅ​លេង ជួបជុំ​និយាយ​សួរនាំ​ពី​សុខទុក្ខ​របស់​គាត់ ។ ដោយហេតុនេះ​ហើយ​ទើប​អ្នកស្រី តាន់ រតនា ស្នើ​ដល់​សិល្បករ តារា​ល្បីៗ​ដូចជា លោក ព្រាប សុវត្ថិ​, លោក ណូយ វ៉ាន់ណេត​, អ្នកស្រី ហ៊ឹម ស៊ី​វន​, អ្នកស្រី ម៉េង កែវពេជ្ជតា និង​តារា​សិល្បករ​ផ្សេងៗ​ទៀត​ជា​ដើម​ឱ្យ​ទទួលស្គាល់​ពី​វត្តមាន​អ្នកស្រី កែវ សេដ្ឋា ផង ។ ភាគច្រើន​ឃើញតែ​ទទួលស្គាល់​លោក ស៊ីន ស៊ី​សាមុត ដែល​គាត់​បាន​ស្លាប់​ទៅ​ហើយ​នោះ ខណៈ​អ្នកស្រី កែវ សេដ្ឋា ជា​តារា​ជើងចាស់​ល្បី​មួយ​រូប​ដែរ ដែល​ធ្លាប់​ច្រៀង​បទ​រាត្រី​ជួប​ភ័ក្ត្រ​ជាមួយ​លោក ស៊ីន ស៊ី​សាមុត កំពុង​បន្ត​រស់រានមានជីវិត​រហូតមកដល់​សព្វថ្ងៃ តែ​មិន​មាន​អ្នក​អើពើ ពិសេស​នោះ តារាចម្រៀង​គ្រប់រូប​ក៏​បាន​យក​បទ​រាត្រី​ជួប​ភ័ក្ត្រ​ទៅ​ច្រៀង​ដោយ​មិន​បាន​ស្គាល់ និង​ជួប​មុខ​ម្ចាស់​បទ​ដោយផ្ទាល់ ។​

​អ្នកស្រី កែវ សេដ្ឋា បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​​ម្តង​ហើយ​ម្តង​ទៀត​ថា គាត់​មិន​ចង់បាន​អ្វី​ធំដុំ​ទេ ចង់​ត្រឹម​ឱ្យ​សាធារណជន​ស្គាល់​និង​ជួយ​គាត់ ។ ម្ចាស់​បទ​រាត្រី​ជួប​ភ័ក្ត្រ​រូបនេះ អំពាវនាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ជួយ​ទំនុកបម្រុង​សិល្បករ​ជើងចាស់​ដូចជា​អ្នកស្រី​…

សំឡេង​អ្នកស្រី កែវ សេដ្ឋា ៖

បំណងប្រាថ្នា​ចុងក្រោយ​របស់​ម្ចាស់​បទ​រាត្រី​ជួប​ភ័ក្ត្រ​រូបនេះ គឺ​ចង់​ចូល​ទៅ​បង្គុំ​គាល់​សម្តេច​ម៉ែ​ដោយផ្ទាល់​ជា​លើក​ចុងក្រោយ ។ គាត់​ថា​សម្តេចម៉ែ​ស្គាល់​គាត់​ច្បាស់​ណាស់ ។ គាត់​ធ្លាប់​មាន​អនុស្សាវរីយ៍​ជាមួយ​ព្រះបាទ​នរោត្តម​សីហនុ​និង​សម្តេចម៉ែ ក្នុងនាម​ជា​សិល្បករ​សម្តែង​សម្រាប់​ពិធី​ក្នុង​ព្រះបរមរាជវាំង កាលពី​សម័យ​សង្គមរាស្ត្រនិយម ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

 

ព័ត៌មានផ្សេងទៀត