ចាប់ខ្លួន​បុរស​​ប្រដាប់​ដោយ​​ដាវ​សា​មូ​រ៉ៃ​​ប៉ុនប៉ង​​ចូលការិយាល័យ​​ប្រធានាធិបតី​​តៃវ៉ាន់​

ដោយ៖ អ៊ុន សុខឡា 19-08-2017 1:58 pm 2388
សកម្មភាពមន្រ្តីចាប់ខ្លួន​Luក្រោយវាយប្រហារ

​ជនសង្ស័យ​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ថា ឈ្មោះ​Lu មាន​អាយុ​៥១ និង​គ្មាន​ការងារ​ធ្វើ​ទេ​។ មុន​ត្រូវ​ចាប់ខ្លួន លោក​Lu បាន​វាយប្រហារ​លើ​អ្នកយាម​ម្នាក់ បណ្តាលឲ្យ​រងរបួស ខណៈ​អ្នកយាម​ស្ថិត​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី​វ័​យ​២៤​ឆ្នាំ​រូប​នោះ ព្យាយាម​រារាំង​រូបគេ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ ប្រធានាធិបតី​លោក​Alex Huang​។​

​បន្ទាប់មក​បុរស​ជនជាតិ​តៃវ៉ាន់ មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ចិន​រូបនេះ ត្រូវបាន​ប៉ូលិស​៤​នាក់ ចាប់​ក្រៀក​ញាត់​បញ្ចូល​ក្នុង​រថយន្ត​ប៉ូលិស នៅ​កន្លែងកើតហេតុ​។ នៅក្នុង​ហិង្សា​នេះ Lu​បាន​ប្រើប្រាស់​ដាវ​សាមូរ៉ៃ ដែល​លួច​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​។ ជា​ដាវ​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​យោធា​ជប៉ុន នៅ​ក្នុង​ការសម្លាប់​រង្គាល លើ​ប្រជាជន​ក្នុង​ទីក្រុង​ណាន​ជី​ង ប្រទេស​ចិន​កាលពី​ឆ្នាំ​១៩៣៧​។

​ការិយាល័យ ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី​Tsai Ing-wen ស្ថិតនៅ​កណ្តាល​ទីក្រុង​តៃប៉ិ​។ ចាប់តាំងពី​អ្នកស្រី Tsai Ing-wen​ឡើងកាន់​តំណែង​កាលពី​ឆ្នាំ​មុន​មក ទំនាក់ទំនង​តៃវ៉ាន់​និង​ចិន​បាន​ធ្លាក់ចុះ ដោយសារ​អ្នកស្រី​បដិសេធ​ជំហរ របស់​ទីក្រុង​ប៉េកាំង ថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។ ចំណែក​ជំហរ​របស់​អ្នកស្រី​Tsai Ing-wen​ដែលជា​អ្នក​ប្រជាធិបតេយ្យ​វិញ ចង់​ឲ្យ​តៃវ៉ាន់​ក្លាយជា​កោះ​ឯករាជ្យ មិន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​នរណា​ឡើយ​។​

​ដូច្នេះ បុរស​ម្នាក់​ដែល​ព្យាយាម​ប៉ុនប៉ង ចូល​ក្នុង​ការិយាល័យ​ប្រធានាធិបតី ទំនង​ចង់បង្ហាញ​ការ​មិន​ពេញចិត្ត​របស់ខ្លួន ចំពោះ​ប្រធានាធិបតី​តៃវ៉ាន់។ ព្រោះក្រៅពីឆែកឃើញ​ទង់ជាតិ​ប្រទេស​ចិន នៅក្នុងកាបូបស្ពាយហើយ ​ Luក៏បានបញ្ចេញសារបញ្ជាក់ ពីការគាំទ្ររដ្ឋាភិបាលទីក្រុងប៉េកាំងដែរ។ យ៉ាងណា មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ ដែល​បុរស​ជនជាតិ​តៃវ៉ាន់​រូបនេះ ប៉ុនប៉ង​ចូល​ក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅឡើយ​ទេ​។ បច្ចុប្បន្ន Lu​កំពុង​ស្ថិត​ក្រោម​ការសួរចម្លើយ​របស់​ប៉ូលិស​៕


ព័ត៌មានផ្សេងទៀត