ពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​បង្ក្រាប​កន្លែង​ទិញ​ផល​ចោរកម្ម​ឲ្យមាន​ប្រសិទ្ធភាព​

ដោយ៖ ទ្រី សីហៈ 18-08-2017 7:50 pm 353
ប្រភព៖ ហ្វេសប៊ុក

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​កំហិត រយៈពេល​តែ​២​សប្ដាហ៍ ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំង​អស់ ចុះ​ត្រួតពិនិត្យ ទីតាំង​ទទួល​បញ្ចាំ ទាំង​មាន​ច្បាប់ និង​ឥត​ច្បាប់ ក្នុង​រាជធានី​ភ្នំពេញ​។ ពលរដ្ឋ​មួយចំនួន បាន​អះអាង​ថា កន្លែង​បញ្ចាំ​ភាគច្រើន បាន​ទទួល​ទិញ​ម៉ូតូ និង​សម្ភារៈ​ផ្សេងៗ​ពី​ក្រុម​ចោរ​។ ពួកគាត់​បាន​សាទរ និង​អន្ទះសារ​ចង់​ឲ្យ​អាជ្ញាធរ បង្ក្រាប​កន្លែង​ទទួល​ទិញ ផល​ចោរកម្ម​ទាំងនោះ ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ជា​ផ្នែក​មួយ​ទប់ស្កាត់​អំពើរ​លួច ប្លន់ ដែល​តែង​បង្ករ​ការភ័យខ្លាច​ដល់ ប្រជាពលរដ្ឋ​។​

ស្ដាប់សំឡេងទាំងស្រុង៖

«​បើ​គ្មាន​អ្នកទិញ ក៏​គ្មាន​អ្នក​លួច​ដែរ​» នេះ​គឺជា​សម្ដី​របស់​ប្រជាពលរដ្ឋ​ភាគច្រើន ដែល​អ្នកយកព័ត៌មាន បាន​សាកសួរ​នៅតាម​ដងផ្លូវ​។ ពួកគាត់ បាន​អះអាង​ថា ករណីរ​ចោរលួច ប្លន់ ក្នុង​រាជធានី​ភ្នំពេញ តែង​កើតមាន​ជា​ហូរហែរ ដែល​សមត្ថកិច្ច​តាម​រក​មិនឃើញ​នោះទេ ព្រោះ​មាន​កន្លែង​ចាំ​ទទួល​ទិញ ហុច​លុយ​ដល់​ដៃ​ឲ្យ​ក្រុមចោរ​ភ្លាមៗ​។​

​អ្នករត់​ម៉ូតូឌុប នៅលើ​ផ្លូវ​សហព័ន្ធរុស្ស៊ី លោក​ម៉េន មករា បាន​លើកឡើង​ថា លោក​ធ្លាប់​យក​ម៉ូតូ ផ្ទាល់​ខ្លួន​មួយ​គ្រឿង ដែល​បាន​បាត់​ប័ណ្ណ​សម្គាល់​(​កាត​គ្រី​) ទៅ​លក់​ឲ្យ​ហាង​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ លោក មករា បន្ត​ថា​មាន​ហាង​ទទួល​ទិញ ម៉ូតូ បើ​ទោះបី​គ្មាន​លិខិត​សម្គាល់​យាន្ត​យន្ត​ក៏ដោយ ដែល​ករណី​បែប​នេះ លោក​អះអាង​ថា វា​មាន​លក្ខណៈ​ងាយស្រួល​ដល់​ចោរ ក្នុង​ការលក់ដូរ​ម៉ូតូ​ដែល​ពួក​គេ​លួច​បាន​...

សំឡេង​លោក​ម៉េន មករា​៖

​បុរស​វ័យ​៣៦​ឆ្នាំ រូប​នេះ​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​កន្លែង​ទទួល​បញ្ចាំ ឬ ទិញ​ម៉ូតូ ឲ្យបាន​តឹងរ៉ឹង ធ្វើយ៉ាងណា​កុំឲ្យ​ពួកគេ​ទទួល​ទិញផល​ចោរកមុ្ម​នោះ សកម្មភាព​លួច​ប្លន់​នឹង​អាច​កាត់បន្ថយ​បាន​ច្រើន​...

​សំឡេង​លោក​ម៉េន មករា​៖

​មិន​ខុស​គ្នា​ប៉ុន្មាន ប្រជាពលរដ្ឋ​ម្នាក់​ទៀត បាន​សម្ដែង​នូវ​ការ​សាទរ​នៅពេល អាជ្ញាធរ​ចាប់ផ្តើម​មាន​វិធានការ​ត្រួតពិនិត្យ​កន្លែង​ទទួល​បញ្ចាំ ដែល​សង្ស័យ​ថា ទទួល​ទិញ​ផល​ចោរកម្ម​។ លោក ញ៉ែម សុខ​កេសា អាយុ​២៨​ឆ្នាំ បាន​លើកឡើង​ថា លោក​មាន​ការព្រួយបារម្ភ​ជា​យូរ​មក​ហើយ លើ​ករណី​ចោរលួច ប្លន់ ហើយ​ថ្មីៗ​នេះ​លោក​ទើបបាន ដឹង​ព័ត៌មាន​ថា​អាជ្ញាធរ ចុះ​ឆែកឆេ​រកឃើញ​ម៉ូតូ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ជា​ច្រើន នៅ​កន្លែង​បញ្ចាំ​...

​សំឡេង​លោក ញ៉ែម សុខ​កេសា​៖

​បើ​តាម​លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យដឹងថា បន្ទាប់ពី​ទទួល​បាន​បញ្ជា ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​រួច​មក សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ កុងស៊ី​បញ្ចាំ ជា​បន្តបន្ទាប់ ដែល​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ និង​ឡាន​ជាច្រើន​គ្រឿង ដែល​គ្មាន​ឯកសារ រហូត​ឈានដល់​ឃាត់ខ្លួន​ម្ចាស់​ហាង​បញ្ចាំ​និង​បិទ​កន្លែង​បញ្ចាំ​គ្មាន​ច្បាប់​អនុញ្ញាតិ មួយចំនួន​ទៀត​ផង​។  ទោះ​យ៉ាងណា​រហូតមកដល់​ពេលនេះ លោក​ម៉េត មាស​ភក្ដី ថា​មិន​ទាន់​មាន​របាយណ៍​បញ្ជាក់ពី​តួលេខ នៃ​ការអនុវត្ត​ការឆែកឆេរ​នេះ​នៅឡើយ​ទេ​។​
​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​រាយការណ៍​ជូន​សមត្ថកិច្ច ប្រសិនបើ​សង្ស័យថា កន្លែង​កុងស៊ីបញ្ចាំ​ណាមួយ មាន​ទទួល​ទិញ​ផល​ចោរកម្ម​...

​សំឡេង​លោក លោក ម៉េត មាស​ភក្ដី​៖

​វិធានការណ៍​ថ្មី​ចេញ​ដោយ​អភិបាល​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ ហាក់​ទទួល​ការ​សាទរ​ច្រើន​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​ចំពោះ​អ្នកតាមដាន​បញ្ហា​សង្គម​វិញ បាន​ចាត់ទុក​ជា​រឿង​ធម្មតា ព្រោះ​វា​ជា​បញ្ហា​ត្រាំត្រែង​យូរ​មក​ហើយ​នៅក្នុង​សង្គម ដែល​អាជ្ញាធ​រហាក់​មិន​អើ​រពើរ​។​

​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ថ្លែងថា សកម្មភាព​បង្ក្រាប​ហាង​បញ្ចាំ​នេះ គឺជា​វិធានការណ៍​ចាំបាច់​ដែល​ត្រូវតែមាន ក៏​ប៉ុន្តែ​លោក​ថា ប្របើ​សិន​សកម្មភាព​នេះ គ្រាន់តែ​ជា​ការទាក់ទាញ​ប្រជាប្រិយភាព​មួយរយៈ​ខ្លី ខណៈ​អភិបាលក្រុង​ទើប​ឡើង​កាន់តំណែង​ថ្មី​នោះ វា​នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ កាន់តែ​អស់ជំនឿ​លើ​អាជ្ញាធរ​...

​សំឡេង​លោក សន ជ័យ​៖

​ទន្ទឹម​នឹង​ការ​សាទរ ពលរដ្ឋ​ក៏បាន​លើកឡើង​នូវ ក្តីបារម្ភ​ប្រហាក់ប្រហែល​នឹង​លោក សន ជ័យ ដែរ​ថា តើ​អាជ្ញាធរ​នឹង​បេ្ត​ជ្ញា​ធ្វើ​សកម្មភាព​នេះ​បានយូរ​ប៉ុណ្ណា​? ហើយ​ថា​កន្លែង​បញ្ចាំ​ដែល​មាន​បក្សពួក ឬ​មាន​ខ្នងបង្អែក​នោះ នឹង​ត្រូវ​ប្រឈម​នឹង​ការអនុវត្ត​ច្បាប់​ដែរ ឬ​យ៉ាងណា​?

​លោក​ម៉េន មករា ពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​បាន ស្នើសុំ​អាជ្ញាធរ​ឲ្យ​បន្តសកម្មភាព​ត្រួតពិនិត្យ កុងស៊ី​បញ្ចាំ ឲ្យបាន​ជាប្រចាំ និង​អនុវត្ត​ច្បាប់​ឲ្យបាន​ស្មើៗ​គ្នា ដោយ​មិន​គិត​ពី​បក្សពួក​...

​សំឡេង​លោក​ម៉េន មករា​៖

​យ៉ាងណា​ក្តី​លោក​ម៉េ​ត មាស​ភក្ដី បញ្ជាក់​ថា​វិធានការណ៍​ថ្មី​នេះ នឹង​បង្ក្រាប​លើ​គ្រប់​មុខសញ្ញា​ទាំងអស់ រហូត​ទាល់​តែ​ឈានដល់​ការលុបបំបាត់ ការទទួល​បញ្ចាំ ឬ​ទិញ​ផល​ចោរកម្ម​នោះ​តែម្ដង​។​

គួរបញ្ជាក់ថា នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៣៩៩ និងមាត្រា៤០០ បានចែងអំពីការទទួលផលចោរកម្ម ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារយៈពេល២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពីបួនលានរៀល ដល់ដប់លានរៀល។

 

ព័ត៌មានផ្សេងទៀត