ព្រំដែន​៖​​អ្នក​ពូកែ​វាយ​ប្រហារ ​និង​ដោះស្រាយ ​នឹង​ក្លាយ​ជា​វីរបុរស​?​

ដោយ៖ គួន សំបូរ 18-08-2017 9:11 am 893
ការប៉ះទង្គិចគ្នារវាងពលរដ្ឋខ្មែរ និងវៀតណាម នៅព្រំដែនក្នុងខេត្តស្វាយរៀង កាលពីឆ្នាំ២០១៥។

​កម្ពុជា​សព្វថ្ងៃ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ វៀតណាម និង​ឡាវ​។ ជា​ទូទៅ​នៅ​ពេល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ណា​មួយ​គេ​ឃើញ​ទឹកចិត្ត​ពល​ដ្ឋ​ខ្មែរ​ម្នាក់ៗ ពុះកញ្ជ្រោល​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ប្រទេសជិតខាង​។​ចំណែក​អ្នក​ចេញមុខ​រិះគន់ និង​ប្រឆាំង ការឈ្លានពាន​ពី​ប្រទេសជិតខាង​វិញ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន​លើកតម្កើង​ថា ជា​វីរបុរស ឬ​អ្នកស្នេហាជាតិ​។ ចំណុច​នេះ​ត្រូវបាន​អ្នកតាមដាន​នយោបាយ​យល់ថា អ្នកនយោបាយ​ខ្មែរ​ខ្លះ​ចូល​ចិត្ត​បង្កើត​ព្រឹត្តិការណ៍​រឿង​ព្រំដែន ដើម្បី​ទាញយក​សន្លឹកឆ្នោត ខណៈពេល​ការបោះឆ្នោត​ជិត​ចូលមក​ដល់​។​

​បច្ចុប្បន្ន​កម្ពុជា​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ​ប្រវែង​៨០៤​គី​ឡូ ជាមួយ​វៀតណាម​ប្រវែង​១២៧០​គីឡូម៉ែត្រ និង​ជាមួយ​ឡាវ​៥៤០​គីឡូម៉ែត្រ​។​ព្រំដែន​ទាំងនេះ សុទ្ធសឹងតែ​ពុំ​ទាន់​ដោះស្រាយ​រួចរាល់​នៅឡើយ​។​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧ សំណុំរឿង​ព្រំដែន​បាន​ផ្ទុះ​កម្តៅ​សារជាថ្មី​ជាមួយ ប្រទេស​ឡាវ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​លោក​ហ៊ុន សែន បញ្ជា​ឲ្យ​ចល័ត​ទ័ព​ទៅ​កាន់​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ស្ទឹងត្រែង ដើម្បី​ត្រៀម​ជើងការ​ក្នុងករណី​ឡាវ​មិន​ព្រម​ដកទ័ព​ចេញពី​តំបន់​ជម្លោះ​។​ប៉ុន្តែ​កម្ដៅ​នេះ​បាន​រលត់ទៅវិញ បន្ទាប់​ពី​ភាគី​ឡាវ​ព្រម​ដក​កម្លាំង​ចេញ​តាម​សំណើ ភាគី​កម្ពុជា​។​

​ជាការ​កត់ម្គាល់ បញ្ហា​ព្រំដែន​មិន​ថា​តែ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​មួយណា​ឡើយ  គឺ​សុទ្ធតែ​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ស្រទាប់​វណ្ណៈ​ខឹងសំបារ ដោយសារតែ​ការឈ្លានពាន​របស់​ប្រទេស​ជិត​ខាង​កម្ពុជា​ទាំងអស់នោះ​។​ខឹងសំបារ​ក៏​ព្រោះតែ​ប្រទេស​ជិត​ខាង​កម្ពុជា​មាន​ដូចជា វៀតណាម និង​ថៃ ធ្លាប់​បាន​លេប​ត្របាក់​យក​ទឹកដី​កម្ពុជា ពី​អតីតកាល​។ ជាទូទៅ រឿងរ៉ាវ​ទាំងឡាយណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វៀតណាម ឬ​ថៃ គឺ​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ពលរដ្ឋ​ខ្មែរ មិន​ថា តាម​បណ្តាញ​សារព័ត៌ ការ​សែត និង​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ទេ​។​

​រីឯ​អ្នក​នយោបាយ​ខ្មែរ​វិញ តែងតែ​ឆក់​ឱកាស​ទាញយក​ផលចំណេញ​នយោបាយ​ពី​បញ្ហា​ព្រំដែន ហើយ​គណបក្ស​ណា​មាន​គោលនយោបាយ​ប្រឆាំង​នឹង​ប្រទេស​ជិតខាង និង​សន្យា​ដោះស្រាយ​បញ្ហា​ព្រំដែន ឬ​ជនអន្តោប្រវេសន៍ ត្រូវ​ពលរដ្ឋ​ខ្មែរ​ខ្លះ​ប្រសិទ្ធ​នាម​ថា ជា​វីរបុរស​ជិះ​សេះស ដើម្បី​សង្គ្រោះ​ជាតិ ពី​ការឈ្លានពាន​របស់​ប្រទេសជិតខាង ហើយ​នឹង​ទទួលបាន​ប្រជាប្រិយភាព​ច្រើន​ពី​ពលរដ្ឋ​។​

​ជាក់ស្ដែង​កន្លងទៅ គណបក្ស​ប្រឆាំង​តែងតែ​ឆ្លៀត​ឱកាស​យក​រឿង​ព្រំដែន​ជាមួយ​វៀតណាម ទៅ​រិះគន់ និង​វាយប្រហារ​លើ​រដ្ឋាភិបាល​របស់​បក្ស​កាន់​អំណាច​ដូចជា​៖​រឿង​ផែនទី ការបាត់បង់​ទឹកដី និង​ដឹកនាំ​យុវជន​ចុះ​តាម​ព្រំដែន ហើយ​សារ​នយោបាយ​មាន​ចេតនា​បញ្ឆេះ​គំនិត​ជាតិ​និយម​របស់​អ្នកគាំទ្រ​ខ្លួន​ស្អប់​រដ្ឋាភិបាល​។​ដោយឡែក គណបក្សកាន់អំណាច បញ្ចេញ​ស្នាដៃ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ រហូត​ទទួលបាន​ប្រជាប្រិយភាព​ភ្លូកទឹកភ្លូកដី​ក្នុង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០០៨​ជាដើម​។​ថ្មីៗ​នេះ​រដ្ឋាភិបាល បាន​ទទួល​ជោគជ័យ​មួយទៀត រឿង​ដេញ​ទ័ព​ឡាវ​ចេញ​ពី​ទឹកដី​កម្ពុជា ហើយ​មាន​ការ​សាទរ​ច្រើន​ពី​ពលរដ្ឋ និង​អ្នកវិភាគ​មួយចំនួន​។​

​ភាពជោគជ័យ​រឿង​ព្រំដែន​ឡាវ​នេះ មតិ​ពី​អ្នកវិភាគ​មាន​និន្នាការ​ខាង​រដ្ឋាភិបាល​យល់ថា ឥរិយាបថ​រដ្ឋាភិបាល គឺជា​យុទ្ធសាស្ត្រ​ល្អ​ដើម្បី​បញ្ចៀស​សង្គ្រាម​ដែល​អាច​នឹង​កើតឡើង​នៅ​តាម​ព្រំដែន​។​ចំណែក​អ្នកវិភាគ​ប្រឆាំង​និង​រដ្ឋាភិបាល​ខ្លះ​ទៀត​ថា ទំនងជា​មាន​ហេតុផល​មួយ​នៅ​ពីក្រោយ​នៅ​មុន​ការបោះឆ្នោតជាតិ ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​នៅក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​របស់​រដ្ឋាភិបាល​។​

​ជា​ការពិត កិច្ច​ការពារ​ព្រំដែន ឬ​ប្រទេស​ជាតិ គឺជា​ភារកិច្ច​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​។​រដ្ឋាភិបាល តំណាង​ឲ្យ​ជាតិ​ទាំងមូល​មាន​កិច្ចការ​ធំ សម្រាប់​ដោះស្រាយ និង​ការពារ​បូរណភាព​ទឹកដី ស្របតាម​ច្បាប់​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។​ដូច្នេះ ចំណាត់ការ​ទាំង​ផ្លូវ​យោធា និង​ការទូត ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន គឺ​រដ្ឋាភិបាល​ត្រូវតែ​បំពេញ​មិន​អាច​បណ្ដែតបណ្ដោយ​បានឡើយ​។​

​ប៉ុន្តែ​រឿង​ព្រំដែន គឺជា​អាយុជីវិត​របស់​ជាតិ បើសិនជា​អ្នកនយោបាយ​ភ្ជាប់​បញ្ហា​ព្រំដែន​ទៅ​នឹង​រឿង​នយោបាយ វា​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​ទាំងមូល​ទៅវិញ​។​បើ​តាម​អ្នកស្រាវជ្រាវ និង​អ្នកវិភាគ​មួយចំនួន​អះអាង​ស្រដៀង​គ្នា​ថា សព្វថ្ងៃ​ព្រំដែន​របស់​កម្ពុជា​ដែល​បន្សល់ទុក​ពី​អាណានិគម​បារាំង គឺ​មាន​ភាពស្មុកស្មាញ​ខ្លាំង​ពិបាក​ក្នុង​ការដោះស្រាយ​។​ដូច្នេះ បើ​កម្ពុជា​ដោះស្រាយ​ព្រំដែន ពុំ​បាន​រួចរាល់​ទេ និង​ថែម​ទាំង​បង្ក​ជម្លោះ​ជាមួយ​នឹង​ប្រទេសជិតខាង​ទៀត​នោះ កម្ពុជា​អាច​នឹង​បាត់បង់​ទឹកដី​ដូច​សម័យ​អតីតកាល​អ៊ីចឹង​ដែរ​។​

​ជា​រួម​មក​វិញ ចាប់ពី​អំណឹះតទៅ​អ្នកនយោបាយ​ខ្មែរ គួរ​កុំ​ចង់​ក្លាយជា វីរបុរស ឬ​អ្នកស្នេហាជាតិ ដោយ​ព្យាយាម​ភ្ជាប់​បញ្ហា​ព្រំដែន​នឹង​រឿង​នយោបាយ ក្នុងន័យ​ដើម្បី​សន្លឹកឆ្នោត ហើយ​ត្រឡប់​មក​រួមដៃគ្នា ដើម្បី​ការពារ​ព្រំដែន​ប្រទេស​ជាតិ​ទាំងអស់គ្នា ​ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​នយោបាយ​។​រីឯ​រដ្ឋាភិបាល គួរតែ​បង្ហាញ ភាពខ្លាំង​របស់​ខ្លួន​បន្ត​ទៀត​មិនថា តែ​ប្រទេស​ថៃ និង​ឡាវ​ទេ រួម​ទាំង​ប្រទេស​វៀតណាម​ផង​។​ការដោះស្រាយ​ត្រូវ​បន្ត​ធ្វើ​តាមរយៈ​ការទូត តាម​ច្បាប់​អន្តរជាតិ និង​ច្បាប់​ជាតិ ដែល​មាន​ស្រាប់ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ដែល​អាច​កើតមាន​ជាយថាហេតុ​៕

ដោយ គួន សំបូរ

ព័ត៌មានផ្សេងទៀត