ស្លាប់​នឹង​របួស​​ជាង​១០០​នាក់​​ចាប់​ខ្លួន​ពីរ​នាក់​​ក្នុង​ការវាយប្រហារ​​នៅ​បា​សេ​ឡូ​ណា​

ដោយ៖ ពេញ ផេង 18-08-2017 8:41 am 347
ប៉ូលិស​ចុះទៅអន្ដរាគមន៍​កន្លែងកើតហេតុ

​រថយន្ដ​ប្រភេទ​តូ​រី​ស​មួយ​គ្រឿង​បាន​បើក​សំដៅ​ទៅ​បុក​ក្រុមមនុស្ស នៅក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​អេ​ស្ប៉ា​ញ បាន​សម្លាប់​មនុស្ស​១៣​នាក់​និង​របួស​ជាង​១០០​នាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៥​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ក្រោយ​កើតហេតុ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​ផងដែរ សង្ស័យ​ពាក់ព័ន្ធ​ករណី​វាយប្រហារ​ភេរវកម្ម​ខាងលើ​។​ពួកគេ​បាន​និយាយថា​បុរស​ម្នាក់​ដែលជា​អ្នកបើករថយន្ដ​បាន​រត់គេចខ្លួន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា រថយន្ដ​បាន​បើក​ចម្ងាយ​ជាង​៥០០​ម៉ែត្រ​នៅ​លើ​ផ្លូវ ខណៈ​ដែល​កំពុង​មាន​ក្រុម​មនុស្ស​ដើរ ដោយ​រថយន្ដ​បើក​សំដៅ​ទៅ​បុក​មនុស្ស​តែ​ម្ដង​។​ប៉ូលិស​បាន​បញ្ជាក់​ដែរ​ថា ស្រប​ពេល​មាន​ហេតុការណ៍​កើតឡើង​នៅ​បា​សេ​ឡូ​ណា មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​មួយទៀត​បាន​កើតឡើង​នៅ​អគារ​មួយ​កន្លែង​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង​បា​សេ​ឡូ​ណា​សម្លាប់​មនុស្ស​ម្នាក់​។​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ទាំង​ពីរ​នាក់​ក៏​ជាប់ទាក់ទង​នឹង​ការ​បំផ្ទុះ​នោះដែរ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​Amaq​បាន​រាយការណ៍​ថា ការវាយប្រហារ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការអំពាវនាវ​ពី​ក្រុម​សកម្មប្រយុទ្ធ ឲ្យ​បើ​កការវាយប្រហារ​ទៅលើ​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​អន្ដរជាតិ​ដឹកនាំ​ដោយ​អាមេរិក​។​អាជ្ញាធ​រអេ​ស្ប៉ាញ​មិនទាន់​ឆ្លើយតប​យ៉ាងណា​ទេ ថា​តើ​ពិត​ជា​ក្រុម​រដ្ឋ​អ៊ីស្លាម​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ឬក៏​យ៉ាងណា​៕

ព័ត៌មានផ្សេងទៀត