គ្រាន់តែពីរយប់​ប៉ូលិសហ្វីលីពីន​សម្លាប់មនុស្ស៥៨នាក់​​ក្នុងប្រតិបត្ដិការ​បង្ក្រាបគ្រឿងញៀន

ដោយ៖ ពេញ ផេង 17-08-2017 3:37 pm 171
ប៉ូលិស​ពេលចុះ​ធ្វើ​ប្រតិបត្ដិការ

​យ៉ាង​យោចណា​ស់មនុស្ស​២៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​យប់​ថ្ងៃ​ទី​១៦​សីហា នៅក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​របស់​ប៉ូលិស​នៅ​ទីក្រុង​ម៉ានីល​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​នៅ​ថ្ងៃ​ទី​១៧​សីហា​។​វា​ជា​យប់​ទី​ពីរ​នៃ​ការ​បង្ហូរឈាម​ក្នុង​សប្ដាហ៍​នេះ ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​និង​បង្ក្រាប​បទឧក្រិដ្ឋ​របស់​លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​។​

​កាលពី​យប់​ថ្ងៃ​ទី​១៤​សីហា មាន​មនុស្ស​ចំនួន​៣២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ពេល​ប៉ូលិស​ចុះបង្ក្រាប​ទូទាំង​ក្រុង​ម៉ានីល​ដែរ​។​សរុប​ទាំង​ពីរ​លើក​មាន​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​៥៨​នាក់​ហើយ​។​អ្នកនាំពាក្យ​ប៉ូលិស​ក្នុង​ក្រុង​ម៉ានីល​លោក​Colonel Erwin Margarejo​លើកឡើងថា ការបង្ក្រាប​ចាប់ផ្ដើម​នៅ​យប់​ថ្ងៃទី​១៦​សីហា ជា​ការបង្ក្រាប​ដ៏​ធំ​មួយ​ដូចគ្នា​នឹង​ការបង្ក្រាប​នៅ​ខេត្ដ​Bulacan​ដូច្នេះ​ដែរ​។​អ្នក​ដែល​ស្លាប់​គឺជា​អ្នក​ប្រឆាំង តដៃ​ជាមួយ​ប៉ូលិស​មិន​ព្រម​ចុះចាញ់​។​

​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ បាន​ចូល​កាន់តំណែង​កាលពី​ថ្ងៃ​ទី​៣០​មិថុនា​ឆ្នាំ​២០១៦ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​។​គ្រាន់​ចូលកាន់​តំណែង​ភ្លាម លោក​បាន​ចេញ​បញ្ជា​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ដើម្បី​បោសសម្អាត​បញ្ហា​គ្រឿងញៀន​ក្នុង​ប្រទេស​។​ក្នុង​យុទ្ធនាការ​មាន​មនុស្ស​ស្លាប់​រាប់ពាន់នាក់ ចាប់ខ្លួន​ជា​ច្រើន​ម៉ឺន​នាក់​ផង​។​ប៉ុន្ដែ​លោក​នៅតែ​មិន​អាច​យកឈ្នះ​បាន​។​លោក​ធ្លាប់​ប្រកាសថា លោក​បរាជ័យ​ហើយ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​។​

​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ឈានដល់​ការសម្លាប់​ជីវិត​មនុស្ស​រាប់ពាន់​នាក់​នេះ បាន​ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សិទ្ធិ​មនុស្ស​អន្ដរជាតិ ចោទប្រកាន់​រដ្ឋាភិបាល​លោក​ឌុយ​ទែ​តេ​ថា បាន​ប្រព្រឹត្ដ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​។​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ទាមទារ​ឲ្យ​លោក​បញ្ឈប់​ជា​បន្ទាន់​នូវ​ការសម្លាប់​មនុស្ស​យ៉ាង​រង្គាល​។​

​ទោះបី​មាន​ការរិះគន់​ខ្លាំង តែ​កន្លងមក​លោក​ឌុយ​ទែ​តេ​មិន​ដែល​យកចិត្ដទុកដាក់​នឹង​បញ្ហា​នេះ​ទេ​។​លោក​ថា​គ្មាន​នរណា​មាន​សិទ្ធិ​មក​បញ្ជា​លោក​នៅ​ហ្វីលីពីន​បានឡើយ លើកលែង​តែ​ប្រជាជន​ហ្វីលីពីន​។​លោក​ធ្វើ​ទៅ​តាម​ច្បាប់​នៅ​ហ្វីលីពីន អ្នក​មិន​ពាក់ព័ន្ធ​កុំមក​ជ្រៀតជ្រែក​។​នៅពេល​នេះ​ប៉ូលិស​បាន​ចាប់ផ្ដើម​បេសកកម្ម​ជា​ថ្មី ប៉ុន្ដែ​មិនដឹងថា​មាន​អ្វី​កើតឡើង​ទៀត​ទេ​៕


ព័ត៌មានផ្សេងទៀត