ការដណ្ដើម​​ឥទ្ធិពល​​រវាង​ចិន​និង​ជប៉ុន​​នៅ​អាស៊ី​​(​ភាគ​១)

ដោយ៖ ពេញ ផេង 15-08-2017 4:42 pm 471
រូបតំណាងឲ្យចិន(ឆ្វេង)និងរូបតំណាងឲ្យជប៉ុន

​ក្រៅ​តែ​ពី​អាមេរិក​ដែល​ជា​មហាអំណាច​ពិភពលោក​មក​ពី​អឺរ៉ុប ចូល​ដណ្ដើម​អំណាច​នៅ​អាស៊ី​ដែរនោះ អ្នក​ក្រាញ​ចង់​ធ្វើ​ស្ដេច​នៅ​អាស៊ី​មាន​ចិន​និង​ជប៉ុន​។​ចិន​-​ជប៉ុន​មាន​រឿងចម្រូងចម្រាស​កើត​ឡើង​ជាមួយ​គ្នា ដូចជា​បញ្ហា​កើតឡើង​នៅក្នុង​សង្គ្រាមលោកលើកទីពីរ និង​បញ្ហា​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​ជាដើម​។​ប្រទេស​ទាំង​ពីរ​បច្ចុប្បន្ន​កំពុង​ប្រើ​យុទ្ធសាស្ដ្រ​រៀងៗ​ខ្លួន បង្ហាញ​កិត្យានុភាព​នៅ​តំបន់​អាស៊ី​។​តើ​យុទ្ធសាស្ដ្រ​ដែល​ចិន​និង​ជប៉ុន​ប្រើ​នោះ​មាន​អ្វីខ្លះ​?
​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ដូច​តទៅ​៖

​សំឡេង​៖

​សព្វថ្ងៃ​ចិន​និង​ជប៉ុន​បាន​ដណ្ដើម​គ្នា​ធ្វើ​ស្ដេច​នៅ​តំបន់​អាស៊ី ដោយ​ប្រើប្រាស់​មធ្យោបាយ យុទ្ធសាស្ដ្រ និង​នយោបាយ​ខុសគ្នា​។​ជប៉ុន​អះអាង​ប្រាប់​អាស៊ី​ថា​ខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ​។​រីឯ​ចិន​វិញ​ចៀសវាង​មិន​និយាយ​ពី​នយោបាយ តែ​លើកតម្កើង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ផ្សេង ដោយ​ឲ្យ​អាទិភាព​ទៅលើ​វិស័យសេដ្ឋកិច្ច​។​ចិន​អាង​អំណាច​ហិរញ្ញវត្ថុ ផ្ដល់​ប្រាក់​កម្ចី​ដោយ​មិន​គិតគូរ​ពី​ចំណង​ភ្ជាប់​នឹង​ជំនួយ​ទេ ដូច​ពាក្យ​មួយ​ឃ្លា​តែង​និយាយថា​ជំនួយ​គ្មាន​ចំណង តែ​រាល់​ជំនួយ​របស់​ចិន​មានបំណង​។​ចំពោះ​ជប៉ុន​នៅមុខ​បណ្ដា​ប្រទេស​ដែល​ខ្លួន​ជួយ ជប៉ុន​ឲ្យ​តម្លៃ​ទៅលើ​គម្រោង​អ​ភ​វិ​ឌ្ឍ​ន៍​យូរអង្វែង គម្រោង​មីក្រូ សង្គម​ស៊ីវិល និង​អភិបាលកិច្ច​ល្អ​។​ចិន​វិញ​អនុវត្ដ​នយោបាយ​ជំនួយ​គ្មាន​លក្ខខណ្ឌ​ដូច​ជា​នៅ​មី​យ៉ាន់​ម៉ា នៅ​កម្ពុជា​ជាដើម​។​

​ចំណុច​ដែល​គួរឲ្យ​កត់សម្គាល់​នៅក្នុ​ង​នយោបាយ​ការបរទេស ជប៉ុន​បាន​ងាក​មក​ចាប់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ក្នុងទិសដៅ​ពង្រីក​សេដ្ឋកិច្ច ហើយ​ថែមទាំង​បាន​ចងមិត្ដភាព​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា​វៀតណាម ហ្វីលីពីន និង​ថៃ​ជាដើម​។​ជាក់ស្ដែង​ឃើញថា​ក្រោយ​ការ​ឡើងកាន់​តំណែង​របស់​នាយក​រដ្ឋមន្ដ្រី​ស៊ីន​ហ្ស៊ូ អាបេ ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​បាន​ទៅ​វៀតណាម ថៃ និង​ឥណ្ឌូនេស៊ី​ដែល​ជា​សមាជិក​អាស៊ាន​។

​រីឯ​អតីតរដ្ឋមន្ដ្រី​ការបរទេស​ជប៉ុន​លោក​ហ្វ៊ូមី​អូ គី​ស៊ី​ដា ក៏​បាន​ជ្រើសរើស​យក​ប្រទេស​សមាជិក​អាស៊ាន​ជា​ទិសដៅ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​លើក​ទី​១​របស់​លោក​ដែរ គឺ​នៅ​ហ្វីលីពីន ដែល​ជា​គូ​ជម្លោះ​ជាមួយ​ចិន​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​

​គេ​សង្កេតឃើញថា មួយ​រយៈពេល​ចុងក្រោយ​នេះ​ជប៉ុន​បាន​ផ្ដោត​អាទិភាព​កាន់តែ​ខ្លាំង​ទៅលើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ដោយសារ​តែ​ជប៉ុន​សម្លឹង​ឃើញ​ពី​សក្ដានុពល​របស់​អាស៊ាន ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​តំបន់ និង​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ការនាំចេញ​របស់​ជប៉ុន​។​ម្យ៉ាងវិញទៀត​នៅ​ពេល​ជម្លោះ​ដែនទឹក​ក្នុង​តំបន់​អាស៊ី​កាន់តែ​មាន​ភាព​តានតឹង​ខ្លាំង ទាំង​ជម្លោះ​រវាង​ចិន​ជា​មួយ​ជប៉ុន និង​ជម្លោះ​រវាង​ចិន​ជា​មួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ការពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​កាន់តែ​មាន​សារៈសំខាន់​ថែមទៀត​សម្រាប់​ជប៉ុន ក្នុងការ​ប្រជែង​ដណ្ដើម​ឥទ្ធិពល​ជាមួយ​ចិន​។​ជប៉ុន​មើលឃើញថា ការពង្រឹង​ទំនាក់ទំនង​រវាង​ជប៉ុន​និង​ប្រទេស​សមាជិក​អាស៊ាន មាន​សារៈសំខាន់​ណាស់​សម្រាប់​រក្សា​សន្ដិភាព​និង​វិបុលភាព​ក្នុង​តំបន់​។​

​ការដណ្ដើម​ឥទ្ធិពល​គ្នា​រវាង​ចិន​និង​ជប៉ុន​នៅ​តំបន់​អាស៊ី បាន​ស្ដែងឡើង​តាមរយៈ​សមាហរណកម្ម​តំបន់​។​ថ្នាក់ដឹកនាំ​ចិន​ចង់បាន​សមាហរណកម្ម​មួយ​ដែល​ប្រមូល​យក​តែ​បណ្ដា​ប្រទេស​អាស៊ី​សុទ្ធសាធ​មក​ដាក់​ជុំវិញ​ប្រទេស​ខ្លួន ដោយ​មិនឲ្យ​មាន​ការចូលរួ​ម​ឬ​ជ្រៀតជ្រែក​ពី​សំណាក់​មហាអំណាច​ណា​មិន​មែន​អាស៊ី​។​រីឯ​ជប៉ុន​វិញ​ចង់​បើកចំហ​លំហ​ដែនដី​អាស៊ី​ដល់​ប្រទេស​ផ្សេង ដូចជា​អូស្ដ្រាលី នូវែ​លសេ​ឡង់ និង​អាមេរិក​។​គោលដៅ​គឺ​រក្សា​តុល្យភាព​នៅ​អាស៊ី​កុំឲ្យ​ចិន​ក្លាយ​ជា​មហាអំណា​ចដាច់​មុខ​។​ជប៉ុន​ទាមទារ​ចង់បាន​អាសនៈ​អចិន្ដ្រៃយ៍​មួយ​នៅក្នុង​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ ហើយ​សុំ​ឲ្យ​លុបចោល​មាត្រា​ទី​៥៣​នៃ​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

​មាន​ត្រា​៥៣​នេះ​ចាត់​ទុក​ជប៉ុន​និង​អាល្លឺម៉ង់ ដែល​ជា​អ្នកបង្ក​សង្គ្រាមលោកលើកទីពីរ​ថា​ជា​ប្រទេស​សត្រូវ​។​ក៏ប៉ុន្ដែ​ចិន​ដែល​មាន​សិទ្ធិ​វេតូ មិន​ព្រម​ឲ្យ​លុបចោល​មាត្រា​នេះ​ឡើយ​។​ចិន​អះអាង​ថា​ជប៉ុន​ចង់​សើរើ​ប្រវត្ដិសាស្ដ្រ ចង់​វិល​ទៅរក​អតីតកាល​យោធានិយម​របស់​ខ្លួន​វិញ​។​ចិន​មិន​ព្រម​ឲ្យ​ជប៉ុន​ក្លាយ​ជា​សមាជិក​អចិន្ដ្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​នេះ​មក​ពី​ចិន​ចង់​រក្សា​លក្ខន្ដិកៈ​របស់​ខ្លួន​ជា​មហាអំណាច​នយោបាយ​តែមួយ​គត់​នៅ​អាស៊ី​។​តើ​ជប៉ុន​មាន​យុទ្ធសាស្ដ្រ​អ្វី​ទៀត​ក្នុង​ការពន្យល់​ពិភពលោក ឲ្យ​គាំទ្រ​ខ្លួន​ក្លាយ​ជា​សមាជិក​អចិន្ដ្រៃយ៍​អង្គការសហប្រជាជាតិ​?

​លោក​អ្នកនាង​ជាទីគោរព ចំពោះ​ព័ត៌មាន​បន្ថែម​លើ​រឿងរ៉ាវ​នេះ យើង​នឹង​មាន​ជម្រាប​ជូន​នៅពេល​ក្រោយ​។​ដូច្នេះ​សូម​បន្ដ​តាមដាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​“​ការដណ្ដើម​ឥទ្ធិពល​រវាង​ចិន​និង​ជប៉ុន​នៅ​អាស៊ី​(​ភាគ​២)”៕

(​អត្ថបទ​នេះ​ដកស្រង់​ទាំងស្រុង​ពី​សៀវភៅ “​នយោបាយ​ការបរទេស ម្សិលមិញ ថ្ងៃនេះ និង​ថ្ងៃស្អែក​” របស់​លោក​បណ្ឌិត​សុខ ទូច សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ បោះពុម្ព​ឆ្នាំ​២០១៥)

ព័ត៌មានផ្សេងទៀត