មនុស្ស​២៥​នាក់​​ស្លាប់​ដោយសារ​​ការវាយប្រហារ​ជា​ថ្មី​​នៅ​ហ្វីលីពីន​

ដោយ៖ ពេញ ផេង 14-08-2017 5:04 pm 267
កងទ័ពហ្វីលីពីន​ចុះប្រយុទ្ធ​នៅតំបន់​ភាគខាងត្បូង​ប្រទេស

​កងទ័ព​ហ្វីលីពីន​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ទី​១៤​សីហា​នេះ​ថា មានការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​មួយ​បាន​កើតឡើង​រវាង​ក្រុម​អ៊ីស្លាម​មួយ​ក្រុមគាំទ្រ​ដោយ​រដ្ឋាភិបាល ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម បណ្តាលឲ្យ​មនុស្ស​២៥​នាក់​ស្លាប់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន ខណៈ​យោធា​កំពុង​ស្តារ​សណ្តាប់ធ្នាប់​នៅលើ​កោះ​មិន​ដា​ណាវ បច្ចុប្បន្ន​ជា​ទីតាំង​កំពុង​មាន​ភាពចលាចល​។​

​អ្នកនាំពាក្យ​យោធា​ហ្វីលីពីន​លោក​វរសេនីយ៍ឯក​Gerry Besana​និយាយថា ទាហាន​រដ្ឋាភិបាល​បាន​ផ្តល់​ការគាំទ្រ​ជា​កាំភ្លើង​ធំ​ដល់​រណសិរ្ស​រំដោះ​អ៊ីស្លាម​ម៉ូ​រ៉ូ​(MILF) ជា​ក្រុម​ឧទ្ទាម​មូស្លីម​ដែល​រដ្ឋាភិបាល​ទើប​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួកគេ​។​

​ការប៉ះទង្គិច​គ្នា​ជាថ្មី​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​៧​ខែ​សីហា នៅ​ពេល​ពួក​អ៊ីស្លាម​ជ្រុលនិយម​Bangsamoro(BIFF) វាយប្រហារ​ដោយ​គ្រាប់បែក​លើ​ភូមិ​ពីរ​នៅក្នុង​តំបន់​Maguindanao  បណ្តាល​ឲ្យ​អ្នក​ប្រយុទ្ធ​រណសិរ្ស​រំដោះ​អ៊ីស្លាម​ម៉ូ​រ៉ូ​(MILF)​ប្រាំ​នាក់​បាន​ស្លាប់​។​លោក​Besana​និយាយ​ថា​រណសិរ្ស​រំដោះ​អ៊ីស្លាម​ម៉ូ​រ៉ូ​(MILF) បាន​វាយ​តបត​ក្នុង​រយៈពេល​៦​ថ្ងៃ​បន្ទាប់​ដោយ​ប្រើ​កាំភ្លើង​បាញ់​ឧស្ម័ន​howitzer​។​

​យោធា​ហ្វីលីពីន​មាន​ការព្រួយបារម្ភ​លើ​លទ្ធភាព​របស់​ក្រុម​ប្រយុទ្ធ​អ៊ីស្លាម​Bangsamoro(BIFF)​ព្រោះ​ក្រុម​នេះ​អាច​នឹង​ប្រមូលផ្តុំ​គ្នា​ជាមួយ​ក្រុម​មាន​អំណាច​និង​មាន​ឥទ្ធិពល នោះ​គឺ​ក្រុម​Dawla Islamiya​ស្គាល់​ថា​ក្រុម​Maute ដើម្បី​វាយបក​នឹង​ក្រុម​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​។​បើ​តាម​មន្ត្រី​យោធា​បាន​ប៉ាន់ប្រមាណ​ថា ពួក​សកម្មប្រយុទ្ធ​ប្រហែល​២០​ទៅ​៤០​នាក់ បាន​លាក់ខ្លួន​នៅក្នុង​ក្រុង​ម៉ា​រ៉ាវី ហើយ​គេ​ជឿជាក់​ថា​កំពុង​ចាប់​ចំណាប់ខ្មាំង​ធ្វើជា​ខែល ដណ្ដើម​យក​ទីក្រុង​ម៉ា​រ៉ាវី​មកវិញ​៕​អត្ថបទ​ដោយ​៖ អ៊ុំ ចាន់​រក្សា​

ព័ត៌មានផ្សេងទៀត