លោក ផៃ ស៊ីផា​ន​​ស្នើ​អ្នកវិភាគ​​កុំ​បំពុល​ព័ត៌មាន​​ជុំវិញ​ដំណោះស្រាយ​កិច្ចការ​ព្រំដែន​​ជាមួយ​ឡាវ​​

ដោយ៖ ខាត់ សុធី 13-08-2017 4:20 pm 1193

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​អនុប្រធាន​ប្រចាំការ​អង្គភាព​ក្រុមការងារ សម្របសម្រួល​ព័ត៌មាន​សម​ភូមិ លោក​ផៃ ស៊ីផា​ន បាន​ច្រានចោល ចំពោះ​ការវិភាគ​លើ​បញ្ហា​ដំណោះស្រាយ​កិច្ចការ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ របស់​ក្រុម​អ្នកវិភាគ និង អ្នក​នយោបាយ​នានា ដែល​លោក​យល់ថា ខុស​ពី​ការពិត ដែល​ជា​ការបំពុល​ព័ត៌មាន​លើ​វិស័យ​យោធា ក្នុង​ស្ថានការណ៍​ដែល​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ បាន​ប្រឈម​ដាក់គ្នា នៅក្នុង​ខេត្ដ​ស្ទឹងត្រែង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​

ថ្លែង​ដោយ​ចំហ​នៅ​លើ​បណ្តាញ​សង្គម​Facebook លោក ផៃ ស៊ីផា​ន បានបញ្ជាក់​ថា រដ្ឋាភិបាល​មាន​បុព្វសិទ្ធិ និង​អំណាច​ផ្តាច់មុខ ក្នុង​កិច្ច​ការពារ​ជាតិ ដោយ​មិន​ត្រូវ​មាន​បុគ្គល​ណា ឬ​ក្រុម​ណា​មាន​សិទ្ធិ ជ្រៀតជ្រែក​លូកលាន់​ក្នុង​កិច្ច​ចំណាត់ការ​របស់​នាយក​រដ្ឋមន្ត្រី ដែល​បាន​ចែង​នៅ​មាត្រា​២៣ រដ្ឋធម្មនុញ្ញ គឺ​មិន​ចាំបាច់​ទទួល​ការអនុញ្ញាត​ជាមុន​ពី​ស្ថាប័ន​ណាមួយ​នោះ​ឡើយ​។ លោក​ថា នេះ​ជា​ការងារ​ទ័ព សុទ្ធសាធ មិនមែន​ការងា​ស៊ីវិល​នោះ​ឡើយ​។​

លោក​ផៃ ស៊ីផា​ន បន្ត​ថា​នាយក​រដ្ឋមន្ត្រី មាន​បុព្វ​សិទ្ធ​ចំណាត់ការ​ជាបន្ទាន់ នា​កាលៈទេសៈ​ណា​មួយ ក្នុង​កិច្ច​ការពារ​ជាតិ និង​អាច​ស្នើ​ដល់​រដ្ឋសភា ក្នុង​កិច្ច​ស្នើ​ច្បាប់​អនុវត្តន៍ បន្ថែម លើ​កិច្ច​ការពារ​ជាតិ​នោះ​រួម​ទាំង​ថវិកា​បន្ថែម​ផងដែរ ឬ​មួយ​ឆ្លើយ​ពន្យល់​ដល់​រដ្ឋសភា​រាល់​ហេតុផល នៃ​ចំណាត់ការ​យោធា​ជាបន្ទាន់​ណាមួយ​។​អាស្រ័យ​ហេតុ​ដូច្នេះ លោក​សូម​បញ្ជាក់​ដល់​អ្នកនយោបាយ ឬ​អ្នក​តាំងខ្លួន​ជា​អ្នកវិភាគ​នយោបាយ មេត្តា​ចូលរួម​ស្មារតី​ក្នុង​កិច្ច​ការពារ​ជាតិ​នេះ ។ លោក​ក៏​ឆ្លៀត​ព្រមាន​ជា​ប្រយោល​ថា «​រាល់​សកម្មភាព ឬ​ការបញ្ចេញមតិ​ណា ដែល​ធ្វើឲ្យ​បាត់បង់ ប្រសិទ្ធិភាព នៃ​កិច្ច​ប្រតិ​ប​ត្ត​ការ​យោធា គឺជា​អំពើ​វិទ្ធង្សនា​ប្រឆាំងនឹង​ផលប្រយោជន៍​ការពារជាតិ ក៏​ដូច​ក្រមព្រហ្មទណ្ឌ​ផងដែរ​»​។​

​ជា​ការកត់សម្គាល់ រឿង​រ៉ាង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ឡាវ​ពេលនេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ចេញមុខ​ដោះស្រាយ​ដោយផ្ទាល់ ដោយ​លោក​បាន​ស្កាត់​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ​ដោយ​ផ្ទាល់​កាលពី​ថ្ងៃ​ទី​សៅរ៍ ហើយ​ភ្លាមៗ​មិនទាន់​ដល់​កំណត់​នៃ​ឱ​សា​វាទ​ដែល​លោក​បាន​ដាក់​ឲ្យ​ឡាវ​ផង ភាគី​ឡាវ​ក៏​សម្រេច​ដកទ័ព​ចែ​ញ​ពី​តំបន់​ជម្លោះ​។​ប៉ុន្តែ​បើ​ទោះជា​បែបនេះ​ក៏ដោយ ក៏​រឿងរ៉ាវ​ទាក់ទង​នឹង​ទំនាស់​ព្រំដែន​ជាមួយ​ឡាវ​នេះ នៅ​តែ​លេច​ឮ​ដោយ​ក្រុម​អ្នកវិភាគ និង​អ្នកនយោបាយ ហាក់​យល់ថា ជា​យុទ្ធសាស្ត្រ​នយោបាយ​ដែល​រៀបចំ​ឡើង​សម្រាប់​ទាញ​ប្រជាប្រិយ​នា រដូវ​កាល​បោះឆ្នោត ឆ្នាំ​២០១៨ ខាងមុខ​នេះ​តែប៉ុណ្ណោះ​។​តួយ៉ាង មាន​លោក​សម រង្ស៊ី​ជា​ដើម ថា​រឿង​នេះ គឺ​ស្ថិត​ក្រោម​ការរៀបចំ​ពី​ប្រទេស​វៀតណាម​។​លោក​ថា ប្រទេស​ឡាវ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម ដោយ​វៀតណាម បាន​បញ្ជា​ឲ្យ ឡាវ បង្ក​រឿង​តាម​ព្រំដែន​ជាមួយ​កម្ពុជា ក្នុងន័យ​បង្វែរ​អារម្មណ៍​ខ្មែរ ឲ្យ​ឈប់​គិត​ពី​ការឈ្លានពាន ក្នុង​ទ្រង់ទ្រាយ​ធំ របស់​ប្រទេស​វៀតណាម មក​លើ​ទឹកដី​ប្រទេស​កម្ពុជា​ទោ​វិញ​៕ 

ព័ត៌មានផ្សេងទៀត