ចាប់ខ្លួន​លោក សួន សេរី​រដ្ឋា​ក្រោយ​និយាយ​ថា​ទាហាន​ខ្មែរ​នឹង​ស្លាប់​វេទនា​បើ​ច្បាំង​ជាមួយ​ឡាវ​

ដោយ៖ ទ្រី សីហៈ 13-08-2017 4:00 pm 5547
​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ។ Photo FN

​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៧ ក្រោយពី​លោក បាន​បញ្ចេញមតិ លើ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-ឡាវ ថា បើ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា និង​ឡាវ​នោះ ទាហាន​កម្ពុជា​នឹង​ត្រូវ​ស្លាប់​យ៉ាង​វេទនា​។ នេះ​បើ​តាម​សមត្ថកិច្ច​បញ្ជាក់ប្រាប់​សារព័ត៌មាន​ស្និទ្ធ​រដ្ឋាភិបាល ហ្វ្រេ​សញូវ​។​

កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ម្សិលមិញ​នេះ លោក សួន សេរី​រដ្ឋា បាន​ចែកចាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «​សួន សេរី​រដ្ឋា​៖ បើ​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹងប្រ​ទេលា​វមែន កូន​ខ្មែរ​កងទ័ព​ជាតិ​នឹង​ស្លាប់​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើង​បុណ្យ ប្រមូល​លុយ សប្បាយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង​»​។​

នៅក្នុង​អត្ថបទ​នោះ លោក សួន សេរី​រដ្ឋា ប្រធាន គណបក្ស​អំណាច​ខ្មែរ បាន​ធ្វើ​អត្ថាធិប្បាយ ចំអក​ឲ្យ​លោក ហ៊ុន សែន ថា​បាន​ឱនក្បាល​ចូល​បន្ទាយ​ស​ត្រូវសុំ​ច​ចារ ព្រោះ ឡាវ​ជា​អ្នក​​ឈ្លានពាន​ទឹកដី​ខ្មែរ ហេតុ​អ្វី​ខ្មែរ​ត្រូវ​ទៅ​សុំ​ច​ចារ​។​

​អត្ថបទ​ដដែល​បាន​ដកស្រង់​សម្ដី​របស់​លោក សួន សេរី​រដ្ឋា បន្ថែមថា​៖«​ពេល​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​លាវ​នោះ លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី សង្គ្រាម ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម​ទេ​! គឺ កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូល​បាន​លុយកាក់ សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង​!​។ ពីព្រោះ​កន្លងមក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរ​មុខ​ទេ ។ ចំណែក​ឯ​ពួក​មេៗ​ពាក់​ផ្កាយ និង​កូន​លោក​ធំៗ​ដែល​នៅ​ជួរ​ក្រោយ​ចេញ​មុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់​ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​»​។​

នៅរសៀលថ្ងៃទី១៣ ខែសីហានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​អនុប្រធាន​ប្រចាំការ​អង្គភាព​ក្រុមការងារ សម្របសម្រួល​ព័ត៌មាន​សម​ភូមិ ទើបតែបានសរសេរសារបង្ហោះលើបណ្ដាញសង្គម ​ច្រានចោល ចំពោះ​ការវិភាគ​លើ​បញ្ហា​ ដំណោះស្រាយ​កិច្ចការ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ របស់​ក្រុម​អ្នកវិភាគ និង អ្នក​នយោបាយ​នានា ដែល​លោក​យល់ថា ខុស​ពី​ការពិត ដែល​ជា​ការបំពុល​ព័ត៌មាន​លើ​វិស័យ​យោធា ក្នុង​ស្ថានការណ៍​ដែល​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ បាន​ប្រឈម​ដាក់គ្នា នៅក្នុង​ខេត្ដ​ស្ទឹងត្រែង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​

 

ព័ត៌មានផ្សេងទៀត