ព្រំដែន​៖​​អ្នកវិភាគ​​ចង់​ឃើញ​​រដ្ឋាភិបាល​ប​ង្ហា​ញ​ភាព​ខ្លាំង​ដាក់​វៀត​ណាម​​ដូច​ថៃ​និង​ឡាវ​​

ដោយ៖ គួន សំបូរ 13-08-2017 3:32 pm 645
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែននៅខាងស្តាំ ​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ​នៅខាងឆ្វេង។

​រហូតមកដល់​ពេលនេះ​ឡាវ​បាន​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា​ហើយ​។ ការសម្រេច​ដកទ័ព​នេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចុះ​ទៅ​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ​ដោយផ្ទាល់​កាលពី​ថ្ងៃ​ទី​សៅរ៍​។ អ្នកវិភាគ និងអ្នកនយោបាយ បាន​អបអរសាទរ​ពី​ដំណោះស្រាយ​ការទូត​ទន់ភ្លន់​របស់​រដ្ឋាភិបាល​កម្ពុជា​។ តែ​ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​បង្ហាញ​ភាពខ្លាំង​បែបនេះ​ជាមួយ​ប្រទេស​វៀតណាម ឲ្យ​ដូចគ្នា​នឹង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ​អ៊ីចឹង​ដែរ​។​

​លោក​សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ គណនេយ្យភាព​សង្គម​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ ថា​លោក សាទរ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​វិធា​ការ​យ៉ាង​ល្អ​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេស​ឡាវ ប៉ុន្តែ​ស្នើ​ឲ្យមាន​ការដោះស្រាយ បញ្ហា​នេះ​យកទៅអនុវត្ត ជាមួយ​ប្រទេស​វៀតណាម​ដូចគ្នា​អ៊ីចឹង​ដែរ​។ លោក​សន ជ័យ បន្ថែមថា កម្ពុជា​មាន​ព្រំប្រទល់​ជាប់​ថៃ ឡាវ និង​វៀតណាម ប៉ុន្តែ​ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ និង​ឡាវ ទទួលបាន​ជោគជ័យ ប៉ុន្តែ​ពាក់ព័ន្ធ​ព្រំដែន​ជាមួយ​វៀតណាម ហាក់​មិន​ទទួល​ទទួលបាន​ផ្លែផ្កា​ល្អ​ទេ​។​

​លោក​សន ជ័យ ថា​កន្លង​មក​វៀតណាម បាន​ចូល​មក​ជីក​ស្រះ​នៅ​តំបន់​ស ដែល​ជា​តំបន់​ហាមឃាត់ នៅ​ខេត្ត​រតនគិរី ទោះបីជា​ភាគី​កម្ពុជា បាន​ផ្ញើ​កំណត់​ទូ​តទៅ ជាច្រើន​ដង​ក៏ដោយ ក៏​ប៉ុន្តែ​វៀតណាម មិន​បាន​ឆ្លើយ​តប​មក​ទេ​។​តែ​កម្ពុជា​ហាក់​គ្មាន​វិធានការ​ណា​មួយ​លើ​ប្រទេស​វៀតណាម​ទេ​…

​សំឡេង​លោក​សន ជ័យ​៖

​សម្រាប់​លោក​សាម អ៊ី​ន អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សាទរ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​បញ្ហា នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ឡាវ ដោយ​មិន​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ នៅ​ព្រំដែន​ពុំ​មាន​ការភ័យខ្លាច​។ លោក​ថា នេះ​ជា​ដោះស្រាយ​ល្អ ដែល​បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ សប្បាយចិត្ត ប៉ុន្ដែ​ពលរដ្ឋ​កម្ពុជា​នៅតែ​ចង់​ឃើញ​រាជរដ្ឋាភិបាល មាន​គោលនយោបាយ​ច្បាស់លាស់ ក្នុង​ការអភិវឌ្ឍន៍​ព្រំដែន​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ការពារ​តំបន់​ព្រំដែន មិនឲ្យ​មាន​សង្គ្រាមត​ទៅ​ទៀត​។​

​រីឯ​លោក ម៉ៅ មុនី​វណ្ណ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា គណបក្ស​សង្គ្រាះ​ជាតិ ចូលរួម​ត្រេកអរ ដែល​រាជរដ្ឋាភិបាល បាន​ចាត់​វិធានកា​រណ៍​ចំពោះ​ប្រទេស​ឡាវ ដែល​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូបនេះ បាន​ស្នើ​ដល់​រដ្ឋាភិបាល ត្រូវតែ​មាន​ភាពម៉ឺងម៉ាត់​ជាដាច់ខាត​បន្តទៀត ចំពោះ​ប្រទេស​ណា​ដែល​ចង់ រំលោភ​ដល់​អធិបតេយ្យភាព​របស់ជាតិ​។​

​យ៉ាងណាក៏ដោយ សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ហើយ​ថា កម្ពុជា​មិន​ចង់​បង្ក​សង្គ្រាម ឬ​វាយប្រហារ​ប្រទេស​ណា​ទេ ហើយ​កម្ពុជា​មិន​ត្រូវការ​ដី​ប្រទេសជិតខាង​មួយ​ចំអាម​ដែរ​។ តែ​ប្រទេស​ជិតខាង​បំពាន​លើ​ទឹកដី​កម្ពុជា ដាច់ខាត​កម្ពុជា​មិន​អនុញ្ញាត​ទេ​។​

​គួរបញ្ជាក់​ថា កម្ពុជា​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ ឡាវ និង​វៀតណាម​។ ព្រំដែន​ជាប់​ប្រទេស​វៀតណាម​មាន​ប្រវែង​១២៧០​គម​, ព្រំដែន​កម្ពុជា​-​ឡាវ ៥៤០​គ​ម​និង​ព្រំដែន​កម្ពុជា ថៃ​៨០៤​គម​ថៃ​៕

 

ព័ត៌មានផ្សេងទៀត