កូនស្រី​កសិករ​​បំពេញ​​មហិច្ឆតា​សិក្សា​ក្រៅប្រទេស​ត្រលប់​មក​ជួយ​ក្មេងស្រី​កម្ពុជា​

ដោយ៖ ទ្រី សីហៈ 13-08-2017 2:27 pm 3371
រួបថតផ្ដល់ដោយ កញ្ញា មួង កញ្ញា

កញ្ញា មួង កញ្ញា ធ្លាប់​មាន​ក្ដី​ស្រ​ម៉ៃ​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក តាំងពី​អាយុ​១០​ឆ្នាំ ប៉ុន្តែ​សូម្បី​លទ្ធភាព​បន្ត​ការសិក្សា​នៅ​កម្ពុជា ក៏​ឪពុកម្ដាយ​ពិបាក​ផ្គត់ផ្គង់​ដែរ​។ នៅ​ទីបំផុត​ការតស៊ូ បាន​ជួយ​ឲ្យ​ក្មេងស្រី​ដែល​មាន​ក្ដី​ស្រ​ម៉ៃ​ខ្ពស់​ម្នាក់​នេះ ឈ្នះ​អាហារូបករណ៍​សិក្សា​នៅ​កម្ពុជា បន្ទាប់​មក​ហ្វីលីពីន បន្ទាប់មក​ទៀត​គឺ​សហរដ្ឋអាមេរិក​។ ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ក្រៅប្រទេស កូនស្រី​កសិករ​ដែល​បាន​ឆ្លងកាត់​ព្យុះ​ភ្លៀង​ក្នុង​ជីវិត រហូត​ទទួល​ភាពជោគជ័យ បាន​ត្រលប់​មក​ជួយ​ក្មេងស្រី​កម្ពុជា​ដែល​រស់នៅ​ទី​ជនបទ ដោយ​បង្កើត​គម្រោង​មួយ​ឈ្មោះថា «​មាន​ភាពក្លាហាន និង​ក្ដី​សុបិន្ត​»​។​

ស្ដាប់សំឡេងទាំងស្រុង៖

មនុស្ស​ភាគច្រើន​បាន​ទទួលស្គាល់ថា ការសិក្សា​ពិតជា​មាន​សារៈសំខាន់​ណាស់ តែ​យ៉ាងណា​នៅពេល​ជួប​បញ្ហា ជាពិសេស​គឺ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ការ​សិក្សា​ក៏​នៅតែ​ត្រូវបាន​គេបោះបង់​ចោល​ដដែល​។​

​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ កាលពី​អំឡុង​ឆ្នាំ​២០០១ យុរតី​ម្នាក់ ក៏​ប្រឈម​នឹង​ការ​បោះបង់​ការសិក្សា​ដែរ ដោយសារ​តែ​គ្រួសារ​មាន​ជីវភាព​ក្រ​ខ្សត់ ពុំ​អាច​បង់ថ្លៃ​សិក្សា​ថ្នាក់ឧត្ត​មបាន ប៉ុន្តែ​យុវតី​ម្នាក់​នោះ​បាន​ជំនះ​ភាពក្រីក្រ​បន្ត​ការសិក្សា រហូត​បាន​សម្រេច​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន​។​

​កញ្ញា មួង កញ្ញា សព្វថ្ងៃ​មាន​វ័យ​៣២​ឆ្នាំ ប្រាប់​អ្នកសារព័ត៌មាន​ថា កញ្ញា​តែង​ចិញ្ចឹមចិត្ត​ចង់ទៅ​សិក្សា​នៅ​បរទេស ទោះបី​ដឹងថា​ឪពុក​ម្ដាយ​គ្មាន​ថវិកា​ក៏ដោយ​។ ក្រោយ​បញ្ចប់​ថ្នាក់​ទី​១២​ភ្លាម កញ្ញា​ចង់​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ក៏​ប៉ុន្តែ​គ្មាន​លទ្ធភាព​បង់ថ្លៃ​សិក្សា​នោះទេ​...

​សំឡេង​កញ្ញា មួង កញ្ញា​៖

​ក្រោយ​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ​ទេសចរណ៍ ក្នុង​ឆ្នាំ​២០០៣ កញ្ញា​មួង កញ្ញា បាន​ចាកចេញ​ពី​ឪពុកម្ដាយ ឯ​ខេត្ត​កំពង់ចាម មក​រស់នៅ​ឯករាជ្យ​ដោយ​ខ្លួនឯង នៅ​ទីក្រុង​ភ្នំពេញ​។

​អំឡុង​ពេល​បន្ត​ការសិក្សា និង​រស់នៅ​ម្នាក់ឯង​នៅ​ទីក្រុង កញ្ញា មួង កញ្ញា ថា​បាន​ជំនះ​ការលំបាក​ជាច្រើន ព្រមទាំង​បាន​ធ្វើការ​រក​ប្រាក់​ផ្គត់ផ្គង់​ការសិក្សា​ដោយ​ខ្លួនឯង​ទៀតផង​...

​សំឡេង​កញ្ញា មួង កញ្ញា​៖

​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ក្នុង​ឆ្នាំ​២០០៧ កញ្ញា មួង កញ្ញា រៀបរាប់ថា កញ្ញា​នៅតែ​មិន​បោះបង់​បំណង​ទៅ​សិក្សា​នៅ​ក្រៅប្រទេស និង​តែងតែ​ស្វែងរក​ព័ត៌មាន​អាហារូបករណ៍ ប៉ុន្តែ​ការប៉ុនប៉ង​មិន​បាន​សម្រច​ច្រើនលើក ដោយសារ​តែ​កង្វះខាត​ជំនាញ​ភាសា​អង់គ្លេស​។​

​ទោះយ៉ាងណា កញ្ញា​នៅតែ​បន្ត​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍ និង​ធ្វើ​ការងារ​ជា​អ្នកបកប្រែ​ភាសា​អង់គ្លេស ដែល​ការងារ​នេះ​បាន​ជួយ​ឲ្យ​ភាសា​អង់គ្លេស​របស់​កញ្ញា រីកចម្រើន​ឡើង​។ នៅ​ទីបំផុត​ក្នុង​ឆ្នាំ​២០១២ កញ្ញា​បាន​ជាប់​អាហារូបករណ៍ ថ្នាក់អនុបណ្ឌិត​ទៅ​សិក្សា​នៅ​ប្រទេ​ហ្វីលីពីន​រយៈពេល​២ ឆ្នាំ ផ្នែក​អភិវឌ្ឍ​សហគមន៍​។ រហូតដល់​ឆ្នាំ​២០១៦ កញ្ញា មួង កញ្ញា បានសម្រេច​ក្ដី​ស្រ​ម៉ៃ​ដែល​ចង់​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក ដោយ​កញ្ញា​បាន​ជាប់​អាហារូបករណ៍​សិក្សា​ជំនាញ​ភាពជា​អ្នកដឹកនាំ នៅ​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​...

​សំឡេង​កញ្ញា មួង កញ្ញា​៖

​ក្រោយ​ទទួលបាន​ភាពជោគជ័យ ដោយ​ទទួលបាន​ទាំង​ការងារ និង​អាហារូបករណ៍​សិក្សា​ជា​បន្តបន្ទាប់ កញ្ញា​មួង កញ្ញា ថា ការជោគជ័យ​ទាំងនោះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ពោល​គឺ​បាន​កើតឡើង​ដោយ​ការតស៊ូ មិន​បោះបង់​ចោល​គោលបំណង​ដោយ​ងាយៗ​។ កញ្ញា​ក៏​បាន​រម្លឹក ផងដែរ ពី​អតីតកាល​ជូរចត់​ឆ្លងកាត់​ទាំង​ការលំបាក និង​ការ​មើលងាយ​មុន​បាន​សម្រេច​គោលដៅ​...

​សំឡេង​កញ្ញា មួង កញ្ញា​៖

​កញ្ញា មួង កញ្ញា ទើប​បាន​ត្រលប់​ពី​សហរដ្ឋអាមេរិក មកដល់​កម្ពុជា​វិញ​កាលពី​ខែ​មិថុនា កន្លងទៅ​។ រយៈពេល​ដ៏​ខ្លី​នេះ​កញ្ញា រួម​នឹង​មិត្តភក្ដិ​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះថា​«​មាន​ភាពក្លាហាន និង​ក្ដី​សុបិន្ត​»​។ តាមរយៈ​គម្រោង​នេះ​កញ្ញា បាន​រៀបចំ​សិក្ខាសាលា​ចែករំលែក បទពិសោធន៍​ជំរុញ​ទឹកចិត្ត ដល់​សិស្ស​ស្រី​ដែល​រស់នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល និង​មាន​ជីវភាព​ខ្វះខាត​ឲ្យ​ហ៊ាន​ពុះពារ​ដើម្បី​ការសិក្សា​...

​សំឡេង​កញ្ញា មួង កញ្ញា​៖

​ជា​ក្មេងស្រី​ក្រលំបាក​ម្នាក់ មានតែ​ការ​តាំងចិត្ត និង​តស៊ូ​ជាប់​ខ្លួន កញ្ញា​មួង កញ្ញា បានបង្ហាញ​សុទិដ្ឋិនិយម​ថា គ្រប់​ក្មេងស្រី​ទាំងអស់ តាម​ពិត​មិនមែន​ទន់ខ្សោយ ទន់ជ្រាយ ដូច​ការ​វាយតម្លៃ​ពី​សង្គម​នោះទេ នៅពេល​ទទួលបាន​ការ​អប់រំ​ខ្ពស់ ពួកគេ​នឹង​ក្លាយជា​មនុស្ស​រឹងមាំ មិន​ត្រឹម​អាច​ជួយ​ខ្លួនឯង ថែម​ទាំង​អាច​ជួយ​អភិវឌ្ឍ​សហគមន៍ និង​សង្គមជាតិ​បាន​ទៀត​ផង​...

សំឡេង​កញ្ញា មួង កញ្ញា​៖

​កញ្ញា មួង កញ្ញា មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ប​ច្ចុន្ន​មាន​វ័យ​៣២​ឆ្នាំ ជា​កូនពៅ ក្នុង​គ្រួសា​រក​សិរ ដែល​មាន​បងប្អូន​បង្កើត​៤​នាក់​។ បន្ថែម​ពី​លើ​គម្រោង​«​មាន​ភាពក្លាហាន និង​ក្ដី​សុបិន្ត​» ដែល​មាន​គោលបំណង​ជួយ​ជា​កម្លាំងចិត្ត​ដល់ ក្មេង​ស្រី​នៅ​តាម​ទីជនបទ ឲ្យមាន​មហិច្ឆតា និង​ក្លាហាន​សម្រេច​ក្ដី​ស្រ​ម៉ៃ​នោះ កញ្ញា មួង កញ្ញា កំពុង​សរសេរ​គម្រោង​មួយ​ថ្មី​ទៀត ដែល​ជា​គ្រោង​សម្រាប់​ប្រឹក្សា​យោបល់​ដល់​សិស្ស​ក្រីក្រ មកពី​បណ្ដា​ខេត្ត ដែល​ចង់​មក​បន្ត​ការសិក្សា​នៅ​ទីក្រុង​។ កញ្ញា​បញ្ជាក់ថា គ្រោង​ថ្មី​នេះ​កញ្ញា​នឹង​ជួយ​ផ្តល់​យោបល់ ណែនាំ​ដល់​សិស្ស​ដែល​មិន​មាន​គោលដៅ ឬ មិនដឹងថា​ត្រូវ​សិក្សា​ជំនាញ​ណាមួយ បន្ទាប់​ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ ព្រមទាំង​ផ្តល់​ប្រឹក្សា​បញ្ហា​រស់នៅ​ផ្សេងៗ​ទៀត ដល់​សិស្ស​មកពី​ជនបទ​ផង​ដែរ​។​

ព័ត៌មានផ្សេងទៀត